អាម៉េរិកនិងអង់គ្លេសគ្រោងនឹងរៀបចំការចុះកិច្ចព្រមព្រៀងបច្ចេកវិទ្យាដ៏មហិមាមួយ នៅពេលលោកប្រធានាធិបតីអាម៉េរិក ដូណាល់ ត្រាំ ធ្វើទស្សនកិច្ចផ្លូវរដ្ឋទៅអង់គ្លេសនៅថ្ងៃទី១៦ ខែកញ្ញា។ នេះបើតាមការឱ្យដឹងពីស្ថានទូតអង់គ្លេសប្រចាំក្រុងវ៉ាស៊ីនតោន នៅថ្ងៃទី១៣ ខែកញ្ញា។
ស្របពេលមេដឹកនាំអាម៉េរិកនឹងធ្វើដំណើរទៅអង់គ្លេសនៅប៉ុន្មានថ្ងៃខាងមុខ រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោននិងក្រុងឡុងដ៍គ្រោងនឹងរៀបចំការចុះកិច្ចព្រមព្រៀងបច្ចេកវិទ្យាដ៏ធំមួយ។
យោងតាមការប្រកាសនៅថ្ងៃទី១៣ ខែកញ្ញា របស់ស្ថានទូតអង់គ្លេសប្រចាំទីក្រុងវ៉ាស៊ីនតោន អាម៉េរិកនិងអង់គ្លេសគ្រោងចុះកុងត្រាលើកិច្ចសហប្រតិបត្តិការនិងអភិវឌ្ឍបច្ចេកវិទ្យា អំឡុងទស្សនកិច្ចផ្លូវរដ្ឋរបស់លោក ដូណាល់ ត្រាំ នៅទីក្រុងឡុងដ៍។
លោក ដូណាល់ ត្រាំ គ្រោងធ្វើទស្សនកិច្ចផ្លូវរដ្ឋដំបូងក្នុងអាណត្តិថ្មីនេះទៅអង់គ្លេសរយៈពេលប្រហែល៣ថ្ងៃ នៅថ្ងៃទី១៦ ខែកញ្ញា ខាងមុខ ដោយនឹងអមដំណើរដោយនាយកប្រតិបត្តិក្រុមហ៊ុនបច្ចេកវិទ្យា Nvidia និង OpenAI គឺលោក Jensen Huang និងលោក Sam Altman។
ទោះសេចក្ដីលម្អិតនៃកិច្ចព្រមព្រៀងនៅកំពុងបន្តចរចា តែចំណុចសំខាន់នៃកុងត្រារួមបញ្ចូលលើបច្ចេកវិទ្យាធំៗដូចជាបញ្ញាសិប្បនិម្មិត បន្ទះឈីប[Semiconductor] ទូរគមនាគមន៍ និងកុំព្យូទ័រកង់ទិច [Quantum Computing]។ នេះបើតាមការប្រកាសរបស់ស្ថានទូតអង់គ្លេសដដែល។
កិច្ចសហប្រតិបត្តិការបច្ចេកវិទ្យាទ្វេភាគីទំហំរយពាន់លានដុល្លារនេះ ធ្វើឡើងក្នុងគោលដៅផ្លាស់ពង្រឹងឱកាសសម្រាប់ធុរកិច្ចនិងអ្នកប្រើប្រាស់ក្នុងប្រទេសទាំងពីរ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters។
ការចុះផ្សាយរបស់ទូរទស្សន៍ Sky News បានឱ្យដឹងថា ក្រុមហ៊ុនវិនិយោគ BlackRock របស់អាម៉េរិក គ្រោងនឹងវិនិយោគលើមជ្ឈមណ្ឌលទិន្នន័យអង់គ្លេសក្នុងទំហំ៧០០ពាន់លានដុល្លារ ដែលរួមបញ្ចូលក្នុងកិច្ចព្រមព្រៀងទ្វេភាគីនេះ។
មួយវិញទៀត ប្រទេសទាំងពីរបានបង្កើតគម្រោងប្រតិបត្តិការបញ្ញាសិប្បនិម្មិត [AI Action Plans] តាំងពីដើមឆ្នាំ២០២៥នេះ។ ជាក់ស្ដែង ក្រុមហ៊ុនបច្ចេកវិទ្យាធំៗរបស់ប្រទេសទាំងពីរដូចជា Anthropic និង OpenAI របស់អាម៉េរិក និងក្រុមហ៊ុន DeepMind របស់អង់គ្លេសក៏កំពុងបើកការិយាល័យអន្តរជាតិទៅវិញទៅមកផងដែរ៕