Top Mobile Banner

ឧកញ៉ា ប៉ិច បូឡែន ជួយយុវតីភៀសសឹក Nelly ឲ្យបានសិក្សាឡើងវិញ ជាមួយក្តីរំពឹងថា នាងនឹងក្លាយជាគ្រូបង្រៀនដូចបំណង

(ភ្នំពេញ)៖ ឧកញ៉ា ប៉ិច បូឡែន បានសម្រេចជួយយុវតីភៀសសឹកដ៏ល្បីមួយរូប ឈ្មោះថា Nelly នៅខេត្តឧត្តរមានជ័យ ឲ្យបានសិក្សាឡើងវិញ ក្រោយនាងបោះបង់ការសិក្សា ២ឆ្នាំ។ លោកឧកញ៉ា មានបំណងជួយយុវតីអាយុ ១៦ឆ្នាំរូបនេះ ឲ្យក្លាយជាគ្រូបង្រៀនដូចបំណង។

យុវតី Nelly គឺជាជនភៀសសឹកមួយរូបនៅអូរស្មាច់ ដោយសារសង្គ្រាមឈ្លានពានថៃលើកម្ពុជា កាលពីថ្ងៃទី២៤ ដល់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥។ នាងទទួលបានភាពល្បីល្បាញ តាមរយៈការនិយាយភាសាបរទេស ជាពិសេសភាសាអង់គ្លេសបានយ៉ាងល្អ ក្នុងវិដេអូរបស់អ្នកបង្កើតមាតិកាមួយឈ្មោះ China Mac TV ខណៈនាងក៏អះអាងថា អាចនិយាយបានភាសាឥណ្ឌូនេស៉ី និងចិនបានទៀតផង។

នៅក្នុងវិដេអូនោះ Nelly បានបញ្ជាក់ថា នាងធ្លាប់រៀនអង់គ្លេស និងរៀនចំណេះដឹងទូទៅ ប៉ុន្តែនាងបានឈប់រៀន ២ឆ្នាំហើយ បន្ទាប់ពីឪពុករបស់នាងបានស្លាប់ដោយសារជំងឺ ព្រោះនាងត្រូវជួយរកប្រាក់ផ្គង់ផ្គង់គ្រួសារ និងជួយម្តាយមេម៉ាយ ដែលមានកូន ១០នាក់។ នាងបានប្រាប់ថា ក្តីសុបិន្តដ៏ធំ គឺជាគ្រូបង្រៀន ប៉ុន្តែប្រហែលសម្រេចមិនបានទេ ព្រោះនាងបានឈប់រៀន ២ឆ្នាំហើយ ប៉ុន្តែអ្នកបង្កើតមាតិកាបានជំរុញនាងកុំបោះបង់ក្តីសង្ឃឹមឡើយ។

វិដេអូរបស់ China Mac TV ដែលសម្ភាស Nelly ទទួលបានការទស្សនា ៧.៧លានដង នៅលើ TikTok ។ វិដេអូដ៏ល្បីនេះ បានធ្វើឲ្យមហាជនចាប់អារម្មណ៍ជាខ្លាំង និងស្នើដល់អ្នកមានលទ្ធភាពជួយសម្រេចក្តីសុបិន្តនាងផង។

ឧកញ៉ា ប៉ិច បូឡែន គឺជាសប្បុរសជនមួយរូប ដែលអាចនឹងសម្រេចក្តីសុបិន្តរបស់ Nelly ។ ជាក់ស្តែង នៅថ្ងៃ​ទី​០៧​ ខែ​សីហា​ ឆ្នាំ​២០២៥​ យុវតីភៀសសឹក Nelly ត្រូវបានអនុញ្ញាតឲ្យជួបឧកញ៉ា​បណ្ឌិត​  បុិច​ បូឡែន​ ក្នុងនាមជាអគ្គនាយកក្រុមហ៊ុនវេសឡាញ អេឌ្យូខេសិន គ្រុប ដោយមានការសម្របសម្រួលរបស់លោកស្រី ញ៉ែម មរកត រដ្ឋលេខាធិការក្រសួងកិច្ចការនារី និងរួមដំណើរដោយ លោកស្រី​ ប៉ុក ណាន់ដា ប្រធានសហព័ន្ធស្ត្រីអ្នកជំនួញកម្ពុជា តាម​សំណូមពរ​របស់មហាជនឲ្យជួយ​គាត់​មានអនាគតល្អ។

ឧកញ៉ា ប៉ិច បូឡែន បានប្រាប់បណ្តាញ Fresh News ថា «គាត់បានបញ្ចប់ថ្នាក់ទី៨ ឥលូវយើងកំពុងពិនិត្យមើលថា គាត់អាចរៀនថ្នាក់ទី៩ បានឬអត់។ លុះចប់ថ្នាក់ទី៩ អាចរៀនបន្តដល់មហាវិទ្យាល័យទៀត។ ចំពោះភាសាអង់គ្លេស យើងជួយគាត់បន្ថែមកាន់តែច្បាស់ និងផ្តល់ការងារជាគ្រូបង្រៀនដល់គាត់ផងដែរ។ ចំពោះម្តាយគាត់ និងបងប្រុសម្នាក់របស់គាត់ ក៏នឹងត្រូវផ្តល់ការងារឲ្យធ្វើ»

បើតាមឧកញ៉ា ប៉ិច បូឡែន លោកមិនត្រឹមតែចង់ឃើញ Nelly ក្លាយជាគ្រូបង្រៀនទេ តែចង់ឃើញនាងក្លាយជាធនធានដ៏ល្អ ដែលអាចជួយបង្កើតការងារដល់នារីដទៃទៀត នៅក្នុងស្រុកកំណើតរបស់នាង។ បើអាចទៅរួច ឧកញ៉ា ប៉ិច បូឡែន នឹងផ្តល់តួនាទីការងារដ៏សំខាន់ដល់ Nelly ព្រោះបណ្តាញ ក្រុមហ៊ុនវេសឡាញ អេឌ្យូខេសិន គ្រុប ក៏មានច្រើននៅតាមខេត្ត។

«សង្ឃឹមថា ថ្ងៃខាងមុខ​គាត់អាចទៅខេត្តឧត្តរមានជ័យវិញ​ ហើយរំពឹងថា គាត់ដើរផ្លូវជាគ្រូបង្រៀន។ ពេលនោះ​ ក៏សង្ឃឹមថា គាត់អាចនឹងក្លាយជាធនធានមួយរូប ដែលអាចជួយការងារ ជួយស្រុកឬខេត្តរបស់គាត់ និងអាចជួយបង្កើតការងារដល់ក្មេងស្រីដទៃទៀត»។ នេះបើតាមឧកញ៉ា ប៉ិច បូឡែន។

គួរបញ្ជាក់ដែរថា China Mac TV ក៏បានរៃអង្គាសថវិកាជួយ Nelly ផងដែរ បើគិតត្រឹមម៉ោង ១០៖៥០ព្រឹក ថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៥ ទទួលបានថវិកា ២៦ ៤៣៥ដុល្លារអាមេរិក ($26,435 USD )៕

ព័ត៌មានទាក់ទង