រដ្ឋមន្រ្តីសុខាភិបាល ជំរុញឱ្យមូលដ្ឋានសុខាភិបាលគ្រប់កម្រិតបង្កើនការស្រាវជ្រាវ ដើម្បីពង្រឹងគុណភាពអង្គភាព
ភ្នំពេញ៖ លោក ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានជំរុញឱ្យមូលដ្ឋានសុខាភិបាលគ្រប់កម្រិត មានការស្រាវជ្រាវ ដើម្បីពិនិត្យឆ្លុះបញ្ចាំង ស្វែងរករបកគំហើញ សំដៅពង្រឹងគុណភាពក្នុងអង្គភាពខ្លួនកាន់តែប្រសើរឡើង។ ការជំរុញនេះ ធ្វើឡើងក្នុងពិធីបើកសន្និសីទថ្នាក់ជាតិលើកទី១ស្តីពី ទស្សនវិស័យ និងការផ្លាស់ប្តូរបទពិសោធន៍គោលនយោបាយសុខភាពសាធារណៈ។
ជារឿយៗលោក ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល តែងតែក្រើនរំឭកដល់មន្រ្តី ជាពិសេសមូលដ្ឋានសុខាភិបាលឱ្យបម្រើសេវាល្អ ដល់អតិថិជន និងប្រជាពលរដ្ឋ។ ជាក់ស្ដែងថ្លែងចេញពីសន្និសីទថ្នាក់ជាតិលើកទី១ស្តីពី ទស្សនវិស័យ និងការផ្លាស់ប្តូរបទពិសោធន៍គោលនយោបាយសុខភាពសាធារណៈ លោក ឈាង រ៉ា បានបន្តផ្តល់អនុសាសន៍ដល់វិទ្យាស្ថានជាតិសុខភាពសាធារណៈ និងមូលដ្ឋានសុខាភិបាលទាំងអស់។
លោករដ្ឋមន្រ្តី ចង់ឱ្យមូលដ្ឋានសុខាភិបាលបន្តពង្រឹងសមត្ថភាពរបស់អង្គភាព ជាពិសេសលើកិច្ចការងារស្រាវជ្រាវរបស់ខ្លួន ឱ្យមានគុណភាពខ្ពស់ និងកាន់តែឆ្លើយតបទៅនឹងអាទិភាពជាតិ ដោយពង្រឹងកិច្ចសហប្រតិបត្តិការជាមួយស្ថាប័នស្រាវជ្រាវក្នុងប្រទេស និងតំបន់។ បើតាមលោក ឈាង រ៉ា មូលដ្ឋានសុខាភិបាល ត្រូវបន្តពង្រឹងការងារអភិបាលកិច្ចការងារស្រាវជ្រាវលើវិស័យសុខាភិបាល តាមរយៈការប្រមូលផ្តុំ និងចំរាញ់យកការងារស្រាវជ្រាវដែលបានធ្វើឡើងក្នុងប្រទេសកម្ពុជាផ្ទាល់ ក៏ដូចជាក្នុងតំបន់។
លើសពីនេះ មូលដ្ឋានសុខាភិបាល ត្រូវបន្តបំពេញតួនាទីរបស់ខ្លួនជាសេនាធិការបច្ចេកទេសវិទ្យាសាស្រ្ត របស់ក្រសួងសុខាភិបាលលើការងារសិក្សាស្រាវជ្រាវលើវិស័យសុខាភិបាលផងដែរ។ ក្រៅពីនេះ លោក ឈាង រ៉ា ក៏មិនភ្លេចរំឭកឱ្យពង្រឹងតួនាទីជាលេខាធិការនៃគណៈកម្មការជាតិក្រមសីលធម៌ សម្រាប់ការសិក្សាស្រាវជ្រាវលើមនុស្ស ដោយបន្តពិនិត្យ និងគ្រប់គ្រងលើការសិក្សាស្រាវជ្រាវឱ្យឆ្លើយតបបានច្រើនបំផុតទៅនឹងអាទិភាពនៃប្រពន្ធ័សុខាភិបាលជាតិ។
សម្រាប់លោករដ្ឋមន្រ្តីសុខាភិបាល សុខភាពបឋម ទាមទារការយកចិត្តទុកដាក់ខ្ពស់ រាប់ចាប់ពីកម្រិតមណ្ឌលសុខភាព ដែលជួយស្វែងរក និងការពារជំងឺមិនឆ្លងចម្បង ដូចជាលើសឈាម ទឹកនោមផ្អែម និងការវិត្តន៍ទៅជាជំងឺមហារីក បានទាន់ពេលវេលា។ ជាមួយគ្នានេះ លោក ឈាង រ៉ា បានណែនាំដល់ថ្នាក់ដឹកនាំ ត្រូវពង្រឹងសមត្ថភាពមន្រ្តីសុខាភិបាលបន្ថែមទៀត តាមរយៈការបណ្តុះបណ្តាល រកយន្តការនៃការជំរុញ និងការស្វែងយល់ បង្កើនមធ្យោយបាយជួយគាំទ្រ និងជួយតាមដាន។ នេះបើតាមក្រសួងសុខាភិបាល៕