ភ្នំពេញ៖ លោក គួច ចំរើន អភិបាលខេត្តកណ្ដាល បានអំពាវនាវដល់ពលរដ្ឋ ដែលមកទស្សនាអាកាសយានដ្ឋានអន្តរជាតិតេជោ ត្រូវរក្សាសណ្ដាប់ធ្នាប់ របៀបរៀបរយឱ្យបានល្អ និងបញ្ចៀសការកកស្ទះចរាចរណ៍។ អភិបាលខេត្តរូបនេះ ក៏ស្នើឱ្យពលរដ្ឋត្រូវធ្វើជាគម្រូល្អឱ្យសាកសមជាប្រជាពលរដ្ឋខ្មែរ ប្រកបដោយសេចក្ដីថ្លៃថ្នូរ។
ក្រោយបើកប្រតិបត្តិការជាផ្លូវការកាលពីថ្ងៃទី៩ ខែកញ្ញា មានប្រជាពលរដ្ឋជាច្រើន បានទៅទស្សនានៅអាកាសយានដ្ឋានអន្តរជាតិ ដែលស្ថិតក្នុងទឹកដីខេត្តកណ្ដាល និងខេត្តតាកែវ។ បើតាមរដ្ឋបាលខេត្តកណ្ដាល ចំនួនដ៏ច្រើនរបស់ពលរដ្ឋ ដែលទៅទស្សនានៅព្រលានថ្មីនេះ កាលពីថ្ងៃទី១០ កញ្ញា បាននាំឱ្យមានការកកស្ទះចរាចរណ៍។
ដើម្បីបញ្ចៀសការកកស្ទះ លោក គួច ចំរើន អភិបាលខេត្តកណ្តាល បានអំពាវនាវដល់ប្រជាពលរដ្ឋ ចូលរួមរក្សានូវសណ្ដាប់ធ្នាប់ និងរបៀបរៀបរយឱ្យបានល្អ បញ្ចៀសការកកស្ទះចរាចរណ៍ ធ្វើយ៉ាងណាមិនត្រូវប៉ះពាល់ដល់ការធ្វើដំណើររបស់ភ្ញៀវជាតិ និងអន្តរជាតិឡើយ។ «យើងទាំងអស់គ្នាត្រូវធ្វើជាគម្រូល្អឱ្យសាកសមជាប្រជាពលរដ្ឋខ្មែរ ប្រកបដោយសេចក្ដីថ្លៃថ្នូរ»។ នេះជាការលើកឡើងបន្ថែមរបស់លោក គួច ចំរើន។
សូមបញ្ជាក់ថា អាកាសយានដ្ឋានអន្តរជាតិកម្រិត 4F តម្លៃជាង ១ ៥០០ លានដុល្លារនេះ មានចម្ងាយប្រមាណ២០គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ។ បន្ទាប់ពីប្រតិបត្តិការបានជាង១ខែ អាកាសយានដ្ឋាននេះ នឹងត្រូវសម្ពោធជាផ្លូវការក្រោមវត្តមាន សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥៕