ប្រទេសថៃបានប្រកាសកែនទ័ពសម្រាប់ឆ្នាំ២០២៦ ដោយក្នុងនោះការចុះឈ្មោះតាមអនឡាញនឹងចាប់ដំណើរការពីថ្ងៃទី១ខែកញ្ញាឆ្នាំ២០២៥ ដល់ថ្ងៃទី២៥ខែមករាឆ្នាំក្រោយ។ នេះបើតាមការផ្សាយរបស់ Khaosod។
សេចក្តីប្រកាសនេះធ្វើឡើងតាមរយៈផេកផ្លូវការរបស់ភូមិភាគ២នៅថ្ងៃព្រហស្បតិ៍ទី២១ខែសីហាឆ្នាំ២០២៥។ សម្រាប់លក្ខខណ្ឌនៃការចុះឈ្មោះ បេក្ខជនត្រូវមានលក្ខណៈសម្បត្តិដូចជា៖ អាយុចាប់ពី១៨-២០ឆ្នាំ ដោយមិនគិតកម្រិតវប្បធម៌។
អ្នកដែលស្ម័គ្រចិត្តនឹងអាចចូលបម្រើការងារក្នុងរយៈពេលខ្លីជាងមុន និងមានឱកាសទទួលបានការងាររដ្ឋបន្ទាប់ពីបញ្ចប់ការបម្រើកាតព្វកិច្ច។
គោលបំណងនៃការកែនទាហានតាមអនឡាញនេះ គឺដើម្បីធ្វើទំនើបកម្មប្រព័ន្ធកងទ័ព និងកាត់បន្ថយការពឹងផ្អែកលើការកែនទាហានតាមរយៈការចាប់ឆ្នោត ដែលជាប្រព័ន្ធមួយទទួលបានការរិះគន់ជាច្រើនឆ្នាំមកហើយ។
ក្រុមអ្នករិះគន់បានចាត់ទុកប្រព័ន្ធនេះថាមិនមានតម្លាភាព និងបង្ខំយុវជនឲ្យចូលបម្រើទាហានទាំងមិនស្ម័គ្រចិត្ត។
មិនត្រឹមប៉ុណ្ណឹង កងទ័ពថៃក៏ត្រូវគេរិះគន់លើបញ្ហាផ្សេងៗទៀតផងដែរ ដូចជាការបំពានសិទ្ធិមនុស្សនៅតំបន់ភាគខាងត្បូងដែលមានជម្លោះ ការគ្រប់គ្រងផ្ទៃក្នុង និងភាពអសកម្មរបស់យោធាក្នុងការដោះស្រាយបញ្ហាអសន្តិសុខនៅតាមតំបន់ព្រំដែន៕
ដកស្រង់ពីកម្ពុជាថ្មី