ក្រសួងអប់រំ កំពុងស៊ើបអង្កេតករណីគ្រូបង្រៀនផ្ញើសារឱ្យសិស្សស្រីផ្ញើរូបអាសអាភាស

ភ្នំពេញ៖ ​​ ក្រសួងអប់រំ យុវជន និងកីឡា កំពុងស៊ើបសួរ លើករណី គ្រូបង្រៀន ផ្ញើសារលួង​លោម​ឱ្យ​សិស្សស្រី​ផ្ញើរូប​អាសអាភាស ជាថ្នូរការទទួលបានពិន្ទុខ្ពស់ និងនិទ្ទេសល្អ។ អ្នកស្រី ឃួន វិច្ឆិកា អ្នកនាំពាក្យក្រសួងអប់រំ បញ្ជាក់ប្រាប់សារព័ត៌មានឌីជីថលថ្មីៗដូច្នេះ នៅរសៀលថ្ងៃ​ទី​២៣ ខែកក្កដា។

«គណៈគ្រប់គ្រងបានអញ្ជើញលោកគ្រូ មកដើម្បីស៊ើបសួរហើយ ពេលនេះកំពុងស្ថិតក្នុង ការប្រជុំពិនិត្យ និងធ្វើចំណាត់ការបន្ត»។ នេះជាសំណេរខ្លីរបស់ អ្នកស្រី ឃួន វិច្ឆិកា ផ្ញើមកកាន់សារព័ត៌មានថ្មីៗ តាមតេឡេក្រាម។

ចំណាត់ការករណីនេះ គឺបន្ទាប់ពីមានអ្នកប្រើប្រាស់បណ្ដាញសង្គម បាននាំគ្នាចែកចាយ​សារ​​​ឆ្លើយ​ឆ្លងរវាងគ្រូ និងសិស្សសាលាមួយស្ថិត ក្នុងភូមិព្រែកដូង ឃុំកំពង់ស្វាយ ស្រុក កៀន​​ស្វាយ ខេត្តកណ្ដាល។ ក្នុងសារសន្ទនា ដែលបានបែកធ្លាយនោះ ​គ្រូបង្រៀន បាន​ផ្ញើសារលួងលោមផង និងពេលខ្លះជាសារកម្លាផង ដើម្បី​ឱ្យសិស្សថតរូបអាក្រាត ផ្ញើ​ឱ្យខ្លួនជាថ្នូរនឹងពិន្ទុ និងនិទ្ទេសល្អ។ ក្រៅពីខ្លឹមសារសន្ទនា ក៏មានការបង្ហោះពីសិស្សខ្លះ​ទៀត ដែលបានរងគ្រោះដោយសារតែគ្រូបង្រៀនរូបនោះ បានប្រើហិង្សា​ផ្លូវកាយ និង​ផ្លូវចិត្ត ព្រោះតែមិនចូលរៀនក្រៅម៉ោង(រៀនគួរ)​ជាមួយខ្លួនទៀត​ដែរ។

ទោះយ៉ាងណា ក្រោយសារសន្ទនានោះបែកធ្លាយ គ្រូបង្រៀនរូបនោះ ​បានបង្ហោះសារលើ​គណនី​ហ្វេសប៊ុក​ឈ្មោះ បង វី ដោយសូមការអភ័យទោស ពីគណៈគ្រប់គ្រងសាលា និង​សាធារណជន និងបានអះអាងថា សារសន្ទនារវាងខ្លួន និងសិស្សស្រី ជាការលេងសើច​ផ្ទាល់ខ្លួន មិនពាក់ព័ន្ធជាមួយអាជីពជាគ្រូឡើយ។

គ្រូបង្រៀនរូបនេះ ថែមទាំងថ្លែងការពារទៀតថា ​មិនបានប៉ះពាល់ ឬបៀតបៀនកេរ្តិ៍ខ្មាស និង​​គំរាមកំហែងសិស្សឡើយ ប៉ុន្តែជាការពន្យល់ផ្ដល់ដំបូន្មាន ជំរុញឱ្យសិស្សប្រឹងប្រែង​រៀន​សូត្រ និងធ្វើជាសិស្សល្អ។

​ជុំវិញករណីនេះ សាធារណជន នឹងរង់ចាំស្តាប់ការពន្យល់លម្អិតពីក្រសួងអប់រំ និងចំណាត់ការបន្តលើគ្រូបង្រៀនរូបនោះ៕

ព័ត៌មានទាក់ទង