កម្ពុជា ប្ដេជ្ញាលុបបំបាត់ការប្រើប្រាស់សារធាតុបំផ្លាញស្រទាប់អូហ្សូន ដើម្បីកាត់បន្ថយកម្ដៅផែនដី

ភ្នំពេញ៖ កម្ពុជា នឹងបន្តចូលរួមជាមួយសហគមន៍អន្តរជាតិ លុបបំបាត់ការប្រើប្រាស់សារធាតុបំផ្លាញស្រទាប់អូហ្សូន ដើម្បីកាត់បន្ថយការកើនឡើងកម្ដៅផែនដី។ នេះជាការប្ដេជ្ញាចិត្តរបស់ក្រសួងបរិស្ថាន ដែលធ្វើឡើងក្នុង «ទិវាអូហ្សូនពិភពលោក ១៦ កញ្ញា» ដោយបញ្ជាក់ថា កម្ពុជាបានធ្វើសកម្មភាពជាច្រើន ហើយថែមទាំងបានរៀបចំផែនការគ្រប់គ្រងសារធាតុហាយដ្រូក្លរ៉ូភ្លុយអរ៉ូកាបូន ដោយសង្ឃឹមថា ការកើនកម្ដៅភពផែនដីអាចត្រូវបានកាត់បន្ថយ ០,៥អង្សានៅចុងសតវត្សរ៍ទី២១នេះ។

ស្រទាប់អូហ្សូន បានដើរតួនាទីយ៉ាងសំខាន់ក្នុងការការពារភពផែនដីពីកាំរស្មីព្រះអាទិត្យដ៏គ្រោះថ្នាក់។ ប៉ុន្តែយ៉ាងណា កន្លងមក ស្រទាប់អូហ្សូនត្រូវបានគំរាមកំហែងយ៉ាងធ្ងន់ធ្ងរ និងប្រឈមទៅនឹងការធ្លុះធ្លាយ បង្កឡើងដោយសារធាតុបំផ្លាញស្រទាប់អូហ្សូន ដែលត្រូវបានប្រើប្រាស់នៅក្នុងកំប៉ុងស្ពៃ និងបរិក្ខារត្រជាក់ ក្នុងនោះរួមមាន សារធាតុក្លរ៉ូភ្លុយអរ៉ូកាបូន (CFC) និងសារធាតុហាយដ្រូក្លរ៉ូភ្លុយអរ៉ូកាបូន (HCFC)។ ​ សារធាតុទាំងនោះ ក៏មានសក្ដានុពលធ្វើឱ្យ កើនកម្ដៅផែនដីខ្ពស់ផងដែរ។

តាមរយៈពិធីសារ «ម៉ុងរ៉េអាល់» ពិភពលោកបានកាត់បន្ថយ និងឈានទៅលុបបំបាត់សារធាតុបំផ្លាញស្រទាប់អូហ្សូន ដែលជាការគំរាមកំហែងដ៏ធំបំផុតចំពោះមនុស្សជាតិ។ ជាក់ស្ដែងក្នុងចន្លោះ ឆ្នាំ១៩៩០ ដល់ឆ្នាំ២០១០ ពិភពលោកបានរួមគ្នាកាត់បន្ថយការបញ្ចេញឧស្ម័នកាបូនិកទៅក្នុងបរិយាកាស ប្រមាណ ១៣៥ ពាន់លានតោន ក្រោមការអនុវត្តពិធីសារម៉ុងរ៉េអាល់។ ជាលទ្ធផល ចាប់ពីឆ្នាំ២០០០ មក ស្រទាប់អូហ្សូនបានស្និតឡើងវិញក្នុងអត្រាប្រមាណពី ១-៣ភាគរយក្នុងមួយឆ្នាំ និងបានជួយបន្ថយការឡើងកម្ដៅ ផែនដីផងដែរ។

