Top Mobile Banner

ក្រុមបាតុករនៅនេប៉ាល់និងយោធា កំពុងចរចាគ្នាដើម្បីសម្រេចថាតើ នរណានឹងឡើងជាមេដឹកនាំបណ្តោះអាសន្ន

(កដ្ឋមណ្ឌូ)៖ នាថ្ងៃព្រហស្បតិ៍នេះ ក្រុមបាតុករនៅប្រទេសនេប៉ាល់ នឹងបន្តពិភាក្សាជាមួយកងទ័ព ដើម្បីសម្រេចថា តើនរណានឹងក្លាយជា​មេដឹកនាំបណ្តោះអាសន្នរបស់ប្រទេស បន្ទាប់ពីការផ្ទុះបាតុកម្មដ៏សាហាវ ដែលបានសម្លាប់មនុស្សយ៉ាងហោច៣០នាក់ ហើយបង្ខំឱ្យ​នាយករដ្ឋមន្រ្តីចុះចេញពីអំណាច។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃព្រហស្បតិ៍ ទី១១ ខែកញ្ញា ឆ្នាំ២០២៥។

នាពេលនេះ កងទ័ពនេប៉ាល់ កំពុងបន្តល្បាតតាមដងផ្លូវនៃរដ្ឋធានីកដ្ឋមណ្ឌូ ក្រោយការផ្ទុះបាតុកម្មដ៏អាក្រក់បំផុតមួយ ដែលបង្កឡើង​ដោយការសម្រេចចិត្តបិទបណ្តាញទំនាក់ទំនងសង្គម កាលពីចុងសប្តាហ៍មុន ដោយរដ្ឋាភិបាលនេប៉ាល់។ ក្រោយមក រដ្ឋាភិបាលក៏បានយល់ព្រមលុបបម្រាមនោះចោលវិញ ក្រោយមនុស្ស១៩នាក់បានស្លាប់ ក្នុងការប៉ះទង្គិចគ្នា កាលពីថ្ងៃចន្ទដើមសប្តាហ៍នេះ នៅពេលប៉ូលិសប្រើឧស្ម័នបង្ហូរទឹកភ្នែក និងគ្រាប់កាំភ្លើងកៅស៊ូ បាញ់បង្រ្កាបហ្វូងបាតុករ។

បើតាមក្រសួងសុខាភិបាលនេប៉ាល់ តួលេខចុងក្រោយនៃអ្នកស្លាប់ក្នុងបាតុកម្មនោះ បានកើនដល់៣០នាក់ និងរបួស១០៣៣នាក់។ អំឡុងបាតុកម្ម ក្រុមអ្នកតវ៉ាដែលសុទ្ធតែជាយុវជន បាននាំគ្នាដុតបំផ្លាញអគាររដ្ឋាភិបាល និងទ្រព្យសម្បត្តិផ្សេងៗ។ សកម្មភាពតវ៉ា បានថយចុះកម្តៅទៅវិញ បន្ទាប់ពីនាយករដ្ឋមន្រ្តី លោក KP Sharma Oli លាលែងពីតំណែង ក្នុងសប្តាហ៍នេះ។

គួរបញ្ជាក់ថា បើតាមអ្នកនាំពាក្យយោធានេប៉ាល់ កិច្ចពិភាក្សាជាមួយក្រុមបាតុករស្តីពីមេដឹកនាំស្តីទីថ្មី នឹងបន្តនាពេលថ្ងៃព្រហស្បតិ៍នេះ ខណៈកងទ័ពកំពុងព្យាយាមស្តារស្ថានការណ៍ ឱ្យវិលត្រឡប់ទៅរកភាពប្រក្រតីវិញដោយសន្សឹមៗ។ ក្រុមបាតុករត្រូវគេរាយកាណ៍ថា មានបំណងចង់ឱ្យអតីតប្រធានតុលាការកំពូលនេប៉ាល់ លោកស្រី Sushila Karki ធ្វើជានាយករដ្ឋមន្រ្តីស្តីទី៕

ព័ត៌មានទាក់ទង