ភ្នំពេញ៖ ពហិការផលិតផលថៃ ឬប្រឹងប្រែងជំរុញការផលិតក្នុងស្រុក? នេះជាចលនាពីរ ដែលកំពុងមាននៅកម្ពុជាបច្ចុប្បន្នក្នុងកាលៈទេសៈនៃជម្លោះព្រំដែនជាមួយប្រទេសថៃ។ ជុំវិញករណីនេះ លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា កត់សម្គាល់ថា ចលនាទាំងពីរកើតចេញពីការឈឺចាប់ដូចគ្នារបស់ពលរដ្ឋខ្មែរ។ សម្ដេចព្រះមហាអរិយវង្ស យ៉ន សេងយៀត រំឭកគ្រហស្ថ កុំឱ្យការសម្ដែងមតិផ្សេងគ្នារបស់ពលរដ្ឋខ្មែរក្លាយជាការបែកបាក់ជាតិ។
មិនថាជំហរបដិសេធផលិតផលថៃ ឬជំហរប្រឹងប្រែងគាំទ្រ និងផលិតផលិតផលក្នុងស្រុក សម្រាប់លោក ហ៊ុន ម៉ានី ដែលជាប្រធានសភាពសហព័ន្ធយុវជនកម្ពុជា ជំហរទាំងពីររបស់ពលរដ្ឋខ្មែរបច្ចុប្បន្នបានកើតចេញពីមនសិការស្រលាញ់ប្រទេសជាតិ និងការឈឺចាប់ដូចគ្នា។ លោក ហ៊ុន ម៉ានី បានបញ្ជាក់យ៉ាងដូច្នេះនៅក្នុងវេទិកាពិភាក្សានៅក្នុងព្រឹត្តិការណ៍ពិព័រណ៌ផលិតផលក្នុងស្រុកដែលមានប្រធានបទ «ខ្មែរធ្វើបាន»។ សហភាពសហព័ន្ធយុវជនកម្ពុជារៀបចំព្រឹត្តិការណ៍ពិព័រណ៌ និងតាំងលក់ផលិតផលក្នុងស្រុករយៈពេលបីថ្ងៃនាចុងសប្ដាហ៍កន្លងទៅនេះ ដើម្បីលើកស្ទួយការផលិតក្នុងស្រុក។
នៅកិច្ចពិភាក្សានោះលោក ហ៊ុន ម៉ានី ថ្លែងយ៉ាងដូច្នេះថា៖«ពួកគាត់ទាំងអស់គ្នា ទោះបីទិដ្ឋភាពណាក៏ដោយ នៅម៉ោងនេះ ពេលនេះ គឺដោយសារការធ្វើទុក្ខបុកម្នេញដែលថៃបានធ្វើមកលើកម្ពុជារបស់យើង។ ក្នុងរយៈពេល៤ខែមកនេះ វានាំឱ្យយើងមានភាពឈឺចាប់។ ប្រាកដណាស់ ភាពចាប់ឈឺចាប់នាំឱ្យមានកំហឹងដូចគ្នា។ អ៊ីចឹង! ការរុញឱ្យមានការធ្វើពហិការ ក៏ជាមតិយោបល់ដែលយើងគួរតែស្វាគមន៍ ព្រោះយើងត្រូវទទួលស្គាល់ថា ពួកគាត់មានភាពឈឺចាប់។»។
តែទោះជាយ៉ាងនេះក្ដី លោក ហ៊ុន ម៉ានី ទាញចំណាប់ចំណាប់អារម្មណ៍សាធារណជនថា បើទោះជាពលរដ្ឋមានជំហរផ្សេងគ្នាចំពោះផលិតផលថៃក៏ដោយ ប៉ុន្តែពួកគេមិនត្រូវភ្លេចកម្លាំងសាមគ្គីជាមួយរដ្ឋាភិបាល និងកងទ័ពជួរមុខនោះឡើយ។ នៅក្នុងកិច្ចពិភាក្សាដែលមានអ្នកចូលរួមជាពលរដ្ឋចូលរួមស្ដាប់ផងដែរនោះ ប្រធានចលនាយុវជនពន្យល់បែបនេះ៖ « សំឡេងរបស់យើងម៉ោងនេះ គឺគាំទ្ររាជរដ្ឋាភិបាល គាំទ្រវីរកងទ័ពយើងនៅជួរមុខ។ សំឡេងរបស់យើងទាំងអស់គ្នា គឺស្វែងរកសុខសន្តិភាព និងរកយុត្តិធម៌សម្រាប់កម្ពុជា។ តែការធ្វើពហិការណាមួយ ឬការបញ្ចេញយោបល់ណាមួយ គឺកុំបង្វែរកំហឹងនេះ មកលើប្រជាជនយើងខ្លួនឯង។ យើងមិនគួរបំបែកអារម្មណ៍យើងទេ។ ត្រូវមូលមតិ សាមគ្គី ឯកភាព សំឡេងជាធ្លុងមួយសម្រាប់ការដោះស្រាយបញ្ហាចំពោះមុខ ដោយមិនត្រូវបង្វែរមកមើលប្រជាជនខ្លួនឯងជាគោលដៅនៃការវាយប្រហារនោះ។»។
