លោក ត្រាំ បញ្ចុះពន្ធលើហ្វីលីពីន១ភាគរយ ដោយបន្ថយពី២០ ទៅ១៩ភាគរយ

ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ នៅថ្ងៃទី២២ ខែកក្កដា បានប្រកាសបញ្ចុះពន្ធគយបដិការលើហ្វីលីពីន ត្រឹមតែ ១ភាគរយប៉ុណ្ណោះ ដោយបន្ថយពី២០ភាគរយ ទៅ១៩ភាគរយ។ បើតាមលោក ត្រាំ ទីក្រុងម៉ានីល នឹងយកពន្ធទៅលើក្រុងវ៉ាស៊ីនតោន ត្រឹមតែ 0ភាគរយប៉ុណ្ណោះ។

បន្ទាប់ពីជំនួបលើកដំបូងជាមួយលោក Ferdinand Marcos Jr. ប្រធានាធិបតីហ្វីលីពីន នៅសេតវិមាន ក្នុងថ្ងៃទី២២ ខែកក្កដា លោក ដូណាល់ ត្រាំ ប្រធានាធិបតីអាម៉េរិក បានប្រកាសបញ្ចុះពន្ធគយបដិការលើហ្វីលីពីនត្រឹមតែ ១ភាគរយប៉ុណ្ណោះ ហើយបានអះអាងថា ទំនិញអាម៉េរិក ដែលនាំចូលហ្វីលីពីន នឹងរងពន្ធគយ ០ភាគរយ។

«វាជាដំណើរទស្សនកិច្ចដ៏ល្អមួយ ហើយយើងបានឯកភាពលើកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយគ្នា ដោយហ្វីលីពីន នឹងបើកទីផ្សារសម្រាប់អាម៉េរិក និងដាក់ពន្ធគយ 0ភាគរយ។ ហ្វីលីពីន នឹងបង់ពន្ធគយសម្រាប់អាម៉េរិក ១៩ភាគរយ»។ លោក ត្រាំ បានសរសេរបែបនេះ នៅលើបណ្តាញសង្គម Truth Social ក្នុងថ្ងៃទី២២ ខែកក្កដា។ ​

ក្នុងជំនួបជាមួយមេដឹកនាំហ្វីលីពីន ដែលជាមេដឹកនាំអាស៊ានដំបូងគេជាន់ការិយាល័យ Oval ចាប់តាំងពីឡើងកាន់អំណាចរបស់ប្រធានាធិបតីអាម៉េរិកថ្មី លោក ត្រាំ បានសរសើរលោក Marcos ថា ជាអ្នកចរចាដ៏ហ្មត់ចត់ និងដ៏ល្អ។ កិច្ចព្រមព្រៀងពាណិជ្ជកម្មរវាងអាម៉េរិក និងហ្វីលីពីននេះ ធ្វើឡើងតែប៉ុន្មានប៉ុណ្ណោះ មុនពេលអាម៉េរិកចាប់ផ្តើមយកពន្ធគយបដិការលើប្រទេសទាំងអស់ នៅថ្ងៃទី១ ខែសីហា។

ហ្វីលីពីន​ ជាសម្ព័ន្ធមិត្តយោធាដ៏សំខាន់មួយរបស់អាម៉េរិក ហើយអាម៉េរិក ក៏មានមូលដ្ឋានយោធានៅក្នុងប្រទេសអាស៊ីអាគ្នេយ៍មួយនេះថែមទៀត។ មិនតែប៉ុណ្ណោះ ភាគីទាំងពីរ មានកិច្ចព្រមព្រៀងជួយគ្នាទៅវិញទៅមក ក្នុងករណីភាគីណាមួយរងការវាយប្រហារ។

ថ្លែងទៅកាន់អ្នកសារព័ត៌មានក្រោយជំនួបនៅសេតវិមាន លោក Marcos បានលើកឡើងថា អាម៉េរិកជាសម្ព័ន្ធមិត្តដ៏ខ្លាំង, ជិតស្និទ្ធ និងទុកចិត្តបាន។ ប៉ុន្តែមេដឹកនាំរូបនេះ មិនបានបញ្ជាក់ពន្ធបញ្ហាពន្ធគយឡើយ។

ហ្វីលីពីន នៅក្នុងពេលបច្ចុប្បន្ន កំពុងមានភាពតានតឹងជាមួយចិន នៅក្នុងតំបន់សមុទ្រចិនខាងត្បូង ពាក់ព័ន្ធនឹងការទាមទារទឹកដី។

នៅក្នុងឆ្នាំ២០២៤ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងក្រុងម៉ានីល និងក្រុងវ៉ាស៊ីនតោន មានចំនួន ២៣,៥ពាន់លានដុល្លារ ដោយអាម៉េរិកមានអតុល្យភាពពាណិជ្ជកម្មជាមួយហ្វីលីពីន ទំហំជិត ៥ពាន់លានដុល្លារ។

ក្នុងថ្ងៃទី២២ ខែកក្កដា ដដែល សេតវិមានអាម៉េរិក បានចេញសេចក្តីថ្លែងការណ៍មួយទៀត ដោយបញ្ជាក់ពីការឯកភាពរបស់ឥណ្ឌូណេស៊ី លុបចោលពន្ធគយលើទំនិញអាម៉េរិកច្រើនជាង ៩៩ភាគរយ ហើយរបាំងមិនមែនពន្ធគយលើក្រុមហ៊ុនអាម៉េរិក។ ចំណែកអាម៉េរិក នឹងដាក់ពន្ធលើប្រទេសមួយនេះ ១៩ភាគរយ ដោយបន្ថយពី៣២ភាគរយ។

ក្នុងបណ្តាប្រទេសអាស៊ីអាគ្នេយ៍ ឡាវ និងមីយ៉ាន់ម៉ា បានរងពន្ធគយខ្ពស់ជាងគេ ដោយមានចំនួន ៤០ភាគរយ, កម្ពុជា និងថៃ ចំនួន ៣៦ភាគរយ, ព្រុយណេ និងម៉ាឡេស៊ីចំនួន ២៥ភាគរយ, វៀតណាមចំនួន ២០ភាគរយ។ ចំណែកសិង្ហបុរី ត្រូវបានអាម៉េរិកប្រកាសដាក់ពន្ធមូលដ្ឋានចំនួន ១០ភាគរយ តាំងពីខែមេសាមក៕

ព័ត៌មានទាក់ទង