នៅថ្ងៃស្អែកនេះ នាយករដ្ឋមន្រ្តីថៃ នឹងធ្វើដំណើរទៅកាន់ប្រទេសម៉ាឡេស៊ី ដើម្បីចូលរួមពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពជាមួយកម្ពុជា
បាងកក៖ នាយករដ្ឋមន្រ្តីថៃ លោក Anutin Charnvirakul នាថ្ងៃសៅរ៍នេះ បាននិយាយថា រូបលោកនឹងធ្វើដំណើរទៅកាន់ប្រទេសម៉ាឡេសុី នាព្រឹកថ្ងៃអាទិត្យស្អែកនេះ ដើម្បីចូលរួមពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពជាមួយកម្ពុជា ដែលត្រូវបានគ្រោងធ្វើឡើង អំឡុងកិច្ចប្រជុំកំពូលអាស៊ាន នៅទីក្រុងគូឡាឡាំពួ។ នេះបើតាមការចេញផ្សាយដោយ សាព័ត៌មានថៃ Khaosod នាថ្ងៃសៅរ៍ ទី២៥ ខែតុលា ឆ្នាំ២០២៥។
លោក Anutin បាននិយាយថា លោកបានស្នើឱ្យពិធីចុះហត្ថលេខាធ្វើឡើង នៅវេលាព្រឹកថ្ងៃអាទិត្យ ដើម្បីអាចឱ្យលោកទៅចូលរួម រួចហើយវិលត្រឡប់មកកាន់ប្រទេសថៃវិញភ្លាមៗ ពោលគឺលោកនាយករដ្ឋមន្រ្តីថៃ មិនបាននៅចូលរួមកិច្ចប្រជុំកំពូលអាស៊ានទេ។
គួរបញ្ជាក់ថា ដំបូងឡើយ លោក Anutin គ្រោងធ្វើដំណើរទៅម៉ាឡេសុីនាថ្ងៃសៅរ៍នេះ ដើម្បីចូលរួមកិច្ចប្រជុំអាស៊ាន ប៉ុន្តែបានសម្រេចលុបចោលវិញ បន្ទាប់ពីមានដំណឹងនៃការយាងសោយទិវង្គតរបស់ព្រះមាតាព្រះមហាក្សត្រថៃ គឺព្រះមហាក្សត្រី សិរីគិត ជាហេតុនាំឱ្យមានការសង្ស័យថា រូបលោកអាចនឹងខកខានចូលរួមពិធីចុះហត្ថលេខាកិច្ចព្រមព្រៀងសន្តិភាពថៃ-កម្ពុជា ៕

