អភិបាលខេត្តបន្ទាយមានជ័យ ស្នើភាគីថៃចូលរួមជាមួយកម្ពុជា អនុវត្តឱ្យបានម៉ឺងម៉ាត់នូវស្មារតីនៃកិច្ចប្រជុំ GBC
(បន្ទាយមានជ័យ)៖ លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានស្នើឱ្យភាគីថៃចូលរួមជាមួយកម្ពុជា អនុវត្តឱ្យបានម៉ឺងម៉ាត់នូវស្មារតីនៃកិច្ចប្រជុំពិសេសគណៈកម្មាធិការព្រំដែនទូទៅ (GBC) នាថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥ ចំណុច ៨.១ បានប្រគល់ភារកិច្ច ឱ្យខេត្តបន្ទាយមានជ័យរបស់កម្ពុជា និងខេត្តស្រះកែវរបស់ថៃ សម្របសម្រួលជាមួយគ្នា ដើម្បីគ្រប់គ្រងស្ថានការណ៍នៅទីតាំងផ្ទាល់ប្រកបដោយសន្តិវិធី រួមបញ្ចូលទាំងការបញ្ឈប់រាល់សកម្មភាពដែលពង្រីកទំហំវិវាទ និងបង្កើនភាពតានតឹង ដោយរង់ចាំដំណោះស្រាយរបស់គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) នៃប្រទេសទាំងពីរ។
ការស្នើរបស់លោក អ៊ុំ រាត្រី ធ្វើឡើងនៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៥នេះ ក្រោយមិនមានការឆ្លើយតបពីអភិបាលខេត្តស្រះកែវ ចំពោះលិខិតអញ្ជើញកាលពីថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៥ របស់អភិបាលខេត្តបន្ទាយ ដើម្បីជួបប្រជុំពិភាក្សាការងាររវាងរដ្ឋបាលខេត្តបន្ទាយមានជ័យ និងខេត្តស្រះកែវទាក់ទងនឹងភូមិព្រៃចាន់ និងភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ នៃព្រះរាជាណាចក្រកម្ពុជា និងភូមិណងយ៉ាកែវ ឃុំគោកស៊ូង និងភូមិណងចាន់ ឃុំណងម៉ាក់មូន ស្រុកគោកស៊ូង ខេត្តស្រះកែវ នៃព្រះរាជាណាចក្រថៃ។
លោក អ៊ុំ រាត្រី បានមានប្រសាសន៍ថា កន្លងទៅនេះយើងសង្កេតឃើញថា មានអ្នកនាំពាក្យរងនៃកងទ័ពភូមិន្ទថៃ រដ្ឋបាលខេត្តស្រះកែវ ក៏ដូចជាបណ្តាញព័ត៌មានថៃមួយចំនួនបានបង្ហាញ និងផ្សព្វផ្សាយដល់សាធារណជនជាតិ និងអន្តរជាតិ អំពីផែនទីរូបភាពផ្កាយរណប និងប្លង់ទីតាំងបង្គោលព្រំដែន នៅតំបន់ភូមិព្រៃចាន់ និងភូមិជោគជ័យ ដោយប្រើប្រាស់ឯកសារ និងព័ត៌មានទ្វេភាគីមួយចំនួន យកមកបកស្រាយប្រាស់ចាកពីការពិត។ ទោះបីជាផ្អែកទៅលើខ្សែមិនផ្លូវការ ដែលគូសនៅលើផែនទីរូបភាពផ្កាយរណប ជាឯកតោភាគីរបស់ថៃនៅចន្លោះបង្គោលព្រំដែនលេខ៤២ និងលេខ៤៣ និងចន្លោះបង្គោលព្រំដែនលេខ ៤៤ ដល់បង្គោលព្រំដែនលេខ ៤៧ នេះក៏ដោយ ក៏យើងអាចសង្កេតឃើញថា ការអង្កេតនៅលើដីជាក់ស្តែង បានបង្ហាញ និងបញ្ជាក់ច្បាស់ថា ក៏មានការកាន់កាប់ និងអាស្រ័យផលជាក់ស្តែងរបស់ប្រជាពលរដ្ឋថៃចូលមកកម្ពុជាវិញផងដែរ។
លោកអភិបាលខេត្តបន្ទាយមានជ័យ បានថ្លែងថា បញ្ហាទាំងអស់នេះបង្ហាញឱ្យឃើញពីភាពស្មុគ្រស្មាញ និងការលំបាកនៅក្នុងការងារដោះស្រាយបញ្ហាព្រំដែន ដែលទាមទារឱ្យគោរពទៅតាមកិច្ចព្រមព្រៀង និងគោលការណ៍ទាំងឡាយដែលភាគីទាំងពីរបានឯកភាពគ្នាកន្លងមក។ ក្នុងន័យនេះ លោកសូមស្នើឱ្យភាគីថៃចូលរួមជាមួយកម្ពុជាអនុវត្តឱ្យបានម៉ឺងម៉ាត់នូវស្មារតីនៃកិច្ចប្រជុំពិសេសគណៈកម្មាធិការព្រំដែនទូទៅ (GBC)។
