ខេត្ដចន្ទបុរី៖ នៅពេលដែលកម្ពុជា និងថៃរៀបចំកិច្ចប្រជុំគណៈកម្មការព្រំដែនចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) នៅខេត្តចន្ទបុរី ក្នុងសប្តាហ៍នេះ បាតុករថៃមួយក្រុមបានប្រមូលផ្តុំគ្នានៅក្បែរសណ្ឋាគាររៀបចំកិច្ចប្រជុំនោះ ដើម្បីប្រឆាំងនឹងការចរចានេះ ដោយទាមទារឱ្យថៃដកខ្លួនចេញពីអនុស្សរណៈនៃការយោគយល់គ្នា (MoUs) ឆ្នាំ ២០០០ និង ២០០១។
កាសែត The Nation Thailand បានរាយការណ៍ថា បណ្តាញនិស្សិត និងប្រជាជនដើម្បីកំណែទម្រង់ប្រទេសថៃ ដឹកនាំដោយលោក Pichit Chaimongkol បានប្រមូលផ្តុំគ្នានៅមុខ Maneechan Resort ក្នុងខេត្ដចន្ទបុរី ដើម្បីដាក់ញត្តិទៅអភិបាលខេត្ត។
សារព័ត៌មានថៃបាននិយាយថា៖ «ពួកគេបានអំពាវនាវឱ្យពន្យារពេលកិច្ចប្រជុំគណៈកម្មការព្រំដែនចម្រុះខណ្ឌសីមាព្រំដែនគោក កម្ពុជា-ថៃ (JBC) និងជំរុញឱ្យលុបចោលនូវអនុស្សរណៈនៃការយោគយល់គ្នាដែលបានចុះហត្ថលេខាក្នុងឆ្នាំ 2000 និង 2001»។
កិច្ចប្រជុំរយៈពេលពីរថ្ងៃដែលធ្វើឡើងចាប់ពីថ្ងៃទី ២១ ដល់ថ្ងៃទី ២២ ខែតុលា គឺជាសម័យប្រជុំ JBC លើកទីពីរក្នុងរយៈពេល ៤ ខែ។
កិច្ចប្រជុំលើកដំបូងដែលរៀបចំនៅរាជធានីភ្នំពេញក្នុងខែមិថុនា គឺជាកិច្ចប្រជុំលើកដំបូងក្នុងរយៈពេលជាងមួយទសវត្សរ៍ ហើយបានកើតឡើងចំពេលមានភាពតានតឹងព្រំដែនកាន់តែខ្លាំងឡើង ដែលក្រោយមកបានប៉ះទង្គិចគ្នាបង្ហូរឈាមរវាងកងទ័ពនៅតាមព្រំដែន។
ទោះបីជាមានការតវ៉ាក៏ដោយ ក៏កិច្ចប្រជុំ JBC បានដំណើរការទៅតាមការគ្រោងទុក ដោយគណៈប្រតិភូទាំងពីររំពឹងថានឹងពិនិត្យមើលវឌ្ឍនភាពលើការបោះបង្គោលព្រំដែន និងពិភាក្សាអំពីវិធានការតាមដានកិច្ចប្រជុំមុនៗ៕