Top Mobile Banner

សម្ដេច ហ៊ុន ម៉ាណែត បា្រប់នាយករដ្ឋមន្ត្រីម៉ាឡេស៊ីថា កម្ពុជាប្ដេជ្ញាដោះស្រាយជម្លោះព្រំដែន ដោយសន្តិវិធី

ភ្នំពេញ៖ ក្នុងឱកាសទិវាបុណ្យជាតិលើកទៅ៦៨ របស់ប្រទេសម៉ាឡេស៊ី សម្ដេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានផ្ញើលិខិតអបអរសាទទៅកាន់លោក ដាតុ ស៊ី អាន់វ៉ា អ៊ីប្រាហ៊ីម នាយករដ្ឋមន្ត្រីម៉ាឡេស៊ី។ តាមរយៈលិខិតនេះ សម្ដេច សម្ដែងការប្ដេជ្ញា រក្សាភាពសុខដុមរមនាក្នុងតំបន់ និងបន្តដោះស្រាយបញ្ហាព្រំដែន ដោយសន្តិវិធី។

លិខិតចុះថ្ងៃទី២៦សីហា របស់សម្ដេច ហ៊ុន ម៉ាណែត បានសម្តែងនូវការអបអរសាទរជាមួយ រដ្ឋាភិបាលនិងប្រជាជនម៉ាឡេស៊ី ក្នុងទិវាបុណ្យជាតិលើកទី៦៨ ហើយចាត់ទុកម៉ាឡេស៊ី ជាសង្គមមួយដែលមានវប្បធម៌ចម្រុះ និងការរីកចម្រើនដ៏ល្អប្រសើរ។ សម្ដេច ហ៊ុន ម៉ាណែត ឃើញម៉ាឡេស៊ី គឺជាប្រទេសគំរូ ក្នុងការបង្រួបបង្រួមជាតិ និងមានភាពសុខដុមរមនា ក្នុងតំបន់។ លើសពីនេះ ម៉ាឡេស៊ី កំពុងដើរតួនាទីយ៉ាងសំខាន់ទាំងក្នុងតំបន់ និងលើវេទិកាអន្តរជាតិ។

ជាមួយគ្នាដែរ សម្ដេច ហ៊ុន ម៉ាណែត បានសម្តែងនូវអំណរអរគុណចំពោះការគាំទ្រ និងការចូលរួមយ៉ាងបុរេសកម្ម ជាបន្តបន្ទាប់ របស់ម៉ាឡេស៊ីក្នុងការជួយដោះស្រាយបញ្ហាជម្លោះព្រំដែនកម្ពុជា-ថៃ ក្នុងឋានៈជាប្រធានអាស៊ានប្តូរវេន ឆ្នាំ២០២៥។ សម្ដេច បង្ហាញឆន្ទៈប្រាប់ទៅលោក ដាតុ ស៊ី អាន់វ៉ា អ៊ីប្រាហ៊ីម យ៉ាងដូច្នេះ៖ «កម្ពុជានៅតែប្តេជ្ញាចិត្តយ៉ាងមោះមុត ចំពោះសន្តិសហវិជ្ជមាន និងភាពសុខដុmរមនាក្នុងតំបន់និងបន្តសម្រេចឱ្យបាននូវដំណោះស្រាយសម្រាប់បញ្ហាជម្លោះព្រំដែនទាំងអស់ជាមួយប្រទេសជិតខាង តាមរយៈមធ្យោបាយសន្តិភាព និងការគោរពច្បាប់អន្តរជាតិយ៉ាងពេញលេញ»។

កម្ពុជានិងម៉ាឡេស៊ី មានកិច្ចសហប្រតិបត្តិការល្អ និងជិតស្និទ្ធិជាមួយគ្នាអស់ជាច្រើនទស្សវត្ស ហើយនឹងបន្តរីកចម្រើនកាន់តែរឹងមាំ និងនាំមកនូវប្រយោជន៍ដ៏ធំសម្បើមសម្រាប់ប្រជាជនប្រទេសទាំងពីរថែមទាំងរួមចំណែកដល់ការរីកចម្រើន ក្នុងការកសាងសហគមន៍អាស៊ាន។ នេះជាការវាយតម្លៃខ្ពស់របស់សម្ដេច ហ៊ុន ម៉ាណែត ជុំវិញទំនាក់ទំនង កម្ពុជា-ម៉ាឡេស៊ី៕

ព័ត៌មានទាក់ទង