ម៉ូស្គូ ៖ បន្ទាប់ពីបានចំណាយពេលដល់ទៅរាប់ឆ្នាំ នៅក្នុងស្រាវជ្រាវ និងធ្វើតេស្ត ទីបំផុត ប្រទេសរុស្ស៊ីប្រកាសក្តែងៗប្រាប់ទៅដល់ពិភពលោកថា វ៉ាក់សាំងចាក់ព្យាបាលជំងឺមហារីករបស់ខ្លួន បានបង្ហាញប្រសិទ្ធិភាពខ្ពស់ នៅក្នុងការធ្វើតេស្តមុនចូលគ្លីនិក ហើយត្រៀមចែកចាយដាក់លក់វាយលុកទីផ្សារឱសថសកលហើយ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន RT នៅថ្ងៃទី៧ ខែកញ្ញា។
យ៉ាងណា វ៉ាក់សាំងចាក់ព្យាបាលជំងឺមហារីកនេះ កំពុងរង់ចាំការយល់ព្រមពីក្រសួងសុខាភិបាលរុស្ស៊ីជាមុនសិន។ ប្រធានទីភ្នាក់ងារវេជ្ជសាស្ត្រ-ជីវសាស្ត្រសហព័ន្ធរុស្ស៊ី លោកស្រី Veronika Skvortsova បានប្រកាសនៅខាងក្រៅវេទិកាសេដ្ឋកិច្ចខាងកើតក្នុងទីក្រុង Vladivostok ថា ការសាកល្បងមុនគ្លីនិកអស់រយៈពេល ៣ឆ្នាំ ថ្នាំចាក់ព្យាបាលជំងឺមហារីកនេះ បានបង្ហាញលទ្ធផលជាទីគាប់ចិត្ត ពោលគឺមានប្រសិទ្ធភាពចាប់ពី ៦០ទៅ៨០% នៅក្នុងការព្យាបាលជំងឺមហារីកពោះវៀនធំ ដែលជាជំងឺបណ្តាលឲ្យមានអត្រាមនុស្សស្លាប់ខ្ពស់បំផុតលើពិភពលោក។
លោកស្រី Skvortsova បានលើកឡើងថា ការសាកល្បងបានបង្ហាញឲ្យឃើញពីសុវត្ថិភាពនៃថ្នាំចាក់នេះ រួមទាំងការប្រើប្រាស់ម្តងហើយម្តងទៀត ក៏ដូចជាប្រសិទ្ធភាពខ្ពស់របស់វា ដែលត្រូវបានផ្សារភ្ជាប់ជាមួយនឹងការកាត់បន្ថយទំហំដុំសាច់ និងការថយចុះនៃការលូតលាស់ដុំសាច់ផងដែរ។
ការសិក្សាបានបង្ហាញពីលទ្ធភាពនៃការរស់រានមានជីវិតរបស់អ្នកជំងឺកាន់តែប្រសើរឡើង។ គិតមកទល់ពេលនេះ យើងបានបញ្ជូនឯកសារទៅក្រសួងសុខាភិបាលរួចហើយ ដើម្បីស្នើសុំការអនុញ្ញាតឱ្យប្រើប្រាស់គ្លីនិកនៅចុងរដូវក្តៅខាងមុខ។ យ៉ាងណា តម្លៃនៃថ្នាំចាក់ព្យាបាលជំងឺមហារីកនេះ នៅមិនទាន់ត្រូវបានគេបង្ហាញនោះទេ ប៉ុន្តែមានដំណឹងថា វាមិនសូវជាថ្លៃឡើយ។
គួរកត់សម្គាល់ ថ្នាំចាក់ព្យាបាលជំងឺមហារីកនេះ មានឈ្មោះ Enteromix ផលិតឡើងដោយបច្ចេកវិទ្យា mRNA ដូចទៅនឹងវ៉ាក់សាំងជំងឺកូវីដ-១៩ដែរ។ Enteromix អាចចូលទៅបំប៉នប្រព័ន្ធភាពស៊ាំរបស់អ្នកជំងឺ ដើម្បីប្រយុទ្ធប្រឆាំងនឹងកោសិកាមហារីក។ ហើយបន្ទាប់ពីរកឃើញវ៉ាក់សាំងព្យាបាលជំងឺមហារីកពោះវៀនធំ អ្នកវិទ្យាសាស្រ្តរុស្ស៊ីមានគម្រោងនឹងផលិតថ្នាំចាក់ព្យាបាលជំងឺមហារីកខួរក្បាល និង មហារីកស្បែក ព្រមទាំងជំងឺមហារីកផ្សេងៗទៀត តាមក្រោយ៕