រថយន្តក្រុងសាធារណៈរបស់រដ្ឋបាលរាជធានីភ្នំពេញ ដឹកប្រជាពលរដ្ឋដោយមិនគិតថ្លៃ ទាំងទៅស្រុកកំណើត និងត្រឡប់មកភ្នំពេញវិញ ក្នុងរដូវបុណ្យភ្ជំបិណ្ឌ

(ភ្នំពេញ)៖ រយៈពេល ៦ថ្ងៃ នៃការដឹកជញ្ជូនប្រជាពលរដ្ឋទៅលេងស្រុកកំណើត ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ ប្រពៃណីជាតិខ្មែរ មានប្រជាពលរដ្ឋប្រមាណជិត ១០ម៉ឺននាក់ បានទទួលការជិះរថយន្តក្រុងសាធារណៈ ដោយមិនគិតថ្លៃ ដែលជាការគិតគូររបស់សម្ដេចបវរអធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។

លោកស្រី ដោ សម្ផស្ស នាយិការរងរដ្ឋបាលរាជធានីភ្នំពេញ និងជាអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បានឱ្យដឹងនាល្ងាចថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៥នេះថា រយៈពេល ៦ថ្ងៃ ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ មានប្រជាពលរដ្ឋសរុប ចំនួន ៩២.៥២១នាក់ បានធ្វើដំណើរតាមរថយន្តក្រុងសាធារណៈរបស់រដ្ឋបាលរាជធានីភ្នំពេញ ទៅស្រុកកំណើត និងត្រឡប់មកភ្នំពេញវិញ។ បើធៀបនឹងរដូវភ្ជុំឆ្នាំ២០២៤ មានចំនួនត្រឹមតែ ៧១.៣៦០នាក់ គឺឆ្នាំនេះ កើនឡើងប្រមាណ ៣០%។

លោកស្រី ដោ សម្ផស្ស ក៏បានបញ្ជាក់ផងដែរថា អ្វីដែលល្អថែមទៀតនោះ គឺប្រជាពលរដ្ឋដែលជិះរថយន្តក្រុង មានសុវត្ថិភាពល្អ មិនមានគ្រោះថ្នាក់ចរាចរនោះទេ ពោលគឺសុវត្ថិភាព ១០០ភាគរយ។ ប្រជាពលរដ្ឋដែលនាំគ្នាជិះរថយន្តក្រុងសាធារណៈចំណេញថវិកាផ្ទាល់ខ្លួន ម្នាក់ៗប្រមាណ ៨ម៉ឺនរៀល ឬ ២០ដុល្លារអាមេរិក ដោយមិនបានចំណាយដល់ការធ្វើដំណើរដោយរថយន្តឈ្នួលរបស់ក្រុមហ៊ុនឯកជន។

ពីមួយឆ្នាំទៅមួយឆ្នាំ ប្រជាពលរដ្ឋក៏ដូចជាកម្មករកម្មការិនីរោងចក្រ ដែលជិះរថយន្តក្រុងទៅលេងស្រុកកំណើតជួបជុំបងប្អូន ក្នុងឱកាសបុណ្យជាតិធំៗ ដូចជាពិធីបុណ្យចូលឆ្នាំថ្មីនិងពិធីបុណ្យភ្ជុំបិណ្ឌ ប្រពៃណីជាតិខ្មែរជាដើមនេះ មានកំណើនកើនឡើងជាលំដាប់។ ការកើនឡើងពីចំនួនអ្នកជិះរថយន្តក្រុងសាធារណៈនេះ គឺដោយសារតែប្រជាពលរដ្ឋ មានជំនឿជឿជាក់លើរាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត ហើយម្យ៉ាងទៀតការធ្វើដំណើរដោយរថយន្តក្រុងនេះ ពួកគាត់ទទួលបានសុវត្ថិភាពផងដែរ។ ជាក់ស្តែងដូចនេះប្រជាពលរដ្ឋធ្វើដំណើរដោយរថយន្តក្រុង គឺសុវត្ថិភាព ១០០ភាគរយតែម្តង។

គួរបញ្ជាក់ថា អនុវត្តតាមអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា កាលពីថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៥ សម្រាប់ពិធីបុណ្យភ្ជុំបិណ្ឌ ប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ២៥៦៩នេះ រដ្ឋបាលរាជធានីភ្នំពេញ បានរៀបចំរថយន្តក្រុង ចំនួន ៥៩៧គ្រឿង សម្រាប់បម្រើសេវាដឹកជញ្ជូនសាធារណៈ ដោយមិនបង់ប្រាក់ រយៈពេល ០៦ថ្ងៃ ដោយចាប់អនុវត្តពីថ្ងៃទី២០ ដល់ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៥ ក្នុងនោះរួមមាន៖

១៖ រថយន្តក្រុងចំនួន ១០០គ្រឿង ប្រើប្រាស់សម្រាប់បម្រើសេវាដឹកជញ្ជូនប្រជាពលរដ្ឋប្រចាំថ្ងៃ ក្នុងរាជធានីភ្នំពេញ និងសេវារថយន្តក្រុងសាធារណៈអាកាសយានដ្ឋានអន្តរជាតិតេជោ (AIRPORT EXPRESS BUS)។

២-រថយន្តក្រុងចំនួន ៤៩៧គ្រឿង ប្រើប្រាស់សម្រាប់ដឹកជញ្ជូនប្រជាពលរដ្ឋ ពីរាជធានីភ្នំពេញទៅលេងស្រុកកំណើត និងការវិលត្រលប់មកវិញ ដោយមានបែងចែកជាខ្សែរត់ធំៗ ចំនួន ៧គោលដៅ ព្រមទាំងបានរៀបចំទឹកពិសារបរិសុទ្ធ ដោយឥតគិតថ្លៃ នៅក្នុងរថយន្តក្រុងនីមួយៗ តាមគោលដៅចេញដំណើរផងដែរ៕

ព័ត៌មានទាក់ទង