វីរកងទ័ពម្នាក់ ទើបជួបប្រពន្ធលើកទី១ ក្រោយផ្ទុះសង្គ្រាមកាលពីថ្ងៃទី២៤ ខែកក្កដា

(សៀមរាប)៖ លោកព្រិន្ទបាលឯក លី នីន បម្រើការងារនៅអង្គភាពផ្នែកសឹករងក្រុងសំរោង នៃតំបន់ប្រតិបត្តិការសឹករងឧត្តរមានជ័យ បានសំដែងនូវការត្រេកអរឥតឧបមា បន្ទាប់ពីរូបលោកបានជួបមុខប្រពន្ធ កូន និងចៅ ជាឬីស្រឡាញ់ ក្រោយផ្ទុះសង្គ្រាមដែលបង្កដោយកងទពថៃ កាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥កន្លងទៅ។

លោកស្រី គួន ឡាត អាយុ៥៤ឆ្នាំ ត្រូវជាភរិយាលោកព្រិន្ទបាល លី នីន រស់នៅភូមិសែនមនោរម្យពីរ ឃុំគោកខ្ពស់ ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ បានថ្លែងឱ្យដឹងថា សភាពការណ៍តានតឹងតាមបណ្តោយព្រំដែន កម្ពុជា-ថៃ បានធ្វើឱ្យលោកស្រីមានការព្រួយបារម្ភ និងបានរៀបចំទុកដាក់ឥវ៉ាន់ប្រមាណ១ខែមុន ដើម្បីត្រៀមរត់ភៀសខ្លួនពេលមានករណីផ្ទុះអាវុធ។

ប៉ុន្តែនៅថ្ងៃផ្ទុះអាវុធ ពោលនៅព្រឹកថ្ងៃទី២៤ ខែកក្កដា គ្រាប់ផ្លោងរបស់កងទ័ពថៃបានធ្លាក់មុខក្រោយៗ បានធ្វើឱ្យលោកស្រីមានការភ័យខ្លាចយ៉ាងខ្លាំង បានបង្ខំចិត្តភៀសខ្លួនដោយមិនបានយកធ្វីមកជាមួយ បានត្រឹមខោមួយចង្កេះ និងចៅតូចៗ ដោយសុំគោយន្តកន្ត្រៃគេជិះមកជាមួយ និងបានឈប់សម្រាកជាច្រើនកន្លែង ទើបមកដល់មណ្ឌលសុវត្តិភាពវត្តជ្រោយនាងងួន ស្រុកស្រីស្នំ ខេត្តសៀមរាបនេះ។

បន្ទាប់ពីបានស្នាក់នៅមណ្ឌលសុវត្តិភាពវត្តជ្រោយនាងងួននេះហើយ លោកស្រីបានទូរសព្ទទាក់ទងប្តី ចង់ដឹងពីសុខទុក្ខ ពេលលឺថាប្តីសុខសប្បាយ គាត់មានអារម្មណ៍ត្រេកអរណាស់ ចំណែកប្តីពេលដឹងថាប្រពន្ធ កូន និងចៅ បានភៀសខ្លួនមកដល់មណ្ឌលសុវត្តិភាព គាត់ក៏មានការត្រេកអរដែរ និងបានប្រែក្លាយទឹកចិត្តរបស់គាត់ឱ្យកាន់តែមានភាពអង់អាចក្លាហានថែមទៀត ក្នុងការប្រយុទ្ធនៅលើសមូរភូមិ។

លោកព្រិន្ទបាលឯក លី នីន បានថ្លែងបញ្ជាក់ទៀតថា ស្របពេលសភាពណ៍នៅតាមព្រំដែនមានសភាពស្ងប់ស្ងាត់ ក្រោយកិច្ចប្រជុំGBC លោកក៏បានសុំច្បាប់មេដើម្បីស្កាត់មកជួបប្រពន្ធ ដោយប្រពន្ធបានទូរស័ព្ទប្រាប់ថា គាត់ស្នាក់នៅមណ្ឌលសុវត្ថភាពនៅវត្តជ្រោយនាងងួន ទើបគាត់ស្កាត់រកសួរគេឯង ទីបំផុតក៏បានជួបគ្នា ហើយការជួបនេះជាលើកទី១ បន្ទាប់ពីការផ្ទុះអាវុធនៅថ្ងៃទី២៤។

លោកនិយាយថា ឃើញប្រពន្ធសុខសប្បាយបែបនេះ គាត់លែងបារម្ភទៀតហើយ គឺតាំងចិត្តតែមួយមុខគត់ការពារទឹកដីមិនឱ្យបាត់បង់ឡើយ៕

ព័ត៌មានទាក់ទង