វ៉ាស៊ីនតោន ៖ ប្រធានាធិបតីអាមេរិក លោក Donald Trump បានចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិមួយ កាលពីថ្ងៃព្រហស្បតិ៍ ដោយប្រកាសពីផែនការលក់ប្រតិបត្តិការនៅអាមេរិករបស់វេទិកាបណ្តាញសង្គម TikTok ដែលគ្រប់គ្រងដោយចិនទៅឲ្យសហរដ្ឋអាមេរិក ឬ អ្នកវិនិយោគិនទូទាំងពិភពលោក ដើម្បីឆ្លើយតបតាមដំណោះស្រាយតម្រូវការសន្តិសុខជាតិនៅក្នុងច្បាប់ឆ្នាំ ២០២៤។
ផ្អែកតាមសេចក្តីរាយការណ៍របស់សារព័ត៌មាន Channel News Asia, លោកអនុប្រធានាធិបតីអាមេរិក JD Vance បាននិយាយថា ក្រុមហ៊ុនថ្មីរបស់សហរដ្ឋអាមេរិកនឹងទិញ TikTok ក្នុងតម្លៃប្រហែល ១៤ពាន់លានដុល្លារ ដែលនេះជាការកំណត់តម្លៃលើកម្មវិធីវីដេអូកម្សាន្តខ្លីៗដ៏ល្បីលំដាប់ពិភពលោកមួយនេះជាលើកដំបូង។
ទោះជាយ៉ាងណា លោកប្រធានាធិបតី Trump កាលពីថ្ងៃព្រហស្បតិ៍ បានពន្យារពេលការអនុវត្តច្បាប់ដែលហាមប្រាមកម្មវិធីនេះ លុះត្រាតែម្ចាស់គ្រប់គ្រងចិនយល់ព្រមលក់ TikTok រហូតដល់ថ្ងៃទី២០ ខែមករាឆ្នាំក្រោយ ស្របពេលមានកិច្ចខិតខំប្រឹងប្រែងទិញយកវេទិកាបណ្តាញសង្គមពិភពលោកមួយនេះ ពីសំណាក់ជនជាតិអាមេរិក ក្រុមវិនិយោគិនអាមេរិក និង អ្នកផ្សេងទៀត ហើយឈ្នះការយល់ព្រមពីរដ្ឋាភិបាលចិន។
ការចេញផ្សាយបទបញ្ជាប្រតិបត្តិនេះ បានបង្ហាញថា លោកប្រធានាធិបតី Trump កំពុងជំរុញខ្លាំងលើការលក់ទ្រព្យសម្បត្តិរបស់ TikTok នៅសហរដ្ឋអាមេរិក ប៉ុន្តែព័ត៌មានលម្អិតជាច្រើនចាំបាច់ត្រូវបកស្រាយ រួមទាំងរបៀបដែលអង្គភាពអាមេរិកនឹងប្រើប្រាស់ទ្រព្យសម្បត្តិដ៏សំខាន់បំផុតរបស់ TikTok។
បទបញ្ជាប្រតិបត្តិរបស់លោកប្រធានាធិបតី Trump នេះទៀតសោត បានគូសបញ្ជាក់ថា ដំណើរការនេះនឹងត្រូវបានតាមដានដោយបណ្ដាដៃគូសន្តិសុខរបស់ក្រុមហ៊ុនអាមេរិក ហើយប្រតិបត្តិការនៃដំណើរការនេះ នឹងស្ថិតនៅក្រោមការគ្រប់គ្រងសហកម្មសិទ្ធិថ្មី។
ទន្ទឹមគ្នា លោកប្រធានាធិបតី Trump ខ្លួនឯងផ្ទាល់ ក៏បានអះអាងដែរថា លោកប្រធានាធិបតីចិន Xi Jinping បានបង្ហាញពីការយល់ព្រមលើផែនការនេះរួចហើយ។ លោកថ្លែងយ៉ាងដូច្នេះថា TikTok នឹងប្រតិបត្តិការដោយអាមេរិកគ្រប់យ៉ាង។ យ៉ាងណាមិញ ភ្លាមៗស្ថានទូតចិនប្រចាំទីក្រុងវ៉ាស៊ីនតោន និង Tiktok ផ្ទាល់ មិនទាន់ធ្វើចេញប្រតិកម្មយ៉ាងណាមួយនៅឡើយទេ ជុំវិញបញ្ហានេះ។
ក្រុមហ៊ុនបច្ចេកវិទ្យាអាមេរិកធំៗ ដូចជា Oracle, Silver Lake, និងក្រុមហ៊ុនអារ៉ាប់រួម MGX នឹងក្លាយជាអ្នកវិនិយោគសំខាន់ ក្នុងអាជីវកម្មរបស់ TikTok នៅអាមេរិក ដោយកាន់កាប់ភាគហ៊ុនប្រហែល ៤៥%។ ចំណែកវិនិយោគិនមកពី ByteDance និងអ្នកថ្មីផ្សេងទៀត នឹងកាន់កាប់ភាគហ៊ុនត្រឹម ៣៥%។ នេះបើតាមការចុះផ្សាយរបស់បណ្ដាញព័ត៌មាន CNBC ដោយស្រង់សម្ដីប្រភពដឹងពីបញ្ហានេះ៕