(រតនគិរី)៖ ដោយគិតត្រឹមព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៥ ស្ថានភាពកម្ពស់ទឹកទន្លេស្រែពកលំផាត់ នៅតែបន្តកើនឡើងជាលំដាប់ ដល់ ១៣,៦ម៉ែត្រ ដែលបណ្ដាលឲ្យលិចភូមិ និងលំនៅឋានប្រជាពលរដ្ឋមួយចំនួន នៅតាមដងទន្លេ។
ក្នុងស្ថានភាពនេះ រដ្ឋបាលខេត្តរតនគិរី ក៏ដូចជាអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ និងគណៈកម្មការគ្រប់គ្រងគ្រោះអន្តរាយខេត្ត បានកំពុងបន្តយកចិត្តទុកដាក់តាមដានយ៉ាងយកចិត្តទុកដាក់ និងជួយសម្រួលជម្លៀសបងប្អូន ប្រជាពលរដ្ឋទៅកាន់ទីទួលសុវត្ថិភាព។
រដ្ឋបាលខេត្តរតនគិរី បានអំពាវនាវជូនដំណឹងដល់ប្រជាពលរដ្ឋដែលរស់នៅតាមដងទន្លេទាំងអស់ ប្រុងប្រយ័ត្ន និងត្រៀមលក្ខណៈឱ្យបានខ្ពស់ និងធ្វើការទំនាក់ទំនងមកអាជ្ញាធរមូលដ្ឋានក៏ដូចជាអាជ្ញាធរស្រុក ខេត្ត ក្នុងករណីត្រូវការជំនួយចាំបាច់ណាមួយ ឬបន្ទាន់ អាជ្ញាធរនឹងជួយសម្របសម្រួលជូនបងប្អូនប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា។
រដ្ឋបាលខេត្តរតនគិរី ក៏ជូនដំណឹងស្តីពីការផ្អាកចរាចរណ៍ ជាបណ្តោះអាសន្នសម្រាប់រថយន្តដឹកទំនិញធន់ធ្ងន់គ្រប់ប្រភេទលើផ្លូវជាតិលេខ ៣៧៦៨ ផ្លូវបំបែកពីស្រុកលំផាត់ទៅស្រុកបរកែវ និងផ្លូវជាតិលេខ៧៦ ចន្លោះបង្គោលគីឡូម៉ែត្រលេខ ២៧០ ដល់ ២៧៣ ស្រុកលំផាត់ ខេត្តរតនគិរី៕