នៅរសៀលថ្ងៃចន្ទទី២៥ខែសីហាឆ្នាំ២០២៥ ឥទ្ធិពលរបស់ព្យុះសង្ឃរា Kajiki បានបង្កជាគ្រោះទឹកជំនន់ ជន់លិចឧទ្យានជាតិ Namtok Phliu នៅក្នុងខេត្ត Chanthaburi ដែលជាខេត្តព្រំដែនជាប់ខេត្តប៉ៃលិននិងបាត់ដំបង របស់កម្ពុជា។
តាមសេចក្តីរាយការណ៍របស់ Khaosod, ទឹកជំនន់ដ៏ធ្ងន់ធ្ងរនេះគឺបណ្តាលមកពីភ្លៀងធ្លាក់ខ្លាំងឥតឈប់ ខណៈអាជ្ញាធរព្រមានឲ្យពលរដ្ឋនៅជុំវិញតំបន់ឧទ្យាននេះ ត្រៀមខ្លួនជម្លៀសជានិច្ច បើស្ថានការណ៍កាន់តែអាក្រក់។
ជុំវិញការវាយប្រហារដោយព្យុះនេះផងដែរ អ្នកគ្រប់គ្រងសាលានៅទូទាំងប្រទេសថៃ ត្រូវបានផ្តល់សិទ្ធិអំណាចពេញលេញដើម្បីប្រកាសបិទជាបន្ទាន់ ប្រសិនបើតំបន់របស់ពួកគេប្រឈមនឹងស្ថានភាពអាសន្ន។
ការិយាល័យគណៈកម្មការអប់រំមូលដ្ឋាន (OBEC) បានចេញសេចក្តីណែនាំនេះ ដែលផ្តល់អាទិភាពដល់សុវត្ថិភាពសិស្សនិងគ្រូ នៅពេលព្យុះចូលមកដល់។
យោងតាមការចុះផ្សាយរបស់ Khaosod នាថ្ងៃទី២៥ខែសីហាឆ្នាំ២០២៥ ការព្រមាននេះផ្តោតជាពិសេសទៅលើខេត្តដែលមានហានិភ័យខ្ពស់ដែលរំពឹងថានឹងទទួលឥទ្ធិពលនៃព្យុះ រួមទាំងតំបន់នៅភាគឦសាន និងខាងជើង ដូចជា Bueng Kan, Nong Khai, Chiang Rai និង Chiang Mai។
OBEC បានជំរុញឲ្យសាលារៀនទាំងនេះត្រៀមលក្ខណៈសម្រាប់ទឹកជំនន់ភ្លាមៗ និងការរអិលបាក់ដីដោយវាយតម្លៃហានិភ័យនៃការធ្វើដំណើរ ត្រួតពិនិត្យសុវត្ថិភាពអគារ និងរៀបចំជម្រកសង្គ្រោះបន្ទាន់។
សូមជម្រាបជាថ្មី នាយកដ្ឋានឧតុនិយាយថៃ បានចេញការព្រមានឲ្យពលរដ្ឋទូទាំងប្រទេសមានការប្រុងប្រយ័ត្នខ្ពស់ ព្រោះតែភាពធ្ងន់ធ្ងរនៃព្យុះ Kajiki ខណៈគ្រួសារមួយចំនួន បានជម្លៀសទៅកាន់ទីទួលសុវត្ថិភាព រួចទៅហើយ។
ព្យុះនេះបានទៅដល់ប្រទេសថៃ កាលពីថ្ងៃអាទិត្យទី២៤ខែសីហាឆ្នាំ២០២៥ វាយប្រហារខេត្តចំនួន៥៨ ខណៈទីក្រុងបាងកក ក៏ត្រូវរងគ្រោះដែរ ដល់ថ្ងៃទី២៧ខែសីហា៕
ដកស្រង់ពីកម្ពុជាថ្មី