ក្រុមស៊ើបអង្កេតអង្គការសហប្រជាជាតិបានចោទប្រកាន់អ៊ីស្រាអែលថា កំពុងប្រព្រឹត្តអំពើប្រល័យពូជសាសន៍នៅហ្កាហ្សា ដោយមានបំណងបំផ្លាញប្រជាជនប៉ាឡេស្ទីនតែម្ដង។ មេដឹកនាំអ៊ីស្រាអែលមានប្រធានាធិបតី និងនាយករដ្ឋមន្រ្តី សុទ្ធតែជាប់ពាក់ព័ន្ធបទឧក្រិដ្ឋនេះ។
របាយការណ៍របស់ក្រុមអ្នកស៊ើបអង្កេត ចាប់តាំងពីខែតុលា ឆ្នាំ២០២៣ អ៊ីស្រាអែលបានប្រព្រឹត្តអំពើប្រល័យពូជសាសន៍ចំនួន៤ ក្នុងចំណោម ៥ ដែលមានចែងក្នុងអនុសញ្ញាឆ្នាំ១៩៤៨ ខណៈសង្គ្រាមបានសម្លាប់ប្រជាជននៅកាហ្សាជាង៦៥,០០០នាក់ និងរាប់ម៉ឺននាក់ទៀតភៀសខ្លួនជាមួយភាពអត់ឃ្លាន។
បើតាមក្រុមស៊ើបអង្កេត អ៊ីស្រាអែល កំពុងប្រព្រឹត្តអំពើប្រល័យពូជសាសន៍នៅហ្កាហ្សា ដោយមានបំណង បំផ្លាញប្រជាជនប៉ាឡេស្ទីននៅទីនោះ។ លទ្ធផលស៊ើបអង្កេត រកឃើញនាយករដ្ឋមន្ត្រីអ៊ីស្រាអែល បេនចាមីន ណេតាន់យ៉ាហ៊ូ និងមន្ត្រីជាន់ខ្ពស់ផ្សេងទៀត ជំរុញឲ្យប្រព្រឹត្តអំពើប្រល័យពូជសាសន៍តាមការថ្លែងសុន្ទរកថានានា។
«អំពើប្រល័យពូជសាសន៍កំពុងកើតមាននៅហ្កាហ្សា ហើយកំពុងបន្តកើត។» ប្រធានគណៈកម្មការស៊ើបអង្កេត លោកស្រី Navi Pillay ប្រាប់ទីភ្នាក់ងារព័ត៌មាន AFP បែបនេះនៅថ្ងៃទី១៦ ខែកញ្ញា។
គណៈកម្មការស៊ើបអង្កេតអន្តរជាតិឯករាជ្យនេះ មិនមែនជាតំណាងផ្ទាល់របស់អង្គការសហប្រជាជាតិទាំងមូលឡើយ និងធ្លាប់ជួបការរិះគន់យ៉ាងខ្លាំងពីអ៊ីស្រាអែល។ ភ្លាមៗ អ៊ីស្រាអែលបានប្រកាសបដិសេធចំពោះរបាយការណ៍នេះ ដោយក្រសួងការបរទេសប្រទេសនេះ ចាត់ទុកជា របាយការណ៍មិនត្រឹមត្រូវ និងមិនពិត ហើយបានអំពាវនាវ ឱ្យលុបបំបាត់គណៈកម្មាធិការស៊ើបអង្កេតនេះ។
លទ្ធផលដែលបញ្ចេញពេលនេះ ជារបាយការណ៍ចុងក្រោយរបស់គណៈកម្មាធិការ ដែលសម្រេចឡើងប្រមាណជិតពីរឆ្នាំបន្ទាប់ពីសង្គ្រាមកាហ្សាបានផ្ទុះឡើង ក្រោយពីក្រុមហាម៉ាសវាយប្រហារយ៉ាងសាហាវ នៅថ្ងៃទី៧ ខែតុលា ឆ្នាំ ២០២៣ ក្នុងទឹកដីអ៊ីស្រាអែល។
គណៈកម្មាធិការស៊ើបអង្កេតដដែល បានសន្និដ្ឋានថា ចាប់តាំងពីខែតុលា ឆ្នាំ២០២៣ មក អាជ្ញាធរអ៊ីស្រាអែល និងកងកម្លាំងរបស់ខ្លួនបានប្រព្រឹត្តសកម្មភាពប្រល័យពូជសាសន៍ចំនួនបួន ក្នុងចំណោមប្រាំប្រភេទដែលបានចែងក្នុងអនុសញ្ញាប្រល័យពូជសាសន៍ឆ្នាំ១៩៤៨ ដែលទង្វើបំពានរួមមាន ការសម្លាប់រង្គាល ការបង្កឱ្យមានរបួសធ្ងន់ធ្ងរទៅដល់ប្រជាជនប៉ាឡេស្ទីន ការរំលោភបំពានផ្លូវចិត្ត ចេតនាបង្កើតលក្ខខណ្ឌរស់នៅដែលរៀបចំឡើងដើម្បីនាំឲ្យប្រជាជនប៉ាឡេស្ទីនជួបបញ្ហាផ្នែករាងកាយទាំងស្រុង ឬផ្នែកមួយ និងការចាត់វិធានការដែលមានគោលបំណងរារាំងការកើតកូនក្នុងក្រុមប្រជាជនប៉ាឡេស្ទីន៕