រដ្ឋាភិបាលប៉ាគីស្ថាន បានតែងតាំងប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ ជាផ្លូវការចំពោះពានរង្វាន់ណូបែលសន្តិភាពឆ្នាំ ២០២៦ សម្រាប់ការចូលរួមអន្តរាគមន៍ការទូតយ៉ាងម៉ឺងម៉ាត់ និងភាពជាអ្នកដឹកនាំដ៏សំខាន់របស់លោកក្នុងការបញ្ចប់ភាពតានតឹងដែលបានកើតឡើងរវាងឥណ្ឌា និងប៉ាគីស្ថាននៅក្នុងខែឧសភា។
ជម្លោះរវាងឥណ្ឌា និងប៉ាគីស្ថានបានចាប់ផ្តើមបន្ទាប់ពីប្រទេសឥណ្ឌាបានចោទទៅលើប្រទេសប៉ាគីស្ថាន ដោយគ្មានភស្តុតាងសម្រាប់ការវាយប្រហារនៅថ្ងៃទី ២២ ខែមេសា នៅតំបន់ Kashmir ដែលបានសម្លាប់មនុស្សអស់ជាច្រើននាក់ ហើយប្រទេសឥណ្ឌាបានចាប់ផ្តើមវាយប្រហារតាមអាកាសទៅលើប្រទេសប៉ាគីស្ថានបង្កឲ្យមានការប្រឈមមុខដាក់គ្នា។
ក្នុងពេលមានការបន្ធូរបន្ថយភាពតានតឹងបន្ទាប់ពីបទឈប់បាញ់គ្នារវាងឥណ្ឌា និងប៉ាគីស្ថាន ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ បានអះអាងថា ការអន្តរាគមន៍របស់អាមេរិកបានរារាំងសង្គ្រាមនុយក្លេអ៊ែរដ៏អាក្រក់បំផុតដែលអាចកើតមានឡើងរវាងប្រទេសទាំងពីរ។
លោក Shehbaz Sharif នាយករដ្ឋមន្ត្រីប៉ាគីស្ថាន បានឆ្លើយតបទៅនឹងសំណួររបស់អ្នកសារព័ត៌មានអំពីការតែងតាំងលោក ត្រាំ សម្រាប់ពានរង្វាន់ណូបែលសន្តិភាពក្នុងអំឡុងពេលសន្និសីទសារព័ត៌មាននៅទីក្រុងឡុងដ៍។
លោកថ្លែងថា៖ «លោក ត្រាំ បានជួយសម្រួល និងបន្ធូរបន្ថយភាពតានតឹងរវាងប៉ាគីស្ថាន និងឥណ្ឌា ហើយបានជួយសង្គ្រោះតំបន់ភូមិសាស្ត្រនោះពីការបំផ្លិចបំផ្លាញធំៗដែលអាចកើតមានឡើង»។
លោកបានសង្កត់ធ្ងន់ថា ប្រសិនបើលោក ត្រាំ មិនបានធ្វើអន្តរាគមន៍ក្នុងការកើនឡើងនៃភាពតានតឹងរវាងប៉ាគីស្ថាន និងឥណ្ឌានោះទេ នោះនឹងមានការបំផ្លិចបំផ្លាញ និងមានការបាត់បង់អាយុជីវិតកាន់តែច្រើនជាងនេះ។
នាយករដ្ឋមន្ត្រីប៉ាគីស្ថានបានបន្ថែមថា លោក ត្រាំ ក៏បានជួយសម្រួលបន្ធូរបន្ថយភាពតានតឹងរវាងប្រទេសអេត្យូពី និងប្រទេសអេហ្ស៊ីប ហើយបន្តរហូតដល់ប្រទេសអ៊ុយក្រែនផងដែរ៕

