(មីយ៉ាវ៉ាឌី)៖ រថយន្តដឹកទំនិញប្រមាណ ៥០០គ្រឿង ដែលផ្ទុកទៅដោយទំនិញថៃ កំពុងកកស្ទះនៅត្រើយខាងថៃ នៃស្ពានមិត្តភាពទី២ ដែលតភ្ជាប់ទីក្រុងមីយ៉ាវ៉ាឌី (Myawaddy) ក្នុងរដ្ឋការ៉ែន ជាមួយប្រទេសថៃ បន្ទាប់ពីរបបសឹកមីយ៉ាន់ម៉ាបានចេញបម្រាមលើការនាំចូលទំនិញ។ នេះបើយោងតាមការចេញផ្សាយ ដោយសារព័ត៌មាន Burma News International។
ចាប់តាំងពីថ្ងៃទី៥ ខែសីហាមក រថយន្តទាំងនោះបានជាប់គាំងនៅទីក្រុង Mae Sot។ ក្រុមអាជីវករបានឱ្យដឹងថា ការបិទច្រកនេះមានរយៈពេលជាងពីរសប្តាហ៍រួចហើយ ដោយជាប់ពាក់ព័ន្ធនឹងការចាប់ខ្លួនមន្ត្រីមីយ៉ាន់ម៉ាមួយចំនួន ហើយរបបសឹកក៏បានចេញបម្រាមលើទំនិញចំនួន ៣៥ប្រភេទផងដែរ។
ទោះជាយ៉ាងណា ការនាំចេញទំនិញកសិផលពីមីយ៉ាន់ម៉ាមកកាន់ថៃ នៅតែដំណើរការជាធម្មតា។ ផ្ទុយទៅវិញ អាជីវករបានបញ្ជាក់ថា ទំនិញថៃណាមួយដែលព្យាយាមចូលទៅក្នុងមីយ៉ាន់ម៉ា មិនថាតាមច្រកផ្លូវការ ឬច្រករបៀង កំពុងប្រឈមនឹងការរឹបអូសដោយរបបសឹក ដែលធ្វើឱ្យគ្មាននរណាហ៊ានដំណើរការដឹកជញ្ជូនទៀតឡើយ។
គួរបញ្ជាក់ថា ចំណាត់ការនេះកំពុងបង្កការខាតបង់យ៉ាងធ្ងន់ធ្ងរដល់ក្រុមអាជីវករ ដែលត្រូវចំណាយលើជួលឃ្លាំង និងប្រាក់ខែអ្នកបើកបរទាំងដែលគ្មានប្រតិបត្តិការ។ មិនត្រឹមតែប៉ុណ្ណោះ ទំនិញដែលបានឆ្លងទៅដល់មីយ៉ាន់ម៉ារួចហើយ ក៏កំពុងជាប់គាំងនៅទីនោះ ដោយមិនអាចដឹកជញ្ជូនបន្តចូលក្នុងប្រទេសបានឡើយ៕