ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ ប្រកាសជាសាធារណៈមិនយល់ស្របជាមួយនាយករដ្ឋមន្ត្រីអង់គ្លេស លោក Keir Starmer លើផែនការរបស់អង់គ្លេសក្នុងការទទួលស្គាល់រដ្ឋប៉ាឡេស្ទីន។
មេដឹកនាំអាម៉េរិក និងអង់គ្លេស បានធ្វើសន្និសីទកាសែតរួមគ្នាមួយ នៅថ្ងៃទី១៨ ខែកញ្ញា ដែលជាថ្ងៃទីពីររបស់ដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ លោក ត្រាំ ទៅអង់គ្លេស។ ក្នុងសន្និសីទកាសែតនេះ មេដឹកនាំទាំងពីរ បានពិភាក្សាពីការវិនិយោគថ្មីៗពីអាម៉េរិកនៅអង់គ្លេស នយោបាយ និងសង្គ្រាម។
ពេលនិយាយអំពីជម្លោះអ៊ីស្រាអែល-ប៉ាឡេស្ទីន លោក ត្រាំ បានបង្ហាញការមិនពេញចិត្តចំពោះផែនការរបស់លោក Starmer។ មុនសន្និសីទនេះ សារព័ត៌មានអង់គ្លេសផ្សាយថា រដ្ឋាភិបាលអង់គ្លេសនឹងទទួលស្គាល់រដ្ឋប៉ាឡេស្ទីនពេលលោក ត្រាំ ចាកចេញ។
ចំពោះមុខមេដឹកនាំអង់គ្លេស លោក ត្រាំ ចាត់ទុកជម្លោះអ៊ីស្រាអែល និងប៉ាឡេស្ទីនជារឿងស្មុគស្មាញ ហើយអះអាងថា ការទទួលស្គាល់រដ្ឋប៉ាឡេស្ទីននៅពេលនេះ មិនមែនជាដំណោះស្រាយទេ។
លោក ត្រាំ បានសង្កត់ធ្ងន់ថា អាទិភាពសំខាន់គឺបញ្ចប់ការប្រយុទ្ធគ្នា និងការដោះលែងចំណាប់ខ្មាំង។ ជនជាតិអ៊ីស្រាលអែលចំនួន២៥១នាក់ត្រូវបានក្រុមហាម៉ាសចាប់ ពីខែតុលា ឆ្នាំ ២០២៣ ដល់ឥឡូវមិនទាន់ដោះលែង។ នេះជាមូលហតុមួយដែលលោក ត្រាំ មិនទាន់ចង់ឱ្យមានការទទួលស្គាល់រដ្ឋប៉ាឡេស្ទីនដោយរង់ចាំក្រុម ហាម៉ាស ដោះលែងចំណាប់ខ្មាំងជាមុនសិន ទើបមានជំហានផ្សេងទៀត។
កន្លងមក អាម៉េរិក ក៏បានប្រាប់ឱ្យប្រទេសផ្សេងទៀតកុំទាន់ឱ្យទទួលស្គាល់រដ្ឋប៉ាឡេស្ទីន។ យ៉ាងណាមិញ បារាំង កាណាដា និងសម្ព័ន្ធមិត្តលោកខាងលិចផ្សេងទៀតកំពុងរៀបចំគម្រោងទទួលស្គាល់រដ្ឋប៉ាឡេស្ទីននៅមហាសន្និបាតអង្គការសហប្រជាជាតិថ្ងៃទី២២នេះ។