ជាមួយគ្នានេះ ឯកឧត្តមអភិបាលខេត្ត ក៏បានសង្កត់ធ្ងន់ទៅលើភាពចាំបាច់ក្នុងការបង្កើតបរិយាកាសអំណោយផលដល់ដំណើរការស្វែងរក ដំណោះស្រាយលើបញ្ហាព្រំដែន ជាពិសេសតាមរយៈការបញ្ឈប់រាល់សកម្មភាពឯកតោភាគីទាំងឡាយ ដែលអាចនាំឱ្យប៉ះពាល់ដល់សុវត្ថិភាព និងជីវភាពរស់នៅរបស់ប្រជាជនយើងទាំងសងខាង ដោយរង់ចាំរហូតដល់មានការសម្រេចចិត្តរបស់គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) នៃប្រទេសទាំងពីរ។
អភិបាលខេត្តបន្ទាយមានជ័យ បានរំឭកពីឡើងវិញនូវគោលការណ៍ចំនួន ៤ ចំណុច ដូចដែលបានលើកឡើងជូនអភិបាលខេត្តស្រះកែវ កាលពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៥ និងស្នើភាគីថៃយកចិត្តទុកដាក់អនុវត្តគោលការណ៍ទាំងនេះឱ្យបានពេញលេញនិងខ្ជាប់ខ្ជួន។ គោលការណ៍ទាំង ៤ចំណុចនេះរួមមាន៖
១-ស្នើសុំរក្សាស្ថានភាពដើមដែលមាន កុំពង្រីកវិសាលភាពនៃបញ្ហា ឬខ្វែងគំនិតគ្នាហើយរង់ចាំការសម្រេចពីគណៈកម្មាធិការចម្រុះព្រំដែននៃប្រទេសទាំកម្ពុជាថៃ។
២-ក្នុងករណីធ្វើទៅបាន ភាគីថៃត្រូវអនុញ្ញាតឱ្យប្រជាពលរដ្ឋចូលទៅរស់នៅក្នុងផ្ទះរបស់ពួកគាត់វិញ។ ភាគីថៃត្រូវដោះបន្លាលួស ស្បៃ និងកង់ឡាន ហើយរង់ចាំការសម្រេចរបស់ JBC ប្រទេសទាំងពីរដោយគោរពយ៉ាងខ្ជាប់ខ្ជួនតាម MOU ឆ្នាំ២០០០ និង TOR ឆ្នាំ២០០៣។
៣-ស្នើសុំភាគីថៃជៀសវាងសកម្មភាពផ្សេងៗ ក្នុងដំណាក់កាលដែលមិនទាន់មានការប្រជុំសម្រេចពីគណៈកម្មការចម្រុះព្រំដែន នៃប្រទេសទាំងពីរកម្ពុជា-ថៃដូចជា៖ ការដាក់បន្លាលួសបន្ថែម ការចេញបណ្ណកម្មសិទ្ធិ ការធ្វើឱ្យប៉ះពាល់ដល់ផ្ទះសម្បែង និងទ្រព្យសម្បតិ្តប្រជាពលរដ្ឋដែលនៅជាប់ក្នុងបន្លាលួស ការបញ្ជូនប្រជាជនថៃមកកាន់កាប់ទីតាំងដែលមិនទាន់មានភាពដាច់ស្រេច។ល។
៤-ករណីដែលពុំមែនជាភារកិច្ច និងសមត្ថកិច្ច របស់រដ្ឋបាលខេត្តត្រូវបញ្ជូនទៅ GBC និង JBC។
លោក អ៊ុំ រាត្រី បានថ្លែងថា ពាក់ព័ន្ធនឹងការសម្រេចលើកិច្ចការព្រំដែននិងបូរណភាពទឹកដី រដ្ឋបាលខេត្តមិនមានសិទ្ធិសម្រេចលើបញ្ហាបូរណភាពទឹកដីនេះទេ ដោយបានគូសបញ្ជាក់ថា៖ «តាមខ្ញុំដឹងទាំងរដ្ឋធម្មនុញ្ញរបស់ថៃ ក៏ដូចជារដ្ឋធម្មនុញ្ញរបស់កម្ពុជា បានកំណត់យ៉ាងច្បាស់ថា ការសម្រេចពាក់ព័ន្ធនឹងបូរណភាពទឹកដីនិងព្រំដែន គឺត្រូវមានការអនុម័តពីរដ្ឋសភា និងឡាយព្រះហស្តលេខាពីព្រះមហាក្សត្រ។ ដូច្នេះខេត្តពុំមានសមត្ថកិច្ចក្នុងការសម្រេចអំពីបញ្ហាកិច្ចការព្រំដែននិងការងារខណ្ឌសីមានេះទេ»។
លោកបានថ្លែងថា រដ្ឋបាលខេត្តបន្ទាយមានជ័យប្រកាន់ខ្ជាប់នូវគោលការណ៍អនុវត្តតាមអ្វីដែលជាការព្រមព្រៀង ដែលប្រទេសទាំងពីរឯកភាពគ្នា ជាពិសេស ដំណោះស្រាយដែលនឹងត្រូវសម្រេចដោយ GBC និង JBC ដែលជាយន្តការមានសមត្ថកិច្ចលើកិច្ចការព្រំដែន ស្របតាម MoU ឆ្នាំ២០០០ ដែលជាសន្ធិសញ្ញារវាងប្រទេសទាំងពីរ។ លោកអភិបាលខេត្ត ក៏បានសំណូមពរអភិបាលខេត្តស្រះកែវ ចូលរួមក្នុងការដឹកនាំសម្របសម្រួលជាមួយគ្នាឱ្យបានជិតស្និទ្ធ ដើម្បីគ្រប់គ្រងស្ថានការណ៍នៅទីតាំងផ្ទាល់ដោយសន្តិវិធី និងជៀសវាងរាល់សកម្មភាពដែលអាចនាំឱ្យមានការពង្រីកទំហំវិវាទ និងបង្កើនភាពតានតឹង៕