អនុសញ្ញាទីក្រុងវីយែន និងពិធីសារម៉ុងរ៉េអាល់ ជាអនុសញ្ញា និងពិធីសារ ដែលទទួលបានការផ្តល់សច្ចាប័នជាសកល និងជោគជ័យបំផុត ក្នុងការកាត់បន្ថយនិងលុបបំបាត់សារធាតុ បំផ្លាញស្រទាប់អូហ្សូននិងសារធាតុត្រជាក់ ធៀបជាមួយនឹងអនុសញ្ញា ពិធីសារ និងកិច្ចព្រមព្រៀងពហុភាគី ផ្សេងទៀត។ តាមរយៈអនុសញ្ញា និងពិធីសារនេះប្រទេសទាំងអស់នៅលើពិភពលោករួមគ្នាយ៉ាងសកម្មក្នុង ការលុបបំបាត់សារធាតុបំផ្លាញស្រទាប់អូហ្សូន និងបានដាក់ស្រទាប់អូហ្សូននៅលើផ្លូវឆ្ពោះទៅរកការស្ដារ ឡើងវិញ ដើម្បីការពារជីវិតទាំងអស់នៅលើផែនដី។

ក្នុងនាមជារដ្ឋភាគី ក្រសួងបរិស្ថាន បានអះអាងថា​ កម្ពុជាបានចូលរួមយ៉ាងសកម្មក្នុងការបញ្ឈប់ការប្រើប្រាស់ សារធាតុក្លរ៉ូភ្លុយអរ៉ូកាបូន ទាំងស្រុងក្នុងឆ្នាំ ២០១០ ហើយក៏កំពុងបន្តអនុវត្តផែនការគ្រប់គ្រងសារធាតុ ហាយដ្រូក្លរ៉ូភ្លុយអរ៉ូកាបូន ស្របតាមកាតព្វកិច្ចដែលមានចែងក្នុងពិធីសារម៉ុងរ៉េអាល់ផងដែរ។ មិនត្រឹមប៉ុណ្ណឹងទេ ថ្មីៗនេះ រដ្ឋាភិបាលបានអនុម័តដាក់ឱ្យអនុវត្តក្រមបរិស្ថាន និងធនធានធម្មជាតិ និងយុទ្ធសាស្ត្រចក្រវិស័យបរិស្ថាន ២០២៣-២០២៨ ដែលបានដាក់ចេញនូវយុទ្ធសាស្ត្រសំខាន់ៗចំនួន៣ រួមមាន «ភាពស្អាត បៃតង និងចីរភាព» ដោយក្នុងនោះ ភាពស្អាតលើអាកាសត្រូវបានកំណត់ជាអាទិភាពសំខាន់មួយក្នុងចំណោមអាទិភាពសំខាន់ៗ ផ្សេងទៀត។

តាមរយៈយុទ្ធសាស្ត្រចក្រានេះ ក្រសួងបរិស្ថានជាសេនាធិការរបស់រដ្ឋាភិបាល បានបំពាក់ឧបករណ៍ ស្ថានីយតាមដានត្រួតពិនិត្យគុណភាពខ្យល់នៅទូទាំងប្រទេស និងបានផ្សព្វផ្សាយស្ថានភាពគុណភាពខ្យល់នៅលើគេហរទំព័រ និងកម្មវិធីទូរស័ព្ទដៃ ដើម្បីសាធារណជន ទទួលបានព័ត៌មាន និងមានវិធានការការពារសុខភាពក្នុងករណីចាំបាច់។ លើសពីនេះ ក្រសួងបានចាត់វិធានការទប់ស្កាត់ កាត់បន្ថយការដុតសំរាម សំណល់រឹង គល់ជញ្ជាំ្រង សំណល់កសិកម្មនៅទីចំហ ភ្លើងឆេះព្រៃ និងការបញ្ចេញសារធាតុបំពុលខ្យល់ពីប្រភពបំពុលចល័ត និងអចល័តត្រូវបានអនុវត្តយ៉ាងម៉ឺងម៉ាត់ផងដែរ។

លើសពីនេះ ក្រសួងបរិស្ថាន ក៏បានចេញគោលការណ៍ឱ្យប្រើប្រាស់ថាមពលកកើតឡើងវិញ និងការសន្សំសំចៃថាមពល ដើម្បីលើកកម្ពស់ការយល់ដឹងជាសាធារណៈអំពីដំណោះស្រាយ និងជំរុញលើកទឹកចិត្តដល់អ្នកប្រើប្រាស់ឱ្យងាកទៅប្រើប្រាស់ ឧបករណ៍ ដែលប្រើប្រាស់សារធាតុមិនបំផ្លាញស្រទាប់អូហ្សូន មានប្រសិទ្ធភាពថាមពលខ្ពស់ និងមានសក្ដានុពល កម្តៅសកលទាប ឬ សូន្យ ពង្រីកការប្រើប្រាស់ថាមពលកកើតឡើងវិញ ព្រមទាំង បន្តយុទ្ធនាការផ្សព្វផ្សាយការ យល់ដឹងជាសាធារណៈ ដើម្បីឱ្យប្រជាពលរដ្ឋគ្រប់រូបយល់អំពីតួនាទីរបស់ខ្លួនក្នុងការការពារបរិស្ថានផនដីផងដែរ។

