ស្ដ្រីម្នាក់រៀបរាប់ពីទុក្ខលំបាក នៃការរត់ភៀសសឹក ដោយសារកូនប្រុសពិការ និងម្ដាយលើសឈាម នៅមណ្ឌលសុវត្ថិភាពវត្តបន្ទាយស្រី ស្រុកសូត្រនិគម

(សៀមរាប)៖ មានកូនប្រុសពិការតាំងពីកំណើត និងម្ដាយមានជំងឺលើសឈាមធ្ងន់ធ្ងរ ស្ដ្រីម្នាក់រៀបរាប់អំពីទុក្ខលំបាកនៃការរត់ភៀសសឹក មកពីស្រុកជាំក្សាន្ដ ខេត្តព្រះវិហារ មកដល់មណ្ឌលសុវត្ថិភាពវត្តបន្ទាយស្រី ស្ថិតក្នុងស្រុកសូត្រនិគម ខេត្តសៀមរាប។

តាមការបញ្ជាក់មកកាន់ភ្នាក់ងារសារព័ត៌មាន ស្ដ្រីខាងលើបានរៀបរាប់ថា មុនរត់ភៀសសឹករូបគាត់រស់នៅភូមិស្រអែមជើង ឃុំកន្ទួត ស្រុកជាំក្សាន្ដ ហើយទម្រាំរត់ភៀសខ្លួនមកដល់មណ្ឌលសុវត្ថិភាពវត្តបន្ទាយស្រីនេះ គឺប្រើប្រាស់ពេល២ថ្ងៃ ដោយតាមរយៈការសុំគេជិះជាមួយ និងត្រូវដេកតាមផ្លូវ។

ស្ដ្រីវ័យកណ្ដាលដែលមានកូន២នាក់ក្នុងបន្ទុក (ម្នាក់ពិការពីកំណើត) និងម្ដាយមានជំងឺលើសឈាម នៅពេលផ្ទុះអាវុធតាមព្រំដែនកម្ពុជា-ថៃ ខ្លួនរត់គេចដោយយកមកជាមួយតែកូនម្នាក់ប៉ុណ្ណោះ ដោយឡែកកូនដែលពិការបងប្អូនជួយដឹកតាមម៉ូតូមកពេលក្រោយ។ បច្ចុប្បន្ននេះស្ថានភាពកំពុងជួបការលំបាកជាខ្លាំង ដោយមិនមានចំណូលផ្គត់ផ្គង់គ្រួសារ ហើយម្យ៉ាងត្រូវនៅមើលថែកូនពិបាក និងម្ដាយឈឺថែមទៀត៕

 

 

ព័ត៌មានទាក់ទង