ភ្ញៀវទេសចរណ៍ច្រើនមកទស្សនាមុខអង្គវត្ត បើទោះជារំខានដោសារភ្លៀង ដែលមិនអាចមើលឃើញព្រះថ្ងៃរះចំកំពូលកណ្តាលប្រាសាទក៏ដោយ
មនុស្សច្រើនកុះករបាននាំគ្នាបន្តទៅទនស្សនាថ្ងៃរះចំកំពូលប្រាសាទអង្គរវត្ត នៅព្រឹកព្រលឹមថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៥នេះ បើទោះជាមានការរំខានដោយសារភ្លៀងបានបន្តធ្លាក់ខ្លាំងយ៉ាងណាក៏ដោយ ។ យោងតាមក្រសួងទេសចរណ៍ នៅក្នុងរដូវកាលបៃតង បើទោះបីជាមានភ្លៀងធ្លាក់យ៉ាងណាក៏ដោយ ក៏ភ្ញៀវទេសចរជាតិ និងអន្តរជាតិយ៉ាងច្រើនកុះករមកពីគ្រប់ទិសទីនៅទូទាំងប្រទេស និងពិភពលោក បានធ្វើដំណើរមកកាន់ខេត្តសៀមរាប ដើម្បីទស្សនាព្រឹត្តិការណ៍សមរាត្រី (Equinox) ពីថ្ងៃទី២១-២៣ ខែកញ្ញា ឆ្នាំ២០២៥ ។ បើទោះជាខកខានមិនបានទស្សនាថ្ងៃរះចំកំពូលប្រាសាទ ប៉ុន្តែភ្ញៀវទេសចរណ៍ បានបន្តការទស្សនាប្រាសាទអង្គរវត្ត ព្រមទាំងរមណីយដ្ឋានទេសចរណ៍នានានៅក្នុងខេត្តសៀមរាប ប្រកបដោយក្តីសោមនស្សរីករាយ និងទទួលបានបទពិសោធថ្មីក្នុងរដូវកាលបៃតង ដែលបរិយាកាសមានភាពស្រស់ស្រាយ ពណ៌បៃតង និង ត្រជាក់ត្រជុំ។
សូមបញ្ជាក់ថា សមរាត្រី (Equinox) ជាវេលា នៃពេលថ្ងៃ និងយប់មានរយៈពេលស្មើគ្នា ដែលតែងកើតមាន ២ដង ក្នុងមួយឆ្នាំ គឺនៅរដូវប្រាំង កើតមាននៅខែមីនា និងសមរាត្រីរដូវវស្សា តែងកើតទ្បើងនៅខែកញ្ញា ។ ក្នុងកាលវេលាមានសមរាត្រី នៅប្រាសាទអង្គរវត្តកម្ពុជា គឺមានករណីពិសេស គឺព្រះអាទិត្យតែងរះទ្បើងចំកំពូលកណ្តាលនៃអង្គរវត្តនាព្រឹកព្រលឹមស្រាងៗ ។ យោងតាមមន្ត្រីជំនាញ បានឲ្យដឹងថា ព្រឹត្តិការណ៍ព្រះអាទិត្យរះចំកំពូលកណ្ដាលនៃប្រាសាទអង្គរនេះ កើតមានឡើងដោយសារបុព្វដូនតាខ្មែរ បានប្រើគ្រប់ជំនាញពិសេសបូកបញ្ចូលគ្នា ដែលមានតាំងពីភាពប៉ិនប្រសប់ខាងស្ថាបត្យកម្ម ការរៀបចំដែនដី ផ្នែកតារាសាស្ត្រ ជំនាញបុរាណវិទ្យា និងជំនឿជាដើម ទើបធ្វើឱ្យមានលក្ខណៈពិសេសកើតមាននៅលើប្រាសាទអង្គរ ។ ភាពអស្ចារ្យ ដែលនាំឲ្យមានព្រឹត្តិការណ៍ព្រះអាទិត្យរះចំកំពូលកណ្ដាលប្រាសាទអង្គរវត្តនេះ គឺជាស្នាដៃឯក និងជាលក្ខណៈពិសេសដែលមានតែមួយគត់នៅកម្ពុជា ៕