ក្រោយចុះពីយន្តហោះ ក្នុងដំណើរមកចូលរួមកិច្ចប្រជុំអាស៊ានលើកទី៤៧នៅទីក្រុងគូឡាឡាំពួ ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានអញ្ជើញនាយករដ្ឋមន្ត្រីម៉ាឡេស៊ី អាន់វ៉ា អ៊ីប្រាហ៊ីម ឲ្យចូលជិះរថយន្ត «The Beast» ជាមួយគ្នា ទាំងដែលដឹងហើយថា ជាការបំពានពិធីសារសន្តិសុខ។ នេះបើតាមការផ្សាយរបស់ PBS កាលពីថ្ងៃអាទិត្យទី២៦ខែតុលាឆ្នាំ២០២៥។
ពិធីសារសន្តិសុខស្តង់ដាររបស់សហរដ្ឋអាមេរិកតម្រូវឲ្យ ប្រធានាធិបតីមហាអំណាចអាមេរិកជិះរថយន្ត The Beast តែម្នាក់ឯងឬជាមួយសមាជិកគ្រួសារ/បុគ្គលិករបស់សេតវិមានប៉ុណ្ណោះ ដោយសារតែរថយន្តនេះត្រូវបានរៀបចំឡើងជាពិសេសសម្រាប់សុវត្ថិភាពខ្ពស់បំផុតរបស់ប្រមុខរដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន។
ជុំវិញរឿងនេះ លោក អាន់វ៉ា បានប្រាប់ទៅក្រុមអ្នកកាសែតថា ដំបូងលោកក៏បដិសេធទៅលោកត្រាំដែរដោយលើកឡើងពីពិធីសារសន្តិសុខ ប៉ុន្តែលោកត្រាំ នៅតែទទូចសុំ ដោយប្រាប់ថា លោកសុខចិត្តបំពាន។ លុះដល់ចុងក្រោយទើបលោកអាន់វ៉ា ទទួលការអញ្ជើញ ហើយប្រាប់ថា នោះគឺជាបទពិសោធន៍ដ៏សប្បាយរីករាយ។
នេះគឺជា ទង្វើការទូតដ៏កម្រមួយ ដែលលោកត្រាំ ធ្វើទាំងមិនខ្វល់អនុវត្តតាមពិធីសារសន្តិសុខ ដើម្បីបង្ហាញការគោរពនិងមិត្តភាពដល់នាយករដ្ឋមន្ត្រីម៉ាឡេស៊ី៕
កម្ពុជាថ្មី

