(ញូវដេលី)៖ យ៉ាងហោចណាស់រដ្ឋចំនួន ៣ នៅក្នុងប្រទេសឥណ្ឌា បានហាមប្រាមការទទួលទានថ្នាំស៉ីរ៉ូក្អកម៉ាក Coldrif បន្ទាប់ពីមានករណីស្លាប់កុមារច្រើននាក់ ក្រោយប្រើប្រាស់ផលិតផលនេះ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី៦ ខែតុលា ឆ្នាំ ២០២៥។
Coldrif ផលិតដោយក្រុមហ៊ុន Sresan Pharma នៅក្នុងរដ្ឋ Tamil Nadu ភាគខាងត្បូងប្រទេសឥណ្ឌា។ ការស្លាប់កុមារ ៩នាក់ដែលមានអាយុក្រោម ៥ឆ្នាំ ចាប់តាំងពីចុងខែសីហា នៅក្នុងរដ្ឋ Madhya Pradesh និងរដ្ឋ Rajasthan ត្រូវបានផ្សារភ្ជាប់ទៅនឹងថ្នាំស៉ីរ៉ូក្អកប្រភេទនេះ។
តាមក្រសួងសុខាភិបាលឥណ្ឌា ការធ្វើតេស្តពីមន្ទីរពិសោធន៍ ទៅលើសំណាកនៃទឹកស៉ីរ៉ូដែលកុមារបានទទួលទាន បង្ហាញថាមានការពុលដោយសារធាតុ diethylene glycol (DEG) ដែលប្រើសម្រាប់រំលាយធាតុផ្សំក្នុងផលិតផលឧស្សាហកម្ម និងដែលអាចបណ្តាលឱ្យស្លាប់បាន ប្រសិនបើទទួលទានសូម្បីតែក្នុងបរិមាណតិចតួចក៏ដោយ។
អភិបាលរដ្ឋ លោក Mohan Yadav បញ្ជាក់ថាការលក់ថ្នាំស៉ីរ៉ូក្អក Coldrif ត្រូវបានហាមប្រាមទូទាំងរដ្ឋ Madhya Pradesh ជាទីដែលមានសេចក្តីរាយការណ៍អំពីកុមារស្លាប់ច្រើនជាងគេ។ លោកបន្ថែមថា ផលិតផលផ្សេងទៀតពីក្រុមហ៊ុនមួយនេះ ក៏ត្រូវបានហាមឃាត់ផងដែរ។ តាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក អាជ្ញាធរនៅក្នុងរដ្ឋ Tamil Nadu និងរដ្ឋ Kerala ក៏បានហាមប្រាមថ្នាំស៉ីរ៉ូក្អកនេះដែរ៕
Freshnews