នាយករដ្ឋមន្ត្រីម៉ាឡេស៊ី គូសបញ្ជាក់ពីតួនាទីរបស់អាស៊ានក្នុងបញ្ហាកម្ពុជា-ថៃ ក្នុងកិច្ចពិភាក្សាតាមទូរស័ព្ទជាមួយលោក ដូណាល់ ត្រាំ
(គូឡាឡាំពួ)៖ ម៉ាឡេស៊ី ដែលបច្ចុប្បន្នក្នុងនាមជាប្រធានអាស៊ាន បានគូសបញ្ជាក់ឡើងវិញពីតួនាទីរបស់ខ្លួន និងអាស៊ាននៅក្នុងកិច្ចការសន្តិសុខតំបន់ បន្ទាប់ពីកិច្ចប្រឹងប្រែងប្រកបដោយជោគជ័យនៅក្នុងការជួយសម្របសម្រួលឱ្យមានបទឈប់បាញ់រវាងកម្ពុជា និងថៃ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Malay Mail នៅថ្ងៃព្រហស្បតិ៍ ទី២៥ ខែកញ្ញា ឆ្នាំ២០២៥។
នៅក្នុងកិច្ចពិភាក្សាតាមទូរស័ព្ទជាមួយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នៅថ្ងៃព្រហស្បតិ៍នេះ នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Anwar Ibrahim បានកត់សម្គាល់ពីការប្ដេជ្ញាចិត្តរបស់ម៉ាឡេស៊ី ដើម្បីលើកកម្ពស់សន្តិភាពនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។
«ម៉ាឡេស៊ីក្នុងនាមជាប្រធានអាស៊ាន នឹងបន្តដើរតួនាទីប្រកបដោយការទទួលខុសត្រូវ នៅក្នុងការធានាសន្តិភាពតំបន់ ជាពិសេសពាក់ព័ន្ធនឹងបញ្ហាកម្ពុជា និងថៃ»។ នេះជាការគូសបញ្ជាក់របស់លោក Anwar Ibrahim ដោយបន្ថែមទៀតថា លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានទទួលស្គាល់កិច្ចប្រឹងប្រែងរបស់ម៉ាឡេស៊ី ជាមួយការចាត់ទុកថាបទឈប់បាញ់ គឺជាសមិទ្ធផលដ៏ធំ ដែលបានឆ្លុះបញ្ចាំងពីភាពគួរឱ្យជឿទុកចិត្តរបស់ម៉ាឡេស៊ី និងភាពធន់របស់អាស៊ាន។
គួរបញ្ជាក់ថា លោក Anwar Ibrahim ក៏បានបង្ហាញពីក្ដីរំពឹងផងដែរថា លោក ដូណាល់ ត្រាំ នឹងមានវត្តមានចូលរួមកិច្ចប្រជុំកំពូលអាស៊ានក្នុងទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី នៅខែតុលាខាងមុខនេះ៕