ឥទ្ធិពលព្យុះ ប៊ូឡូយ បោកបក់ប្រទេសថៃ បង្កភ្លៀងធ្លាក់ខ្លាំងទឹកជន់លិចលង់ មនុស្ស៧នាក់ស្លាប់ និង២៧ម៉ឺននាក់ រងផលប៉ះពាល់

ប្រទេសថៃបានរងឥទ្ធិពលធ្ងន់ធ្ងរពីព្យុះ ប៊ូឡូយ ដោយបើតាមរបាយការណ៍របស់នាយកដ្ឋានបង្ការនិងកាត់បន្ថយគ្រោះមហន្តរាយតួលេខមនុស្សស្លាប់បានកើនឡើងដល់៧នាក់ហើយ។

របាយការណ៍ដែលផ្សាយដោយ The Nation កាលពីថ្ងៃចន្ទទី២៩ខែកញ្ញាឆ្នាំ២០២៥ បានបង្ហាញថា ក្រៅពីមនុស្សស្លាប់ក៏នៅមានអ្នករងផលប៉ះពាល់ចំនួន ២៦៩ ៣៥១នាក់ ផងដែរ។

ទន្ទឹមនោះ ខេត្តចំនួន១៧ត្រូវជន់លិចធ្ងន់ធ្ងរដូចជា៖ Phitsanulok, Phetchabun, Phichit, Nakhon Sawan, Lampang, Amnat Charoen, Nong Bua Lamphu, Uthai Thani, Chai Nat, Sing Buri, Ang Thong, Suphan Buri, Ayutthaya, Pathum Thani, Nakhon Pathom, Chachoengsao និង Prachin Buri

ដោយសារតែភាពធ្ងន់ធ្ងរនៃព្យុះនេះ អាជ្ញាធរថៃ បានប្រញាប់ប្រញាល់ចេញការព្រមានឲ្យពលរដ្ឋខ្លួនប្រុងប្រយ័ត្ន ខណៈមានការព្យាករថា ទូទាំងប្រទេសនឹងមានភ្លៀងធ្លាក់ខ្លាំងដល់ចុងសប្តាហ៍។

មុននេះ អ្នកខេត្ត Ang Thong, Ayutthaya, Sing Buri និង Chainat ក៏ត្រូវព្រមានអំពីអាសន្នធំផងដែរ ដោយសារតែនាយកដ្ឋានធារាស្រ្ត (RID) បានប្រកាសភ្លាមៗអំពីការប្រែ បញ្ចេញទឹកពីទំនប់​ចៅប្រាយ៉ា លើសកម្រិតប្រកាសពីមុន។

RID ជូនដំណឹងថា ដោយមើលឃើញពីស្ថានភាពកាន់តែមិនស្រួលដោយឥទ្ធិពលព្យុះ ទំនប់ចៅប្រាយ៉ា ត្រូវតែបញ្ចេញទឹកលើសពីការប្រកាសមុននេះ ពោលគឺត្រូវរំដោះទឹក  ២០០ម៉ែត្រគូបក្នុងមួយវិនាទី ហើយប្រហែលត្រូវបញ្ចេញលើសនេះទៀត បើចាំបាច់ ដើម្បីចៀសវាងផលប៉ះពាល់ដល់ទំនប់ ជាពិសេសខ្លាចបាក់ធ្លាយ។

សេចក្តីប្រកាសភ្លាមៗនេះ ធ្វើឲ្យពលរដ្ឋក្នុងខេត្តទាំង៤អាចរៀបចំខ្លួនព្រមទាំងទ្រពសម្បត្តិរបស់ពួកគេមិនទាន់ ព្រោះថាច្បាស់ណាស់ ខេត្តទាំងនេះនឹងត្រូវជន់លិចធំធេង បង្កគ្រោះថ្នាក់ធ្ងន់ធ្ងរ៕

កម្ពុជាថ្មី

(រូបថត៖ The Nation)
(រូបថត៖ The Nation)

 

 

ព័ត៌មានទាក់ទង