ក្រសួង​មហាផ្ទៃ​ ចាត់ទុក​ទង្វើរបស់ថៃមក​លើ​ពលរដ្ឋ​កម្ពុជា​ ជា​ការ​រំលោភ​បំពាន​លើ​សិទ្ធិ​ជា​មូលដ្ឋាន​របស់​មនុស្ស​ជាតិ

ភ្នំពេញ៖ ក្រសួង​មហាផ្ទៃ ​បាន​ចេញ​សេចក្ដី​ថ្លែង​ការណ៍​ថ្កោល​ទោស​លើ​សកម្មភាពនគរបាល និងកម្លាំងចម្រុះថៃចូលបំពានដែនដី និងធ្វើទុក្ខបុកម្នេញលើពលរដ្ឋខ្មែរ នៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។ ចំពោះ​ទង្វើនេះ ក្រសួងមហាផ្ទៃ ចាត់ទុកថា ជា​ការ​រំលោភពលើសិទ្ធិជាមូលដ្ឋានរបស់មនុស្សជាតិ សិទ្ធិលំនៅឋាន សិទ្ធិរស់នៅប្រកបដោយសេចក្តីថ្លៃថ្នូរ និងសិទ្ធិកម្មសិទ្ធិ។

នៅ​ថ្ងៃទី​១៧ កញ្ញា កងកម្លាំង​ចម្រុះថៃ បាន​បន្ត​រាយ​បន្លាលួស​ នៅក្នុង​ភូមិព្រៃចាន់ ខេត្ត​បន្ទាយមានជ័យ និង​បាន​បង្ក​របួសស្នាម​ដល់ពលរដ្ឋកម្ពុជាចំនួន ២៩អង្គនាក់។ តាមរយៈ​សេចក្ដីថ្លែងការណ៍ថ្កោលទោស ក្រសួងមហាផ្ទៃ បាន​សម្ដែង​ការ​សោកស្ដាយ​ចំពោះ​ទង្វើ​របស់​កង​កម្លាំង​ចម្រុះ​ថៃ មក​លើ​ប្រជាពលរដ្ឋ​ស៊ីវិល​កម្ពុជា។

ក្រសួងមហាផ្ទៃ លើកឡើងថា អំពើបង្កហេតុនេះ មិនត្រឹមតែធ្វើឱ្យ ប៉ះពាល់បូរណភាពទឹកដី អធិបតេយ្យភាពជាតិ លំនៅឋាន ដីស្រែចម្ការ និងជីវភាពរស់នៅដ៏សុខសាន្តរបស់ប្រជាពលរដ្ឋ ខ្មែរប៉ុណ្ណោះទេ ប៉ុន្តែ វាថែមទាំងជះឥទ្ធិពលអាក្រក់ដល់សណ្តាប់ធ្នាប់តំបន់ និងពិភពលោកទៀតផង។ បើតាម​ក្រសួង​មហាផ្ទៃ នេះជា​ទង្វើ​ និង​ជា​គំរូ​អាក្រក់ ដែលមនុស្សជាតិលើពិភពលោកស្អប់ខ្ពើម។

«ទង្វើរបស់ថៃ បានបំពានចូលយ៉ាងជាក់ស្តែងនៃអំពើឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ពីព្រោះកងកម្លាំងចម្រុះថៃ បានរៀបចំអនុវត្តផែនការបង្កហេតុ រួមទាំងការធ្វើទុក្ខបុកម្នេញលើពលរដ្ឋខ្មែរ ជាពិសេសការរាយបន្លាលួសព័ទ្ធផ្ទះសំបែង ដីធ្លី ភូមិករ និងការបណ្ដេញពលរដ្ឋខ្មែរឱ្យចេញពីភូមិឋានកំណើត»។ នេះជាការ​លើកឡើង​របស់​ក្រសួង​មហាផ្ទៃ ដោយ​ចាត់ទុក​អំពើនេះ  ជាការរំលោភពលើសិទ្ធិជាមូលដ្ឋានរបស់មនុស្សជាតិ សិទ្ធិលំនៅឋាន សិទ្ធិរស់នៅប្រកបដោយសេចក្តីថ្លៃថ្នូរ និងសិទ្ធិកម្មសិទ្ធិ។

ពាក់ព័ន្ធនឹង​ករណីនេះ ក្រសួងមហាផ្ទៃកម្ពុជា ទទូចទៅកាន់អាជ្ញាធរ និងកម្លាំងនគរបាលថៃបញ្ឈប់ជាបន្ទាន់រាល់សកម្មភាពល្មើសច្បាប់ និង​ងាកមកគោរពបទឈប់បាញ់ ដោយចូលរួមពង្រឹងការអនុវត្តកិច្ចព្រមព្រៀងទ្វេភាគី និងចូលរួមដោះស្រាយបញ្ហាជាមួយកម្ពុជាប្រកបដោយសន្តិវិធី៕

ព័ត៌មានទាក់ទង