គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភា ដឹកនាំដោយ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានអញ្ជើញដល់ទីក្រុងប៉េកាំងដោយសុវត្ថិភាព ក្នុងការចូលរួមកិច្ចប្រជុំថ្នាក់ដឹកនាំពិភពលោកស្តីពីស្រ្តី
សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៥នេះ បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភា ដល់ទីក្រុងប៉េកាំង នៃសាធារណរដ្ឋប្រជាមានិតចិន ដោយសុខសុវត្ថិភាព ដើម្បីចូលរួមកិច្ចប្រជុំថ្នាក់ដឹកនាំពិភពលោកស្តីពីស្រ្តី ដែលនឹងប្រព្រឹត្តិទៅចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៥ នេះ។
អញ្ជើញទទួលដំណើរអញ្ជើញដល់របស់គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភា នៅអាកាសយានអន្តរជាតិនាទីក្រុងប៉េកាំង មានថ្នាក់ដឹកនាំជាន់ខ្ពស់សភាតំណាងប្រជាជនចិនទូទាំងប្រទេស និងលោកជំទាវបណ្ឌិត សឿង រដ្ឋចាវី ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព នៃព្រះរាជាណាចក្រកម្ពុជា ប្រចាំសាធារណរដ្ឋប្រជាមានិតចិន និងសហការី។
នៅព្រលានយន្តហោះអន្តរជាតិទីក្រុងប៉េកាំង លោកស្រី ហ៊ូ វិន (Hun Wen) អគ្គនាយករងកិច្ចការបរទេស នៃសភាតំណាងប្រជាជនចិន បានសម្តែងនូវកិច្ចស្វាគមន៍យ៉ាងរាក់ទាក់កក់ក្តៅជាទីបំផុត ចំពោះសម្តេចប្រធាន និងបានវាយតម្លៃខ្ពស់ចំពោះវត្តមានរបស់សម្តេចប្រធាន ក្នុងកិច្ចប្រជុំថ្នាក់ដឹកនាំកំពូលស្រ្តីថា ពិតជាមានសារៈសំខាន់ និងមានតម្លៃធំធេង។ លោកជំទាវក៏បានជម្រាបជូនសម្តេចប្រធានអំពីកម្មវិធីសំខាន់នានា ដែលសភាតំណាងប្រជាជនចិនបានរៀបចំជូនសម្តេចរដ្ឋសភាធិបតី ក្នុងនោះមានការអញ្ជើញថ្លែងសុន្ទរកថានៅក្នុងកិច្ចប្រជុំពេញអង្គ នៃកិច្ចប្រជុំថ្នាក់ដឹកនាំកំពូលស្តីពីស្រ្តី ជំនួបពិភាក្សាទ្វេភាគីជាមួយ ឯកឧត្តម ចាវ ឡឹជី (Zhao Leji) ប្រធានសភាតំណាងប្រជាជនចិន និងការធ្វើបទសម្ភាសន៌ជាមួយទស្សនាវដ្តីសភាតំណាងប្រជាជនចិនជាដើម។
