បន្ទាយមានជ័យ)៖ បន្ទាប់ពីស្ងប់ស្ងាត់៣យប់ នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៥នេះ ថៃ បន្តចាក់សំឡេងរំខានអ្នកភូមិជោគជ័យ ដែលមានកម្រិតរលកសំឡេងខ្ពស់បំផុត។
កាលពីថ្ងៃ១០ ដល់ ១៣ ខែតុលា ឆ្នាំ២០២៥ បុគ្គលថៃ ជ្រុលនិយម បើកដៃដោយកងទ័ពថៃ និងអាជ្ញាធរខេត្តស្រះកែវ បានចាក់សំឡេងរំខានពលរដ្ឋភូមិជោគជ័យ និងព្រៃចាន់រួចម្តងមកហើយ។ បន្ទាប់ពីមានការប្រតិកម្មជាច្រើនពីគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ក៏ដូចជាអ្នកសិទ្ធិមនុស្ស សមាជិកព្រឹទ្ធសភា និងអ្នកនយោបាយថៃ ពួកគេបានផ្អាកការចាក់សំឡេងរំខាននេះចំនួន៣យប់មកហើយ។
នៅវេលាម៉ោង ៥៖៣០នាទីល្ងាចថ្ងៃសុក្រ ទី១៧ ខែតុលា ឆ្នាំ២០២៥នេះ បុគ្គលជ្រុលនិយមរបស់ថៃ បើកដៃដោយយោធាថៃ និងអាជ្ញាធរខេត្តស្រះកែវ បានបន្តចាក់សំឡេងរំខានពលរដ្ឋនៅភូមិជោគជ័យ ទីកន្លែងដែលថៃ បានរំលោភបំពានព័ទ្ធបន្លាលួសយកដីចម្ការ ស្រែ និងផ្ទះសម្បែងរបស់ប្រជាពលរដ្ឋខ្មែរ។
ការចាក់សំឡេងរំខានពេលនេះ គេប្រើឧបករណ៍បំពងសំឡេងចំនួន៤រថយន្ត។ របៀបនៃការចាក់សំឡេងនេះ ពួកគេបានស្ទួចឧបករណ៍មួយចំនួនឡើងទៅលើកម្ពស់៣០ម៉ែត្រ ហើយឧបករណ៍បំពងសំឡេង៣រថយន្តទៀតដាក់នៅខាងក្រោម។ ឧបករណ៍បំពងសំឡេងដែលគេចាក់នេះ ត្រូវបានបញ្ជាក់ថា មានកម្រិតរលកសំឡេងរង្វង់ ៥០០ដេស៊ីបែល ដែលជាកម្រិតរលកសំឡេងខ្ពស់បំផុត ហើយអាចឭចម្ងាយប្រមាណ៣០គីឡូម៉ែត្រ។
ជាទូទៅត្រចៀករបស់មនុស្សអាចទទួលកម្រិតរលកសំឡេងរង្វង់ ១០០ដេស៊ីបែលប៉ុណ្ណោះ។ កម្រិតរលកសំឡេងរហូតដល់៥០០ដេស៊ីបែល នឹងធ្វើឱ្យមនុស្សបែកក្រដាសត្រចៀក ឈឺក្បាល វិលមុខ និងក្អួតចង្អោរ។
ការចាក់សំឡេងរំខានបែបនេះ គឺជាការរំលោភសិទ្ធិមនុស្សដ៏ធ្ងន់ធ្ងរ ហើយជាទម្រង់នៃការធ្វើទារុណកម្មស្មារតី ដែលអនុសញ្ញាស្តីពីការធ្វើទារុណកម្មហាមឃាត់។
ភូមិជោគជ័យ និងភូមិព្រៃចាន់ មានប្រជាពលរដ្ឋជាង៣ពាន់នាក់ ក្នុងនោះក៏មានចាស់ជរា ជនមានពិការភាព អ្នកមានជំងឺ ជនមានពិការភាព ស្ត្រីសម្រាលកូន ស្ត្រីមានផ្ទៃពោះ និងក្មេងតូច។ រលកសំឡេងដ៏ខ្លាំងក្លានេះ ពិតជាបង្កផលប៉ះពាល់ធ្ងន់ធ្ងរណាស់សម្រាប់ប្រជាពលរដ្ឋក្នុងភូមិ។
ការចាក់សំឡេងនេះ មិនឭដល់អ្នកភូមិរបស់ថៃទេ ព្រោះឧបករណ៍ដាក់មុខសំដៅមកភូមិកម្ពុជា ហើយអ្នកភូមិនៅថៃ មានចម្ងាយឆ្ងាយពីកន្លែងចាក់សំឡេងនេះ។
អ្នកតាមដានព្រឹត្តិការណ៍ព្រំដែនខ្មែរ-ថៃ អំពាវដល់ឧត្តមស្នងការអន្តរជាតិទទួលបន្ទុកផ្នែកសិទ្ធិមនុស្ស ត្រូវចាត់វិធានការបន្ទាន់ ដើម្បីបញ្ឈប់ទង្វើរំលោភសិទ្ធិមនុស្សដ៏ធ្ងន់ធ្ងរនេះ៕
Fn