មុនជួបសមភាគីចិននៅសប្ដាហ៍ក្រោយ ប្រធានាធិបតីអាម៉េរិក ដូណាល់ ត្រាំ បង្ហាញទំនុកចិត្តថា ចិនមិនចង់ឈ្លានពានកោះតៃវ៉ាន់នោះទេ

មុនជួបសមភាគីចិននៅសប្ដាហ៍ក្រោយ ប្រធានាធិបតីអាម៉េរិក ដូណាល់ ត្រាំ បង្ហាញទំនុកចិត្តថា ចិនមិនចង់ឈ្លានពានកោះតៃវ៉ាន់នោះទេ។ ប៉ុន្តែលោកក៏មិនបញ្ជាក់ទេថា អាម៉េរិកនឹងលូកដៃអន្តរាគមន៍ឬអត់ទេ បើចិនវាយតៃវ៉ាន់នោះ។ ជំនួសទៅវិញ មេដឹកនាំចិនលើកឡើងពីឥទ្ធិពលរបស់យោធាអាម៉េរិកដែលមិនមានអ្នកណាប្រៀបបាន។

«ខ្ញុំគិតថា យើងមិនមានរឿងអីជាមួយចិនឡើយ។ ចិនមិនចង់ធ្វើបែបនោះទេ។» ប្រធានាធិបតីអាម៉េរិក ដូណាល់ ត្រាំ ប្រាប់អ្នកសារព័ត៌មានបែបនេះនៅថ្ងៃទី២០ ខែតុលា ដោយសំដៅលើលទ្ធភាពដែលចិនឈ្លានពានតៃវ៉ាន់នៅពេលខាងមុខ។

ចិន តែងចាត់ទុកតៃវ៉ាន់ជាទឹកដីមួយដែលត្រូវបង្រួបបង្រួមដាច់ខាត ទោះត្រូវប្រើកម្លាំងយោធាក៏ដោយ។ អាម៉េរិកវិញ តែងអនុវត្តគោលនយោបាយមិនច្បាស់លាស់ចំពោះបញ្ហាតៃវ៉ាន់ ដោយមិនដែលបានបញ្ជាក់ឲ្យច្បាស់ថា នឹងជួយតៃវ៉ាន់ឬបែបណាឡើយ។ ទោះជាយ៉ាងណា រដ្ឋាភិបាលអាម៉េរិក មានកាតព្វកិច្ចផ្ដល់ជំនួយឲ្យតៃវ៉ាន់ដើម្បីការពារខ្លួនក្រោមច្បាប់ទំនាក់ទំនងជាមួយតៃវ៉ាន់។

ជុំវិញរឿងជួយមិនជួយនេះ លោក ត្រាំ ក៏នៅតែមិនបង្ហាញជំហរច្បាស់ដដែល តែនិយាយថា ចិនដឹងពីសមត្ថភាពរបស់កងទ័ពអាម៉េរិកដែលខ្លាំងជាងគេលើលោក។

លោក ត្រាំ នឹងជួបប្រធានាធិបតីចិន ស៊ី ជិនភីង នៅកូរ៉េខាងត្បូងនៅសប្ដាហ៍ក្រោយ ដែលជាជំនួបលើកទី១ ក្នុងអាណត្តិទី២ របស់លោក។ បញ្ហាពាណិជ្ជកម្ម ជារបៀបវារៈសំខាន់ក្នុងជំនួបនេះ បន្ទាប់ពីកម្ដៅតានតឹងបន្តិចវិញដោយសារការហាមឃាត់រ៉ែកម្ររបស់ចិន និងការគំរាមដាក់ពន្ធរបស់អាម៉េរិក។

ប្រាប់អ្នកសារព័ត៌មាននៅសេតវិមាន លោក ត្រាំ និយាយថា បានទទួលការអញ្ជើញឲ្យទៅធ្វើទស្សនកិច្ចនៅចិនជាច្រើនលើក ហើយលោកនឹងទៅនៅឆ្នាំក្រោយ៕

ព័ត៌មានទាក់ទង