ភ្នំពេញ៖ លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ បានច្រានចោលការចោទប្រកាន់របស់ភាគីថៃ ពាក៉ព័ន្ធនឹងករណីផ្ទុះការបាញ់កាំភ្លើង ដែលកើងឡើង ចាប់ពីវេលាទៀបភ្លឺថ្ងៃទី២៥ កញ្ញា។ តាមរយៈសេចក្តីប្រកាសព័ត៌មាន ចេញផ្សាយនៅរសៀលថ្ងៃទី២៦ ខែកញ្ញានេះ ក្រសួងការពារជាតិ អះអាងថា ការផ្ទុះការបាញ់កាំភ្លើងនោះ គឺកើតនៅខាងថៃ ដោយមានផ្ទុះការបាញ់កាំភ្លើង៤គ្រាប់។ ហេតុការណ៍នេះកើតឡើង នៅម៉ោង២និង៥៧នាទីយប់ ចំនួន១គ្រាប់, នៅម៉ោង៥ព្រឹក មួយគ្រាប់, នៅម៉ោង៦ព្រឹក មួយគ្រាប់ និងនៅម៉ោង៧ មានផ្ទុះមួយគ្រាប់ទៀត។ ក្រសួងការពារជាតិ បន្ថែមដូច្នេះ។
ក្រសួងការពារជាតិកម្ពុជា សង្កេតឃើញគេហទំព័រផ្លូវការរបស់កងទ័ពជើងគោកថៃ និងសារព័ត៌មានរបស់ថៃមួយចំនួន ចុះផ្សាយចោទកម្ពុជា ជាអ្នកបង្កហេតុពេញមួយយប់នៅតំបន់យោធភូមិ ភាគទី២ ដោយឮសំឡេងកាំភ្លើង, សំឡេងផ្ទុះគ្រាប់បែក, រកឃើញការចូលជិតលួសបន្លា ហើយការបាញ់ ដើម្បីពិនិត្យមើលរយៈចម្ងាយ។ ករណីនេះ អ្នកនាំពាក្យក្រសួងការពារជាតិ ច្រានចោលទាំងស្រុង ហើយអះអាងប្រាប់ទៅវិញថា៖ «កងកម្លាំងរបស់កម្ពុជាមិនបានបង្កហេតុ ឬធ្វើសកម្មភាពណាមួយ ដែលរំលោភបំពានលើកិច្ចព្រមព្រៀងបទឈប់បាញ់ ដូចការលើកឡើងរបស់ភាគីថៃឡើយ»។
ជាថ្មីម្ដងទៀត អ្នកនាំពាក្យការពារជាតិ បានបង្ហាញជំហររបស់កងកម្លាំងកម្ពុជា គឺប្តេជ្ញាចិត្តគោរពយ៉ាងពេញលេញចំពោះការគោរព និងអនុវត្តនូវកិច្ចព្រមព្រៀងនៃបទឈប់បាញ់រវាងយោធាកម្ពុជានិងយោធាថៃ។ ទន្ទឹមនឹងនេះ ក្រុមទំនាក់ទំនងរវាងកម្ពុជា-ថៃ នៅជួរមុខ ធ្វើការជាមួយគ្នាជាប់ជាប្រចាំ តាមរយៈការផ្តល់ព័ត៌មាន ឬការបញ្ជាក់គ្នាទៅវិញទៅមក ដើម្បចៀសវាងការភាន់ច្រឡំ ឬការបង្កភាពតានតឹងណាមួយដែលមិនចាំបាច់។
សូមជម្រាបថា សព្វថ្ងៃ ថៃបានពង្រីកតំបន់ជម្លោះនៅកាន់ចេញពីតំបន់ខេត្តព្រះវិហារ ឧត្តរមានជ័យ ទៅដល់ខេត្តបន្ទាយមានជ័យ ដោយបានដាក់ បន្លាលួសព័ន្ធយកដីពលរដ្ឋកម្ពុជា។ ជាក់ស្ដែងកាលពីថ្ងៃទី១៧កញ្ញា មានការប៉ះទង្គិចគ្នារវាងកងកម្លាំងយោធាថៃ ជាមួយពលរដ្ឋខ្មែរ នៅខេត្តបន្ទាយមានជ័យ បណ្ដាលឱ្យពលរដ្ឋខ្មែរនិងព្រះសង្ឃ២៩អង្គ/នាក់ រងរបួស៕