ផលិតផលខ្មែរជាច្រើនប្រភេទ ដែលដាំដុះ កែច្នៃដោយកសិករ និងផលិតករខ្មែរ ត្រូវបានដាក់លក់នៅផ្សារលក់ផលិតផលខ្មែរ ឬផ្សារចុងសប្តាហ៍ តាមបណ្តាខេត្តជាច្រើន

(ភ្នំពេញ)៖ ក្នុងគោលដៅជំរុញការគាំទ្រផលិតផលដែលដាំដុះ និងកែច្នៃដោយកសិករ និងផលិតករខ្មែរ មន្ទីរពាណិជ្ជកម្មនៃបណ្តាខេត្តមួយចំនួន បានដាក់ឲ្យដំណើរការផ្សារលក់ផលិតផលខ្មែរ ឬផ្សារចុងសប្តាហ៍ ដើម្បីលើកស្ទួយជីវភាពកសិករ និងផលិតករខ្មែរ។

ផ្សារលក់ផលិតផលខ្មែរ ត្រូវរៀបចំឡើង ក្រោមគម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច (AIMS) នៃក្រសួងពាណិជ្ជកម្ម ដែលរៀបចំ និងដាក់ឲ្យដំណើរការផ្សារលក់ផលិតផលខ្មែរ ចាប់តាំងពីឆ្នាំ២០១៩ រហូតមកដល់បច្ចុប្បន្ន ដើម្បីផ្តល់ឱកាសដល់កសិករ និងក្រុមអ្នកផលិត យកផលិតផលខ្មែរ ផលិតនៅក្នុងស្រុក បន្លែសុវត្ថិភាព ផ្លែឈើ សាច់សត្វ អង្ករ និងអាហារកែច្នៃនានាមកដាក់លក់។

បើតាមក្រសួងពាណិជ្ជកម្ម ផ្សារផលិតផលខ្មែរនេះ មានគោលបំណងផ្ដល់ឱកាសទីផ្សារបន្ថែមដល់កសិករ ផលិតករអាជីវករខ្នាតតូច ជាតំណាងពីក្រុមកសិករផលិត និងជាការតភ្ជាប់ទំនាក់ទំនងទីផ្សារឱ្យកាន់តែប្រសើរ ដល់ក្រុមផលិតដែលអាចរកប្រាក់ចំណូល និងលើកកម្ពស់ជីវភាពរស់នៅពួកគេ។ ការចូលរួមលើកកម្ពស់ និងប្រើប្រាស់ផលិតផលខ្មែរ ជាការរួមចំណែកបង្កើនផលិតភាពផលិតផលក្នុងស្រុក បង្កើនប្រាក់ចំណូល និងលើកស្ទួយជីវភាពប្រជាជន និងជំរុញអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមឲ្យកាន់តែប្រសើរឡើង។

បច្ចុប្បន្ននេះ គ្រឿងទេស អាហារកែច្នៃ បន្លែ ផ្លែឈើ ត្រីសាច់ សម្ភារប្រើប្រាស់ ជាច្រើនមុខ ដែលសុទ្ធតែផលិតនៅក្នុងស្រុក ដែលបានដាំដុះ និងកែច្នៃដោយកសិករ ផលិតករ និងសិប្បករខ្មែរ បាននិងកំពុងដាក់លក់ក្នុងស្តង់ផ្សារផលិតផលខ្មែរនៅតាមបណ្តាខេត្តមួយចំនួនដូចជា៖

