ជាតិព្យុះកំណាច ប៊ូឡូយ វាយប្រហារវៀតណាមពេញទំហឹង, ចំនួនមនុស្សស្លាប់ កើនឡើងច្រើនទៅៗ

ព្យុះទីហ្វុងដ៏កំណាច ប៊ូឡូយ បានវាយប្រហារប្រទេសវៀតណាមពេញទំហឹង ដោយបង្កការបំផ្លិចបំផ្លាញយ៉ាងដំណំ ខណៈគិតត្រឹមរសៀលថ្ងៃចន្ទទី២៩ខែកញ្ញាឆ្នាំ២០២៥ ព្យុះនេះផ្តាច់ជីវិតមនុស្ស១២នាក់និងរបួសមនុស្សច្រើននាក់ទៀត។

តាមការផ្សាយរបស់ VN Express, មនុស្សស្លាប់ត្រូវបានគេរកឃើញនៅ Ninh Binh ៩នាក់, Thanh Hoa ១នាក់, Hue ១នាក់និង​ Da Nang ១នាក់។ ក្រៅការស្លាប់ ក៏នៅមានមនុស្ស១៨នាក់ទៀតរងរបួសក្នុងខេត្ត Ninh Binh រីឯអ្នកនេសាទ១៧នាក់ កំពុងបាត់ការទាក់ទង។

ព្យុះប៊ូឡូយ បានបោកបក់វាយប្រហារដីគោកភាគកណ្តាលប្រទេសវៀតណាម នៅថ្ងៃចន្ទ ដោយបង្កការបំផ្លិចបំផ្លាញផ្ទះសម្បែង និងសំណង់អគារជាពិសេសនៅខេត្ត Ninh Binh, Thanh Hoa, Ha Tinh និង Quang Tri។ យ៉ាងណា មុនពេលព្យុះនេះមកដល់ វៀតណាមបានជម្លៀសមនុស្សរាប់ម៉ឺននាក់រួចហើយ។

នៅ Ha Tinh ផ្ទះជិត ៤៣ ០០០ខ្នងត្រូវព្យុះបោកកម្ទេចបំប៉ើងដំបូល, ទឹកជំនន់ជន់លិចដីស្រែចម្ការជិត ១ ០០០ហិកតា ចំណែកសាលារៀននិងមន្ទីរពេទ្យ ក៏រងការបំផ្លាញធ្ងន់ធ្ងរផងដែរ។

បង្គោលភ្លើងនិងដើមឈើ ត្រូវបាក់គ្រប់កន្លែង, ជើងហោះហើរមួយចំនួនក៏ផ្អាក រីឯសេវារថភ្លើងក៏ពន្យារពេលសិនផងដែរ ព្រោះតែឥទ្ធិពលដ៏កាចសាហាវរបស់ព្យុះ។ នៅតំបន់ភ្នំ វាបង្កជាបំណាក់ដី និងកាត់ផ្តាច់ផ្លូវធ្វើចរាចរណ៍ បង្កការកកស្ទះ។

សូមជម្រាបជាថ្មី វៀតណាមងាយនឹងរងគ្រោះដោយព្យុះទីហ្វុងណាស់ ដោយមានមនុស្សជាង ១០០ នាក់បានស្លាប់ឬបាត់ខ្លួនក្នុងគ្រោះមហន្តរាយធម្មជាតិនារយៈពេល ៧ ខែដំបូងនៃឆ្នាំ ២០២៥។

រូបថតៈ VN Express
រូបថតៈ VN Express
រូបថតៈ VN Express
រូបថតៈ VN Express

កាលពីឆ្នាំមុន ព្យុះទីហ្វុង Yagi ក៏បណ្តាលឲ្យមានការខាតបង់សេដ្ឋកិច្ចចំនួន ៣.៣ ពាន់លានដុល្លារអាមេរិក និងមានមនុស្សស្លាប់រាប់រយនាក់នៅភាគខាងជើងប្រទេសវៀតណាមផងដែរ៕

កម្ពុជាថ្មី

 

ព័ត៌មានទាក់ទង