ភ្នំពេញ៖ ក្រុមអន្តរាគមន៍បង្ក្រាបបទល្មើសចលនាសត្វនៃអគ្គដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ បានដុតបំផ្លាញចោល «សាច់បង្កក» ខូចគុណភាពជាង ២៦តោន ដែលដកហូតបានពីទីតាំងស្តុកសាច់បង្កក ២កន្លែង និងពីរថយន្ត ១គ្រឿង នៅរាជធានីភ្នំពេញ។
លោក ហ៊ុន សារ៉ាត់ អនុប្រធាននាយកដ្ឋានសុខភាពសត្វ និងសុខភាពសាធារណៈបសុព្យាបាល បានបញ្ជាក់លើទំព័រហ្វេសប៊ុកថា សាច់បង្កកទាំងនេះ ត្រូវបានក្រុមការងាររបស់លោក សហការជាមួយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទរាជធានីភ្នំពេញ ព្រមទាំង សមាគមន៍អ្នកចិញ្ចឹមសត្វកម្ពុជា ដុតកម្ទេចចោលនៅថ្ងៃទី១៨ ខែកញ្ញា នៅទីលានចាក់សំរាមខណ្ឌដង្កោ រាជធានីភ្នំពេញ។ សាច់បង្កកទាំងនោះ រួមមាន ឆ្អឹងជំនីជ្រូក, សរសៃគោ, គូទមាន់, ខ្លាញ់ជ្រូក, ស្លាបមាន់, សាច់មាន់កិន, សាច់គោ, សាច់ជ្រូក និងសរសៃជើងមាន់ សរុប ២៦ ១៦០គីឡូក្រាម។
អនុប្រធាននាយកដ្ឋានសុខភាពសត្វរូបនេះ មិនបានបញ្ជាក់ថា សាច់បង្កកទាំងនេះ មានប្រភពមកពីណានោះទេ។ ប៉ុន្តែ បើមើលលើព័ត៌មានដែលចាប់បានកន្លងទៅ សាច់គ្មានគុណភាពទាំងនេះ ភាគច្រើនត្រូវបានឈ្មួញនាំចូលពីប្រទេសជិតខាង ដោយគ្មានលិខិតអនុញ្ញាត៕