ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា ផ្ដល់ជំនួយ ១០ម៉ឺនដុល្លារដល់រដ្ឋបាលខេត្តព្រះវិហារ ជួយដល់ជីវភាពជនភៀសសឹក ដែលរងគ្រោះដោយជម្លោះព្រំដែនកម្ពុជា-ថៃ

(ភ្នំពេញ)៖ លោក វ៉ាង វិនប៊ីន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៥ បាននាំយកជំនួយជាថវិកាចំនួន ១០ម៉ឺនដុល្លារ ប្រគល់ជូនរដ្ឋបាលខេត្តព្រះវិហារ ដើម្បីលើកកម្ពស់ជីវភាពជនភៀសសឹក ដែលរងគ្រោះដោយជម្លោះព្រំដែនកម្ពុជា-ថៃ។

លោក វ៉ាង វិនប៊ីន បានបង្ហោះរូបភាព និងខ្លឹមសារក្នុងបណ្តាញទំនាក់ទំនងសង្គមផ្លូវការរបស់ខ្លួនថា «ថ្ងៃនេះ ស្ថានទូតចិនប្រចាំនៅកម្ពុជា បានផ្តល់ជំនួយសាច់ប្រាក់ចំនួន ១០ម៉ឺនដុល្លារអាមេរិក ដល់រដ្ឋបាលខេត្តព្រះវិហារ ដើម្បីលើកកម្ពស់ជីវភាពជនភៀសសឹក ដែលរងគ្រោះដោយជម្លោះព្រំដែន កម្ពុជា-ថៃ»

បន្ថែមពីនោះទៀត លោកសង្ឃឹមយ៉ាងមុតមាំថា ជីវិតរបស់ប្រជាជននៅតំបន់ព្រំដែន នឹងវិលមករកប្រក្រតីភាពវិញក្នុងពេលឆាប់ៗនេះ ហើយភាគីចិន នឹងបន្តខិតខំប្រឹងប្រែង ដើម្បីសម្រេចបាននូវគោលបំណងនេះ៕

ព័ត៌មានទាក់ទង