នគរបាលជាតិកម្ពុជា និងនគរបាលភូមិន្ទថៃ ត្រៀមបើកកិច្ចប្រជុំលើកទី២ ស្តីពីបង្ក្រាបបទល្មើសឆ្លងដែន និងការជួញដូរមនុស្ស អំឡុងខែតុលា ឆ្នាំ២០២៥

(ភ្នំពេញ)៖ កិច្ចប្រជុំលើកទី២ ស្តីពីការពិនិត្យ និងពិភាក្សាលើផែនការសកម្មភាព សម្រាប់កិច្ចសហប្រតិបត្តិការទប់ស្កាត់ និងបង្ក្រាបបទល្មើសឆ្លងដែនរួមទាំង ប្រព័ន្ធបច្ចេកវិទ្យា និងការជួញដូរមនុស្ស រវាងនគរបាលជាតិកម្ពុជា និងនគរបាលភូមិន្ទថៃ គ្រោងធ្វើនៅក្នុង អំឡុងខែតុលា ឆ្នាំ២០២៥នេះ។ នេះបើតាមសេចក្ដីប្រកាសព័ត៌មាន របស់អគ្គស្នងការដ្ឋាននគរបាលជាតិ នៃក្រសួងមហាផ្ទៃ។

អគ្គស្នងការដ្ឋាននគរបាលជាតិ នៃក្រសួងមហាផ្ទៃ បានបញ្ជូនលិខិតអញ្ជើញទៅនគរបាលភូមិន្ទថៃ រួចហើយ ដើម្បីជួបប្រជុំពិនិត្យ និងពិភាក្សាលើផែនការសកម្មភាព សម្រាប់កិច្ចសហប្រតិបត្តិការទប់ស្កាត់ និងបង្ក្រាបបទល្មើសឆ្លងដែន រួមទាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងការជួញដូរមនុស្ស ដែលគ្រោង នឹងរៀបចំធ្វើនៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៥ នៅខេត្តបាត់ដំបង ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ បន្ទាប់ភាគី នគរបាលភូមិន្ទថៃ បានជូនដំណឹងពីការអាក់ខានចូលរួមកិច្ចប្រជុំលើកទី២ ដែលត្រូវរៀបចំកាលពីថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៥។

កិច្ចប្រជុំលើកទី២ រវាងកម្ពុជា-ថៃ នេះ គឺធ្វើឡើងបន្ទាប់ពីមានការឯកភាពគ្នានៅក្នុងកិច្ចប្រជុំលើកទី១ រវាងកម្ពុជា-ថៃ កាលពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៥ នៅខេត្តស្រះកែវ ព្រះរាជាណាចក្រថៃ អនុលោមតាម ស្មារតីកិច្ចប្រជុំពិសេសលើកទី១ របស់គណៈកម្មាធិការព្រំដែនទូទៅ (GBC) កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥ នៅខេត្តកោះកុង៕

FreshNews

ព័ត៌មានទាក់ទង