មជ្ឈមណ្ឌលបុប្ផាណា រៀបចំពិព័រណ៍ «រស់រាន»ផ្សារភ្ជាប់ការចងចាំ និងវត្ថុប្រើប្រាស់ដែលបន្សល់ទុកក្នុងរបបខ្មែរក្រហម
ភ្នំពេញ៖ មជ្ឈមណ្ឌលធនធានសោតទស្សន៍បុប្ផាណា និងមូលនិធិរៃ នឹងរៀបចំពិព័រណ៍ដែលមានឈ្មោះថា «រស់រាន» ចាប់ពីថ្ងៃទី ១៨ តុលា រហូតដល់ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៥។ «រស់រាន» ជាស្នាដៃដ៏លេចធ្លោរបស់លោក គឹម ហាក់ ជាសិល្បករកម្ពុជា ដែលបានចងក្រងរឿងរ៉ាវ នៃការចងចាំ តាមរយៈវត្ថុប្រើប្រាស់ដែលបានសេសសល់ក្នុងរបបខ្មែរក្រហម។
លោក គឹម ហាក់ បានប្រើពេលអស់ជាងមួយទស្សវត្សរ៍មកហើយ ក្នុងការចងក្រងឯកសារអំពីវត្ថុផ្ទាល់ខ្លួន ដែលប្រជាជនខ្មែររក្សាទុកក្រោយរួចជីវិតពីរបបខ្មែរក្រហម។ បើតាមសិល្បកររូបនេះ វត្ថុទាំងនោះមានដូចជា រូបថត កំសៀវ សម្បត្តិគ្រួសារ និងសម្លៀកបំពាក់ជាដើម។ សម្ភារៈទាំងនោះត្រូវបាននាំយកឆ្លងប្រទេសតាមជនភៀសខ្លួន និងខ្លះទៀត នៅតែស្ថិតនៅក្នុងប្រទេសដោយត្រូវបានថែរក្សាការពារដោយអ្នករស់រានមានជីវិត។
លោក គឹម ហាក់ បានលើកឡើងថា ៖«ពិព័រណ៍នេះ បានឆ្លុះបញ្ចាំងអំពីភាពក្លាហានដ៏ស្ងៀមស្ងាត់ របស់ប្រជាជនកម្ពុជាដែលបាននាំយកបំណែកនៃប្រទេសកំណើតខ្លួនទៅជាមួយ ដោយពេលខ្លះរបស់ទាំងនោះត្រូវបានលាក់ទុក ពេលខ្លះកប់ក្នុងដី ដើម្បីការពារពីការបំផ្លិចបំផ្លាញ ។ ការនាំយករឿងរ៉ាវទាំងនេះ មកមាតុភូមិវិញ គឺជាការវិលត្រឡប់ទាំងផ្នែកសិល្បៈ និងមនោសញ្ចេតនា »។
គួរជម្រាបថា «រស់រាន» គឺជាគម្រោងថតរូបរយៈពេលវែង ដែលបានចាប់ផ្ដើមនៅខេត្តបាត់ដំបងកាលពីឆ្នាំ ២០១៤ និងបានបន្តតាមបណ្ដាប្រទេសចំនួន៣ទៀត គឺប្រទេសអូស្ត្រាលី នូវែលសេឡង់ និងប្រទេសជប៉ុន។ ពិព័រណ៍នេះបានបំប្លែងសកម្មភាពនៃការរស់រានមានជីវិតរបស់បុគ្គលជាឯកជន ទៅជារឿងរ៉ាវរួមនការចងចាំរួមគ្នា និងបាននាំយកបំណែកប្រវត្តិសាស្ត្រដែលបានបែកខ្ញែក ឱ្យវិលមកជួបជុំក្នុងប្រទេសកំណើតវិញ៕