ក្នុងឱកាសនោះដែរ សម្តេចរដ្ឋសភាធិបតីបានសម្តែងនូវការអរគុណចំពោះលោកជំទាវ ហ៊ូ វិន និងសហការីតំណាងឱ្យសភាតំណាងប្រជាជនចិន ដែលបានអញ្ជើញមកទទួលស្វាគមន៍ និងបានរៀបចំកម្មវិធីយ៉ាងល្អហ្មត់ចត់ ជូនគណៈប្រតិភូរដ្ឋសភាកម្ពុជា។ សម្តេចរដ្ឋសភាធិបតី បានជម្រាបជូនលោកជំទាវ ហ៊ូ វិន ថា នៅពេលណាក៏ដោយ នៅពេលដែលសម្តេចបានមកប្រទេសចិន គឺតែងមានអារម្មណ៍ថា ដូចបានមកលេងផ្ទះបងប្អូន អ៊ីចឹងដែរ ព្រោះប្រទេសយើងទាំងពីរមានប្រវត្តិទំនាក់ទំនង និងចំណងមិត្តជាយូរលង់ ហើយទំនាក់ទំនងបានបន្តថែរក្សា និងពូនជ្រំដោយថ្នាក់ដឹកនាំគ្រប់ជំនាន់។
សម្តេចរដ្ឋសភាធិបតីបានជម្រានជូនលោកជំទាវថា សម្តេចធ្លាប់បានមកចូលរួមកិច្ចប្រជុំមេដឹកនាំកំពូលស្រ្តី លើកទី៤ នាឆ្នាំ១៩៩៥ ដែលនោះកិច្ចប្រជុំបានអនុម័តនូវសេចក្តីប្រកាស និងផែនការសកម្មភាពទីក្រុងប៉េកាំង (Beijing Declaration and Platform of Action) ដែលឯកសារនេះបានប្រើជាឯកសារគោលសកល ក្នុងការជំរុញឱ្យមានការកែទម្រង់ និងបានធ្វើឱ្យសមភាពយេនឌ័រ ក្លាយជាតម្លៃសកល និងអាទិភាព។
សូមជម្រាបថា កិច្ចប្រជុំថ្នាក់ដឹកនាំពិភពលោកស្តីពីស្រ្តី គឺជាការជួបជុំថ្នាក់ដឹកនាំស្ថាប័ននីតិប្បញ្ញត្តិនីតិប្រតិបត្តិ និងដៃគូអភិវឌ្ឍន៍នានា ក្នុងក្របខ័ណ្ឌអង្គការសហប្រជាជាតិ ដើម្បីពិនិត្យវឌ្ឍនភាពនៃសេចក្តីថ្លែងការណ៍ទីក្រុងប៉េកាំង ឆ្នាំ១៩៩៥ ដែលជាមូលដ្ឋានគ្រឹះ និងប្រព័ន្ធស្តង់ដារជាសកលសម្រាប់ជំរុញសមភាពយេនឌ័រ បង្កើនភាពអង់អាចដល់ស្រ្តី និងការពារសិទ្ធិរបស់ស្រ្តី និងក្មេងស្រ្តីទូទាំងពិភពលោក។
កិច្ចប្រជុំដ៏សំខាន់នៅឆ្នាំនេះប្រារព្ធធ្វើឡើងក្រោមមូលបទស្តីពី «អនាគតរួមគ្នាតែមួយ៖ដំណើរការថ្មី និងលឿនសម្រាប់ការអភិវឌ្ឍស្ត្រីលើគ្រប់វិស័យ» ក៏ដូចជាការពង្រឹងការគាំទ្រ និងបន្តការប្តេជ្ញាចិត្តជាថ្មី ផ្នែកនយោបាយនៅកម្រិតខ្ពស់បំផុតសម្រាប់ការអនុវត្តពេញលេញប្រកបដោយប្រសិទ្ធភាព និងពន្លឿនការអនុវត្ត ការសម្រេចឱ្យបានសមភាពយេនឌ័រ និងការផ្តល់ភាពអង់អាចដល់ស្រ្តី និងក្មេងស្រី និងគោលដៅជាក់លាក់ស្តីពីយេនឌ័រ នៃរបៀបវារៈឆ្នាំ២០៣០សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព វិបុលភាព និងបរិយាបន្ន។
ក្រោយពីអញ្ជើញដល់ទីក្រុងប៉េកាំង នៅរសៀលនេះ សម្តេចរដ្ឋសភាធិបតី និងជួបពិភាក្សាការងារជាមួយ លោកស្រី គ្រីស្ទីន អារ៉ាប់ (Christine Arab) ប្រធានគណៈប្រតិភូ នៃអង្គការសហប្រជាជាតិសម្រាប់ស្រ្តី (UN Women) អំឡុងពេលចូលរួមកិច្ចប្រជុំមេដឹកនាំពិភពលោកស្តីពី ស្រ្តី (Global Leaders’ Meeting on Women) ផងដែរ៕


