ម៉ានីល ៖ ប្រទេសហ្វីលីពីន នៅថ្ងៃអង្គារ បានប្រកាសផ្អាកទិញយន្តហោះចម្បាំង F-16 របស់អាមេរិក ដោយសារតែបញ្ហាថវិកា។
ជុំវិញបញ្ហានេះ ឯកអគ្គរដ្ឋទូតហ្វីលីពីនប្រចាំអាមេរិក លោក Jose Manuel Romualdez បានប្រាប់អ្នកយកព័ត៌មានថា ឥឡូវនេះ លោកគិតថា ការទិញលក់យន្តហោះ F-16 ត្រូវបានផ្អាក ហើយមូលហេតុចម្បងនោះ គឺដោយសារតែបញ្ហាថវិកា។
លោក Romualdez ក៏បានអះអាងដែរថា រដ្ឋមន្ត្រីការពារជាតិហ្វីលីពីន លោក Gilberto Teodoro បាននិយាយហើយថា មានយន្តហោះចម្បាំងអាទិភាពផ្សេងទៀត សម្រាប់កងកម្លាំងប្រដាប់អាវុធហ្វីលីពីន។
ក្រសួងការបរទេសអាមេរិកបានអនុម័តការលក់យន្តហោះចម្បាំង F-16 ដែលមានតម្លៃប៉ាន់ស្មាន ៥.៦ពាន់លានដុល្លារកាលពីដើមឆ្នាំនេះ ប៉ុន្តែមិនបានបញ្ជាក់ចំនួន ក្នុងគោលបំណងបង្កើនសមត្ថភាពដ៏សំខាន់សម្រាប់កងទ័ពអាកាសហ្វីលីពីន ចំពេលមានភាពតានតឹងក្នុងតំបន់កើនឡើង ពិសេសជាមួយនឹងចិន។
កាលពីខែមិថុនា ហ្វីលីពីនក៏បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមានតម្លៃ ៧០៣លានដុល្លារ ដើម្បីទិញយន្តហោះចម្បាំង FA-50 ចំនួន ១២ គ្រឿងពីកូរ៉េខាងត្បូងផងដែរ។
ហ្វីលីពីនបានបង្កើនទំនើបកម្មយោធាក្នុងពេលប៉ុន្មានឆ្នាំថ្មីៗនេះ ដោយផ្តល់អាទិភាពលើការការពារដែនសមុទ្រ និងដែនអាកាស ដើម្បីពង្រឹងសមត្ថភាពរបស់ខ្លួននៅសមុទ្រចិនខាងត្បូង ប៉ុន្តែក្រុមមន្ត្រីហ្វីលីពីនបានទទួលស្គាល់ថា កិច្ចការនេះប្រឈមមុខនឹងបញ្ហាថវិកា៕