* ខេត្តតាកែវ បានបើកនៅរៀងរាល់ថ្ងៃសៅរ៍-អាទិត្យចាប់ពីម៉ោង ៦៖៣០ព្រឹក ដល់ម៉ោង១៨៖០០ល្ងាច ដែលមានទីតាំងនៅបរិវេនសួនច្បារមាត់បឹងតាកែវ ទល់មុខមហោស្រពខេត្តតាកែវ។
* ខេត្តក្រចេះ បើកលក់នៅរៀងរាល់ថ្ងៃសុក្រ-សៅរ៍-អាទិត្យ ចាប់ពីម៉ោង ៦ព្រឹក – ៦ល្ងាច ដែលមានទីតាំងនៅផ្លូវបេតុងទឹកស្អាតក្រុងក្រចេះ ជិតស្ពានសរ ខេត្តក្រចេះ ។
* ខេត្តកណ្ដាល បាននិងកំពុងដំណើរលក់កសិផល និងផលិតផលខ្មែរ ដែលបានដាំដុះ និងកែច្នៃដោយកសិករ និងផលិតករខ្មែរ នៅរៀងរាល់ថ្ងៃសៅរ៍-អាទិត្យ ចាប់ពីម៉ោង ៧ព្រឹក ដល់ម៉ោង ១ថ្ងៃត្រង់ ដែលមានទីតាំង ស្ថិតនៅសួនច្បារមាត់ទន្លេ ក្រុងតាខ្មៅ។
* ខេត្តកំពង់ធំ បើកលក់ នៅរៀងរាល់ថ្ងៃសុក្រ-សៅរ៍ និងថ្ងៃអាទិត្យ ចាប់ពីម៉ោង ០៦៖០០ នាទីព្រឹក -៦៖០០ នាទីល្ងាច។
* សៀមរាប បើកលក់នៅរៀងរាល់ថ្ងៃសៅរ៍-អាទិត្យ ចាប់ពីម៉ោង ៧ព្រឹក ដល់ ១២ថ្ងៃត្រង់ ទីតាំងស្ថិតនៅភូមិមណ្ឌល២ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប នៅសួនច្បារហាត់ប្រាណ ជិតមាត់ស្ទឹងសៀមរាប ក្បែរសួនព្រះរាជដំណាក់។
* ខេត្តបាត់ដំបង បើកលក់រៀងរាល់ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ចាប់ពីម៉ោង ៦:០០ព្រឹក ដល់ ៦:០០ល្ងាច នៅបរិវេណខាងមុខផ្សារទំនើប-បុរីថ្មី (តាមបណ្តោយផ្លូវលេខ៣) ក្រុងបាត់ដំបង ខេត្តបាត់ដំបង។
* ខេត្តរតនគិរី បើកលក់ រៀងរាល់ថ្ងៃសៅរ៍-អាទិត្យ ចាប់ពីម៉ោង ៨.០០ព្រឹក ដល់ ម៉ោង ៣ រសៀល ដែលមានទីតាំង នៅមុខមន្ទីរពាណិជ្ជកម្មខេត្តរតនគិរី ភូមិអូរកន្សែង សង្កាត់បឹងកន្សែង ក្រុងបានលុង។
* ខេត្តកំពង់ស្ពឺ បើកលក់នៅរៀងរាល់ថ្ងៃសុក្រ-សៅរ៍ ចាប់ពីម៉ោង ៦៖៣០ព្រឹក ដល់ម៉ោង១៤៖០០ថ្ងៃត្រង់ ដែលមានទីតាំងនៅបរិវេន វិមានសម្តេចព្រះសង្ឃរាជជោតញ្ញាណោ ជួន ណាត ជិតវេទិកាអុំទូក ខេត្តកំពង់ស្ពឺ។
* ខេត្តកំពត បើកលក់នៅរៀងរាល់ថ្ងៃសៅរ៍-អាទិត្យ ចាប់ពីម៉ោង ៦ព្រឹក ដល់ ១២ថ្ងៃត្រង់ ដែលមានទីតាំងនៅបរិវេណអតីតស្ថានីយប្រេងឥន្ធនៈ តូតាល់ ក្បែរបេនឡាននាគពន្ធ័ភូមិ១ឧសភា សង្កាត់កំពង់កណ្តាល ក្រុងកំពត ខេត្តកំពត។
* ខេត្តបន្ទាយមានជ័យ បើកលក់នៅរៀងរាល់ថ្ងៃ ចាប់ពីម៉ោង ៧ព្រឹក ដល់៨ល្ងាច ដែលមានទីតាំងនៅទីតាំងវេទិការខេត្តបន្ទាយមានជ័យ ភូមិទី៣ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ។

* ខេត្តព្រះវិហារ បើកលក់នៅរៀងរាល់ថ្ងៃសុក្រ និងថ្ងៃសៅរ៍ ចាប់ពីម៉ោង ០៦៖០០ នាទីព្រឹក ដល់៦៖០០ នាទីល្ងាច មានទីតាំងស្ថិតនៅភូមិកណ្តាល សង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ (នៅផ្លូវភ្លោះ ខាងលិចវិមានឯករាជ្យខេត្តព្រះវិហារ) ដែលជាផលិតផលដាំដុះ និងកែច្នៃដោយកសិករខ្មែរយើង មានដូចជាមាន់ខ្មែរ (មាន់ស្រែ) បន្លែសុវត្ថិភាព អង្ករ ពងមាន់ ពងទា ផ្លែឈើ អាហារកែច្នៃនានា និងផលិតផលប្រើប្រាស់ទូទៅ។ រួមនឹងបណ្តាខេត្តផ្សេងទៀត៕

FreshNews

ព័ត៌មានទាក់ទង