ដល់រដូវបុណ្យបិណ្ឌ – ភ្ជុំ ទៀតហើយ តោះបងប្អូនខ្មែរយើង នាំគ្នាមកឈ្វេងយល់ពីពិធីបុណ្យនេះ

ជារៀងរាល់ឆ្នាំ ចាប់ពីថ្ងៃ១រោច ដល់ថ្ងៃ១៥រោច ខែភទ្របទ ប្រជាពលរដ្ឋខ្មែរតែងតែប្រារព្ធនូវពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌនៅតាមទីវត្តអារាម ដោយធ្វើជាចង្ហាន់រាប់បាត្រប្រគេនព្រះសង្ឃ។ ពិធីបុណ្យដែលធ្វើតាមទំនៀមពីដូនតាមកនេះ ត្រូវបានដក់ជាប់ក្នុងគំនិតប្រជាពលរដ្ឋខ្មែរតជំនាន់មកថា វាជាពិធីដើម្បី​​ឧទ្ទិសកុសល្យជូនទៅដល់ដូនតា និងញាតិកាទាំង៧សណ្តាន​​ដែលបានចែកឋាន​​ទៅ

ពិធីបុណ្យភ្ជុំបិណ្ឌ ត្រូវបានចែកចេញជាពីរ គឺ៖ ទី១ ជារយៈពេលនៃការកាន់បិណ្ឌចាប់ពីថ្ងៃទី១រោចខែភទ្របទ រហូតដល់ថ្ងៃ១៤រោច ដោយប្រជាពលរដ្ឋខ្មែរ​​តែងធ្វើចង្ហាន់ទៅប្រគេនព្រះសង្ឃ ទី២ថ្ងៃចុងក្រោយ គឺថ្ងៃ១៥រោច ដែលជាថ្ងៃភ្ជុំបិណ្ឌប្រជាពលរដ្ឋតែងធ្វើការជួបជុំគ្នា​​ដើម្បីឆ្លងនូវសធាជ្រះថ្លា ដែលបានថ្វាយទានចំពោះភិក្ខុសង្ឃក្នុងរយៈពេល១៤ថ្ងៃកន្លងមក។

ខ្មែរយើងគឺជាជនជាតិមួយដែលមានការដឹងគុណចំពោះបុគ្គលដែលបានធ្វើឧបការៈដល់ខ្លួនពោលគឺអ្នកកាន់ព្រះពុទ្ធសាសនាប្រកាន់យកគោលការណ៍នៃការដឹងគុណ ហើយការដឹងគុណនេះ មិនមែននិយាយត្រឹមតែដូនតា ឬក៏ញាតិមិត្តរបស់ខ្លួនទេ គឺជាការដឹងគុណតាំងពីធម្មជាតិដឹងគុណពីអ្នកដទៃបើ​​មិនជាប់ជាញាតិរបស់ខ្លួនយ៉ាងណាក៏ដោយ ប៉ុន្តែសម្តែងនូវទឹកចិត្តដឹងគុណដែលហៅថា កតញ្ញូតាធម៌ទើបមានការឈានទៅធ្វើពិធីទាំងអស់នេះបាន ព្រោះបើយើងអត់មានកតញ្ញូនៅក្នុងចិត្តទេ គឺមិនអាចទៅធ្វើពិធីបុណ្យនេះបានទេ។

និយាយជារួមមក ពិធីបុណ្យភ្ជុំបិណ្ឌនេះ ដូនតាខ្មែរបានប្រារព្ធធ្វើឡើងក្នុងគោលបំណង​​បង្រៀន​​ទៅដល់កូនចៅឱ្យដឹងអំពីកំណើត  ចេះគោរព ដឹងគុណ និងមានកតញ្ញូធម៌។ យើងជាជនជាតិខ្មែរត្រូវស្គាល់អំពីកំណើត និងការដឹងគុណ។ «សូមចូលរួមចំណែកដើម្បីរក្សាវប្បធម៌ជាតិយើងពិសេសបំផុតគឺបុណ្យភ្ជុំបិណ្ឌនេះ ដើម្បីក្លាយជាអ្នកបន្តវេណជំនាន់ក្រោយទៀត រក្សាតម្លៃដ៏ពិសិដ្ឋ នៃកតញ្ញូធម៌»

ពិធីកាន់បិណ្ឌ និងបុណ្យភ្ជុំបិណ្ឌ ក៏ជាមធ្យោបាយដ៏ប្រសើរមួយ ដើម្បីបង្កើតសាមគ្គីភាពដ៏ល្អរបស់ខ្មែរយើង ចាប់តាំងពីថ្នាក់ភូមិ សហគមន៍ រហូតដល់ប្រទេសជាតិទាំងមូល

ព័ត៌មានទាក់ទង