ឥណ្ឌូនេស៊ី គ្រោងបង្កើតឲ្យមានផ្សាររាត្រីឥណ្ឌូនេស៊ីមួយ នៅលើផ្លូវថ្មើរជើងចតុមុខ ដែលអាចនឹងចាប់ផ្តើមរៀបចំ នៅថ្ងៃទី២២ ឬ ២៣ ខែវិច្ឆិកាខាងមុខ។ លោក សាន់តូ ជាម៉ូស៊ូម៉ាតូ (Santo Damosumarto) ឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ី ប្រចាំកម្ពុជា បញ្ជាក់នូវបំណងបង្កើតផ្សាររាត្រីនេះ នៅក្នុងជំនួបជាមួយលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ កាលពីថ្ងៃទី២១ ខែតុលា។ នេះបើតាមការចុះផ្សាយរបស់ក្រសួងព័ត៌មាន។
ក្រសួងព័ត៌មាន បានសម្តីរបស់លោក សាន់តូ ផ្សាររាត្រីឥណ្ឌូនេស៊ី ដែលបញ្ជាក់បន្ថែមអំពីការរៀបចំផ្សាររាត្រីនោះយ៉ាងដូច្នេះ៖«ជាគម្រោងរបស់ស្ថានទូតសាធារណរដ្ឋឥណ្ឌូនេស៊ី យើងនឹងអាចដាក់ឲ្យមានផ្សារ រាត្រីឥណ្ឌូនេស៊ីមួយ នៅផ្លូវថ្មើជើងចតុមុខ។ គម្រោងនេះ នឹងមានការតាំងបង្ហាញផលិតផល ការបង្ហាញវប្បធម៌ របាំប្រពៃណីនិងម្ហូបអាហាររបស់ឥណ្ឌូនេស៊ី »។ ឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ី រំពឹងថា វត្តមានផ្សាររាត្រីឥណ្ឌូនេស៊ី អាចបង្កើនភាពសិទ្ធស្នាលបន្ថែមដល់ពលរដ្ឋកម្ពុជា និងឥណ្ឌូនេស៊ី។
សម្រាប់ លោក សាន់តូ ជាម៉ូស៊ូម៉ាតូ រាជធានីភ្នំពេញជាមជ្ឈមណ្ឌលសេដ្ឋកិច្ច ពាណិជ្ជកម្ម ទេសចរណ៍ វប្បធម៌ ហើយអ្វីដែលស្ថានទូតឥណ្ឌូនេស៊ីចង់បាន គឺធ្វើវិនិយោគ សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហប្រតិបត្តិការជាមួយកម្ពុជា។ ប្រជាពលរដ្ឋឥណ្ឌូនេស៊ីនៅកម្ពុជា មានកំណើនកាន់តែកើនឡើង។ មកដល់ពេលនេះ នៅរាជធានីភ្នំពេញ មានភោជនីយដ្ឋានរបស់ឥណ្ឌូនេស៊ី រហូតទៅដល់៦កន្លែង ដែលជាក្តីសង្ឃឹមនៃកិច្ចសហប្រតិបត្តិការ លើវិស័យទេសចរណ៍ ដែលធ្វើឲ្យកម្ពុជាមានកិច្ចសហប្រតិបត្តិការកាន់តែល្អថែមទៀត នៅក្នុងតំបន់អាស៊ាន។
លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ឯកភាពចំពោះគម្រោងបង្កើតផ្សាររាត្រីឥណ្ឌូនេស៊ីនេះ ដោយឱ្យស្ថានទូតឥណ្ឌូនេស៊ី ជ្រើសរើសទីតាំងឲ្យបានច្បាស់លាស់ ដើម្បីឲ្យអាជ្ញាធរ ក៏ដូចជាកងកម្លាំង អាចការពារសន្តិសុខ ជូនឲ្យកាន់តែល្អប្រសើរថែមទៀត។
លោក ឃួង ស្រេង ជឿថា គម្រោងបង្កើតឲ្យមានផ្សាររាត្រីឥណ្ឌូនេស៊ីនេះ នឹងធ្វើឱ្យផ្លូវថ្មើរជើងចតុមុខ កាន់តែមានផលិតផលសម្បូរបែប ខណៈបច្ចុប្បន្ននៅផ្លូវ មានទីតាំងលក់សម្ភារៈប្រើប្រាស់ ចំណីអាហារចម្រុះជាតិសាសន៍ មានរបាំប្រពៃណី និងលក់វត្ថុអនុស្សាវរីយ៍ ដែលអាចឲ្យភ្ញៀវបរទេស មកដើរលេងកម្សាន្តបានយ៉ាងសប្បាយ៕