វៀតណាមស្នើអាម៉េរិកពិចារណាឡើងវិញការហាមឃាត់ការនាំចេញអាហារសមុទ្រ

វៀតណាម បានស្នើឲ្យអាម៉េរិកពិចារណាឡើងវិញការហាមនាំចេញផលិតផលសមុទ្រចាប់ពីឆ្នាំ២០២៦។ ការហាមនេះ និងពន្ធថ្មីរបស់អាម៉េរិក ទំនងអាចប៉ះពាល់យ៉ាងខ្លាំងដល់ការនាំចេញសមុទ្រសំខាន់ៗ និងជីវភាពអ្នកនេសាទវៀតណាម។

ទីក្រុងហាណូយ បានស្នើសុំអាម៉េរិកឱ្យពិចារណាម្ដងទៀត​នូវការសម្រេចចិត្តមួយដែលអាចនាំឱ្យមាន​ការហាមឃាត់​ចែកចាយម្ហូបសមុទ្រវៀតណាមខ្លះទៅទីផ្សារអាម៉េរិកចាប់ពីឆ្នាំក្រោយ។ លោក Nguyen Hong Dien រដ្ឋមន្រ្តី​ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម នៅថ្ងៃទី ១៥ កញ្ញា បានផ្ញើលិខិតទៅលោក Howard Lutnick រដ្ឋមន្រ្តីពាណិជ្ជកម្មអាម៉េរិក ដើម្បីស្នើឱ្យពិចារណាម្ដងទៀតនូវការសម្រេចចិត្ត​កាលពីខែមេសា​របស់​រដ្ឋបាល​មហាសមុទ្រអាម៉េរិក។ ការសម្រេចចិត្តនេះ ផ្អែកលើការរកឃើញថា វិធីនេសាទត្រីខ្លះៗ​របស់វៀតណាម​អាចបង្កការ​គ្រោះថ្នាក់​ដល់​សត្វសមុទ្រ។

អាម៉េរិក គឺជាទីផ្សារសំខាន់បំផុតសម្រាប់គ្រឿងសមុទ្រវៀតណាម ដោយការនាំចេញចន្លោះខែមករា ដល់សីហា កើនឡើង ៦.៩ភាគរយ ប្រៀបធៀបនឹងឆ្នាំមុន ដែលមានទំហំ១.២៤ ពាន់លានដុល្លារ ហើយស្មើនឹង​១៧.៣ភាគរយនៃការនាំចេញគ្រឿងសមុទ្រទាំងមូលរបស់វៀតណាម។

កាលពីខែសីហាកន្លងទៅ រដ្ឋបាលមហាសមុទ្រអាម៉េរិក ក៏បានជូនដំណឹងទៅក្រសួងកសិកម្មវៀតណាមជុំវិញការបដិសេធតាមច្បាប់ការពារសត្វសមុទ្រ ដោយសារតែរបៀបនេសាទត្រី១២ ប្រភេទរបស់វៀតណាម។ ការណ៍នេះ នឹងធ្វើឲ្យវៀតណាមត្រូវហាមឃាត់មិនឲ្យនាំចេញត្រី និងផលិតផលសមុទ្រចូលទៅអាម៉េរិក ចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៦។

ក្រសួងពាណិជ្ជកម្មវៀតណាមបានព្រមានថា ការហាមនេះនឹងប៉ះពាល់ដល់ផលិតផលសមុទ្រសំខាន់ៗរួមមាន ត្រីទូណា ត្រីដាវ ក្តាម និងមឹកជាដើម។ រដ្ឋមន្ត្រីកសិកម្ម Tran Hong Ha Dien បានផ្ញើ​លិខិតទៅអាម៉េរិ​ក​ដោយ​ឡែក និងស្នើឲ្យពិចារណាកែសម្រួលសេចក្តីសម្រេច ដើម្បីជៀសវាងការរំខានក្នុងពាណិជ្ជកម្ម និងការពាររបរ​រស់នៅ​របស់ប្រជាជននេសាទវៀតណាមរាប់រយពាន់នាក់។

ក្នុងឆ្នាំ២០១៧ វៀតណាមក៏បានទទួលកាតលឿងពីសហភាពអឺរ៉ុប ដោយសារមិនអនុវត្តវិធានការគ្រប់គ្រាន់ក្នុងការប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់៕

ព័ត៌មានទាក់ទង