កូរ៉េខាងត្បូង បានចាប់ផ្តើមអនុវត្តផែនការ ដែលអនុញ្ញាតឱ្យក្រុមភ្ញៀវទេសចរចិន ចូលប្រទេសខ្លួន សម្រាប់រយៈ១៥ថ្ងៃ ដោយពុំចាំបាច់មានទិដ្ឋាការ។ ផែនការនេះ ចាប់ផ្តើម ពីថ្ងៃទី២៩ ខែកញ្ញនេះ ដោយគោលបំណងរបស់រដ្ឋាភិបាលសាធារណរដ្ឋកូរ៉េ គឺសង្ឃឹមថានឹងអាចជំរុញសេដ្ឋកិច្ច និងជួយពង្រឹងទំនាក់ទំនងជាមួយចិន ដែលជាប្រទេសជិតខាងរបស់ខ្លួន។ នេះបើយោងតាមការរាយការណ៍របស់សារព័ត៌មាន Reuter។
កូរ៉េខាងត្បូង បានណែនាំកម្មវិធីសាកល្បងដែលអនុញ្ញាតឱ្យក្រុមទេសចរចិនចាប់ពី ៣ នាក់ឡើងទៅ ចូលប្រទេសដោយមិនមានទិដ្ឋាការ រហូតដល់រយៈពេល១៥ថ្ងៃ ដោយចាប់ផ្តើមពីថ្ងៃទី ២៩ ខែកញ្ញា ឆ្នាំ២០២៥ រហូតដល់ខែមិថុនា ឆ្នាំ២០២៦។ គម្រោងនេះ បានរៀបចំឡើងនៅចំថ្ងៃបុណ្យជាតិរយៈពេលមួយសប្តាហ៍ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៨ ខែតុលា របស់ចិន និងថ្ងៃឈប់សម្រាកជាច្រើនរបស់កូរ៉េខាងត្បូង។
បច្ចុប្បន្ន អាជីវកម្មនៅកូរ៉េខាងត្បូង កំពុងតែកែសម្រួលសេវាកម្មរបស់ខ្លួន ដើម្បីទាញយកផលចំណេញ ពីតម្រូវការដែលនឹងកើនឡើងតាមរយៈវិធានការថ្មីនេះ។ ក្រុមហ៊ុន Shilla Duty Free កំពុងរៀបចំដំណើរកម្សាន្តតាមនាវាសម្រាប់ភ្ញៀវចិន ហើយក្រុមហ៊ុនដឹកជញ្ជូន Baedal Minjok កំពុងបន្ថែមជម្រើសបង់ប្រាក់ ដូចជា Alipay និង WeChat Pay ដើម្បីធ្វើឱ្យសេវាកម្មកាន់តែងាយស្រួល។
កម្មវិធីនេះ ត្រូវបានប្រកាសកាលពីខែមីនា ឆ្នាំ២០២៥នេះ បន្ទាប់ពីរដ្ឋាភិបាលចិន កាលពីខែវិច្ឆិកា ឆ្នាំ២០២៤ សម្រេចចិត្តផ្តល់ឱ្យជនជាតិកូរ៉េខាងត្បូង ចូលទឹកដីចិនរយៈ៣០ថង្ៃ ដោយមិនបាច់មានទិដ្ឋាការ។
លើកចុងក្រោយ ដែលកូរ៉េខាងត្បូងបានឱ្យជនជាតិចិនចូលក្នុងប្រទេសដោយមិនទាមទារទិដ្ឋាការដែរនោះ គឺកាលពីឆ្នាំ២០១៧ និងឆ្នាំ២០១៨ ស្របនឹងការព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងា។
រដ្ឋបាលថ្មីរបស់ប្រធានាធិបតីកូរ៉េខាងត្បូង លោក Lee Jae Myung សង្ឈឹមថា វិធានការនេះ នឹងធ្វើឱ្យទំនាក់ទំនង ជាមួយចិន ប្រសើរឡើងខណៈ ប្រធានាធិបតីចិន លោក ស៊ី ជីនពីង គ្រោងធ្វើទស្សនកិច្ចកូរ៉េខាងត្បូង នៅចុងខែតុលាខាងមុខ ដើម្បីចូលរួមសម្ព័ន្ធ អាស៊ីប៉ាស៊ីហ្វិក៕