ទន្ទឹមនេះ កម្ពុជាក៏បានចូលរួមអនុវត្តកាតព្វកិច្ចរបស់ខ្លួនយ៉ាងខ្ជាប់ខ្ជួន ក្នុងនាមជាសមាជិកនៃពិធីសារ អនុសញ្ញា កិច្ចព្រមព្រៀងអន្តរជាតិពាក់ព័ន្ធនឹងការគ្រប់គ្រងការបំពុលខ្យល់ និងកិច្ចការពារស្រទាប់អូហ្សូន សំដៅលើកកម្ពស់គុណភាពបរិយាកាស និងការពារសុខុមាលភាពពលរដ្ឋ។

កន្លងទៅ កម្ពុជាបានរៀបចំផែនការគ្រប់គ្រងសារធាតុ HFCS ក្នុងការអនុវត្តវិសោធនកម្មទីក្រុងគីហ្គាលី នៃពិធីសារម៉ុងរ៉េអាល់ ដែលកម្ពុជាបានផ្តល់សច្ចាប័ន នៅថ្ងៃទី៨ ខែមេសា ឆ្នាំ២០២១ ក្នុងក្តីសង្ឃឹមថាការ កើនកម្ដៅភពផែនដី អាចត្រូវបានកាត់បន្ថយរហូតដល់ ០,៥អង្សា នៅចុងសតវត្សរ៍ទី២១នេះ ប្រសិនបើ វិសោធនកម្ម ទីក្រុងគីហ្គាលី ត្រូវបានផ្តល់សច្ចាប័នជាសកល និងអនុវត្តបានពេញលេញ។ ក្នុងន័យនេះ កម្ពុជាប្តេជ្ញាបន្តចូលរួមជាមួយសហគមន៍អន្តរជាតិ ក្នុងការអនុវត្តឱ្យបានជោគជ័យនូវរាល់កាតព្វកិច្ចរបស់ ខ្លួន សំដៅធានាឱ្យបាននូវប្រសិទ្ធភាពនៃការកាត់បន្ថយ និងការលុបបំបាត់ការប្រើប្រាស់សារធាតុបំផ្លាញ ស្រទាប់អូហ្សូន និងសារធាតុដែលមានសក្តានុពលកម្ដៅសកលខ្ពស់។ នេះបើតាមក្រសួងបរិស្ថាន។

សូមជម្រាបថា ទិវាអូហ្សូនពិភពលោកឆ្នាំនេះ ធ្វើឡើងក្រោមប្រធានបទ «ផ្ដើមពីវិទ្យាសាស្ត្រ ទៅជាសកម្មភាពសកល»(From science to global action) ដែលឆ្លុះបញ្ចាំងពីការរកឃើញតាមបែបវិទ្យាសាស្ត្រ ទៅជាសកម្មភាពសកលជាក់លាក់មួយ ដើម្បីដាក់ចេញនូវ គោលនយោបាយនិងផែនការសកម្មភាពចំគោលដៅ និងការអនុវត្តប្រកបដោយប្រសិទ្ធភាពខ្ពស់ក្នុងការ ការពារស្រទាប់អូហ្សូន ដែលជាខែលការពារដ៏សំខាន់បំផុតរបស់ភពផែនដី។ ការប្រារព្ធទិវាអូហ្សូនពិភពលោកនៅពេលនេះ ក៏ដើម្បីបំផុសប្រជាជនគ្រប់មជ្ឈដ្ឋានឱ្យយល់ដឹងកាន់តែច្បាស់អំពី សារៈសំខាន់នៃស្រទាប់អូហ្សូនសម្រាប់ជីវិតលើភពផែនដី និងបន្តចូលរួមឱ្យកាន់តែខ្លាំងក្លាបន្ថែមទៀតក្នុង ការថែរក្សាការពារស្រទាប់អូហ្សូន និងកាត់បន្ថយការកើនកម្ដៅភពផែនដី សំដៅការពារបរិស្ថាន និងសុខភាពសាធារណៈផងដែរ៕

ព័ត៌មានទាក់ទង