ហ្វីលីពីន បិទសាលារៀន លុបចោលជើងហោះហើរ ខណៈព្យុះស៊ុបភើទីហ្វុង Ragasa បក់បោកឆ្ពោះទៅកាន់កោះ Luzon

(ម៉ានីល)៖ អាជ្ញាធរហ្វីលីពីន នៅថ្ងៃចន្ទ ទី២២ ខែកញ្ញា បានសម្រេចបិទសាលារៀន និងក្រុមហ៊ុន ឬកន្លែងធ្វើការនានាជាបណ្ដោះអាសន្ននៅទូទាំងទីក្រុងម៉ានីល ព្រមទាំងខេត្តច្រើនផ្សេងទៀត ខណៈព្យុះស៊ុបភើទីហ្វុង Ragasa បានបក់បោកឆ្ពោះទៅរកកោះ Luzon នៃភាគខាងជើងប្រទេសជាមួយកម្លាំងខ្យល់បក់ និងភ្លៀងធ្លាក់យ៉ាងខ្លាំង។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

តាមអាជ្ញាធរឧតុនិយមហ្វីលីពីន ការប្រកាសភាពអាសន្នកម្រិតខ្ពស់អំពីព្យុះទីហ្វុងត្រូវបានធ្វើឡើងនៅកោះ Babuyan ជាមួយការជំរុញឱ្យប្រជាជនដែលរស់នៅតំបន់ទំនាប និងនៅតាមបណ្ដោយឆ្នេរ ជម្លៀសខ្លួនឱ្យបានមុនព្យុះបក់បោកកាន់តែខ្លាំង និងលទ្ធភាពអាចកើតមានគ្រោះទឹកជំនន់។ ព្យុះ Ragasa ត្រូវបានព្យាករថានឹងបក់បោកក្នុងល្បឿន ២០៥គីឡូម៉ែត្រ ក្នុងមួយម៉ោង ហើយអាចនឹងឡើងដល់ ២៥០គីឡូម៉ែត្រក្នុងមួយម៉ោង។ ព្យុះនេះទៀតសោតអាចនឹងបក់បោកដល់តំបន់ដីគោកនៅលើកោះ Babuyan មុននឹងបក់ឆ្លងកាត់ច្រកសមុទ្រ Luzon។

គួរបញ្ជាក់ថា អាជ្ញាធរហ្វីលីពីន បានព្រមានពីការដាច់ចរន្តអគ្គិសនីទ្រង់ទ្រាយធំ គ្រោះរអិលបាក់ដី និងរលកសមុទ្រដ៏គ្រោះថ្នាក់ ខណៈព្យុះ Ragasa ចាប់ផ្ដើមវាយប្រហារលើកោះ Luzon។ ចំណែក ក្រុមអាកាសចរណ៍ជាច្រើនក៏បានលុបចោលជើងហោះហើរជាច្រើនផងដែរ៕

ព័ត៌មានទាក់ទង