អ្នកទោសថ្មីនៅមន្ទីរ ស-២១ ត្រូវបានដឹកមកដោយរុំមុខ និងស្ថិតក្រោមកិច្ចការពារដោយអាវុធ ជារឿយៗតែងតែត្រូវបានដឹកតាម​រថយន្តធំៗធ្វើដំណើរមកជាច្រើនម៉ោង ពេលខ្លះមកម្តងជាង១០នាក់ក៏មាន។ អ្នកទោសត្រូវបានគេដាក់ខ្នោះជើង, បង្ខំឲ្យដេកលើឥដ្ឋប្រជ្រៀតគ្នាណែន ក្នុងបន្ទប់តូច និងបង្អត់បាយ​។ អ្នកទោសត្រូវដាក់ឲ្យស្ថិតនៅក្រោមការយាមកាមដោយអាវុធគ្រប់ពេលវេលា ហើយអង្គការវិន័យត្រូវបង្ខំឲ្យគោរពជាដាច់ខាត។ អ្នកទោសមិនត្រូវអនុញ្ញាតឲ្យនិយាយរកគ្នា, ហាត់ប្រាណឬលប់លាងខ្លួនប្រាណទេ ហើយអ្នកទោសបានទទួលរងទារុណកម្មដើម្បីបង្ខំទាញយកចម្លើយសារភាព។

វិធីធ្វើទារុណកម្មរួមមាន៖ ការវាយដំនឹងព្រនង់, ខ្សែភ្លើង, វាយនឹង​រំពាត់, ខ្សែតី, ឆក់ខ្សែភ្លើង, ដុតនឹងអំពូលភ្លើងអគ្គិសនី, ចាក់ឬដកក្រចកដៃ ក្រចកជើង, ជ្រមុជក្បាលក្នុងធុងទឹក, បញ្ច្រកក្បាលនឹងថង់ផ្លាស់ស្ទីក ចងព្យួរជើងឡើងលើ និងបង្ខំឲ្យស៊ីលាមក និងផឹកទឹកនោម។

កាំង ហ្គេចអ៊ាវ ហៅឌុច ជាប្រធានមន្ទីរនេះ និងបានស្លាប់កាលពីឆ្នាំ២០២០ បន្ទាប់ពីត្រូវបានតុលាការកាត់ទោសមេដឹកនាំខ្មែរក្រហម សម្រេចផ្តន្ទាទោសដាក់ពន្ធធនាគារអស់មួយជីវិត។

អ្នកជាប់ឃុំនៅ មន្ទីរ ស-២១ ភាគច្រើនត្រូវបាននំាទៅសម្លាប់នៅជើងឯក (បច្ចុប្បន្នជាមជ្ឈមណ្ឌលប្រល័យពូជសាសន៍​ជើងឯក ជារមណីយដ្ឋានទេសចរណ៍បែបប្រវត្តិសាស្ត្រ) ដែលស្ថិតនៅ ភូមិរលួស សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ ចម្ងាយប្រមាណ១៤គីឡូម៉ែត្រភាគខាងត្បូង រាជធានីភ្នំពេញ។ ពេលរបប​ខ្មែរក្រហមដួលរលំ នៅដើមឆ្នាំ១៩៧៩ អ្នកទោសនៅជើងឯកភាគច្រើនត្រូវបានដឹកចេញតាមឡានធំៗដើម្បីយកទៅសម្លាប់​ចំណែកអ្នកទោសដែលមានឋានៈខ្ពស់ៗត្រូវបានសម្លាប់នៅនឹងកន្លែង ហើយមានអ្នកទោសតិចតួចណាស់ដែលមានជីវិត។

នៅ​ពេលយប់ អ្នកជាប់ឃុំត្រូវបានដឹកពីមន្ទីរ-ស២១ ទៅបឹងជើងឯកដោយរំភ្នែកតាមរថយន្តធំៗមានអ្នកទោសចំនួនពី៣០ ទៅ៤០នាក់ ត្រូវបានដឹកម្តងៗ។ នៅទីនោះអ្នកទោសត្រូវបានសម្លាប់ដោយមធ្យោបាយផ្សេងៗ រួមទាំងការវាយនឹងដំបងរហូតដល់ស្លាប់។ នៅបឹងជើងឯក អ្នកទោសបានស្លាប់ក្នុងពេលធ្វើទារុណកម្ម, គ្មានអាហារបរិភោគ, ជំងឺ និងលក្ខខណ្ឌរស់នៅអមនុស្សធម៌ ព្រមទាំងអ្នកទោសខ្លះបានធ្វើអត្តឃាត។

មុន​​ពេលរបប​ខ្មែរក្រហមដួលរលំ នៅដើមឆ្នាំ១៩៧៩ អ្នកទោសនៅជើងឯកភាគច្រើនត្រូវបានដឹកចេញតាមឡានធំៗដើម្បីយកទៅសម្លាប់​នៅ​កន្លែង​ផ្សេង​ ​ចំណែកអ្នកទោសដែលមានឋានៈខ្ពស់ៗត្រូវបានសម្លាប់នៅនឹងកន្លែង ហើយមានអ្នកទោសតិចតួចណាស់ដែលមានជីវិត៕