លោក ហ៊ុន ម៉ានី បន្ថែម៖«មតិទាំងអស់របស់ប្រជាពលរដ្ឋ ខ្ញុំទទួលស្គាល់ដែលចេញពីកំហឹង ចេញពីការឈឺចាប់ តែធ្វើឱ្យយ៉ាងណា យើងកុំយកខ្មែរគ្នាឯងជាសត្រូវ។ មានកត្តាជាច្រើនដែលយើងត្រូវរួមគ្នា ហើយម៉ោងនេះ ពេលនេះ យើងគួរតែចូលរួមផ្តល់ជំនឿទុកចិត្តលើរដ្ឋាភិបាលតាមរយៈការអត់ធ្មត់ ការចរចា និងការប្រីប្រាស់ច្បាប់អន្តរជាតិ និងយន្តការដែលមានស្រាប់ដើម្បីដោះស្រាយបញ្ហា។»។
វាគ្មិនពិសេសមួយរូបទៀតនៅក្នុងវេទិកាពិភាក្សាគឺសម្ដេចព្រះមហាអរិយវង្សបណ្ឌិត យ៉ន សេងយៀត។ សម្ដេចបានយល់ស្របជាមួយលោក ហ៊ុន ម៉ានី។ ព្រះសាកលវិទ្យាធិការពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ្យមានសង្ឃដីកាថា បើការធ្វើឱ្យពហិការណាមួយ នាំឱ្យមានការបែកបាក់ជាតិ គេពុំគួរធ្វើសកម្មភាពនោះទេ។
សម្ដេច យ៉ន សេងយៀតមានថេរដីកាថា៖ « អ្នកធ្វើពហិការទំនិញថៃក៏ធ្វើទៅចុះ ប៉ុន្តែកុំដោយសារពហិការនេះ ទៅប្រមាថជនជាតិឯង។ នេះជាគ្រោះកាច វាមិនល្អទេ។ អាត្មាសុំបិណ្ឌបាត្រ។ កុំអី មិនល្អទេ!។ យើងត្រូវយល់ថា យើងធ្វើអ្វីម្យ៉ាងគឺដើម្បីជាតិយើង។ ចុះបើធ្វើហើយបែកបាក់ជាតិ យើងធ្វើធ្វើអ្វី?»។
ប៉ុន្តែថា ជាមួយគ្នានេះ សម្តេចបានអំពាវដល់ក្រុមហ៊ុន រោងចក្រ សហគ្រាស សិប្បកម្ម និងផលិតករក្នុងស្រុកទាំងឡាយ ត្រូវខិតខំបង្កើនសមត្ថភាពផលិតទំនិញមានគុណភាពសម្រាប់ពលរដ្ឋ កុំឱ្យគេចំអកថា«ខ្មែរប្រើតែទំនិញថៃ ខ្លួនឯងមិនចេះធ្វើ»។ សម្តេចជឿជាក់យ៉ាងមុតមាំថា ៖ « ខ្មែរយើងធ្វើបាន។ យើងត្រូវព្យាយាមផលិតរបស់ណាដែលយើងត្រូវការ ហើយរបស់ហ្នឹងយើងអាចធ្វើបាន។»។
គួរជម្រាបថា កាលពីថ្ងៃ ២៦-២៨ ខែកញ្ញា ឆ្នាំ២០២៥ សហភាពសហព័ន្ធយុវជនកម្ពុជា បានរៀបចំពិព័រណ៍ផលិតផលខ្មែរក្រោមប្រធានបទ «ខ្មែរធ្វើបាន ៖ ចូលរួម ជំរុញ គាំទ្រ ផលិតផលក្នុងស្រុក» នៅមជ្ឈមណ្ឌលកោះពេជ្រ រាជធានីភ្នំពេញ។ ពិព័រណ៍នេះ ត្រូវបានរៀបចំឡើងក្នុងគោលដៅ បង្ហាញពីសមត្ថភាព និងសក្តានុពលរបស់កម្ពុជា ទាំងពេលបច្ចុប្បន្ន និងអនាគត ដែលនាំមកនូវការរួបរួមគ្នាក្នុងស្មារតីនៃពាក្យ«ខ្មែរធ្វើបាន» ព្រមទាំងជាការបង្ហាញសំឡេងរួមរបស់ពលរដ្ឋកម្ពុជា និងបង្ហាញពីសាមគ្គីភាពគាំទ្ររាជរដ្ឋាភិបាល និងវីរកងទ័ពជួរមុខការពារទឹកដីជាតិ៕