ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ សម្រេចយកពន្ធបដិការ ០% លើមុខទំនិញមួយចំនួនដែលនាំចូលពីកម្ពុជា ថៃ និងម៉ាឡេស៉ី
(ភ្នំពេញ)៖ ជាដំណឹងដ៏ល្អមួយសម្រាប់កម្ពុជា ដែលលោកប្រធានធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានអនុម័តក្នុងការយកពន្ធបដិការ សូនភាគរយ (០%) លើមុខទំនិញមួយចំនួនដែលនាំចូលពីកម្ពុជា ថៃ និងម៉ាឡេស៉ី។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានអន្តរជាតិធំៗមួយចំនួន ចុះផ្សាយនៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៥នេះ។
រដ្ឋមន្ត្រីពាណិជ្ជកម្មម៉ាឡេស៊ី លោក Tengku Zafrul Aziz បានគូសបញ្ជាក់ថា ការលើកលែងពន្ធនេះនឹងគ្របដណ្តប់លើគ្រឿងបរិក្ខារអវកាស ផលិតផលឱសថ និងទំនិញសំខាន់ៗដូចជា ប្រេងដូង កាកាវ និងកៅស៊ូ។
ជាមួយគ្នានេះ ប្រទេសឥណ្ឌូណេស៊ីក៏កំពុងចរចាដើម្បីទទួលបានការសម្រួលពន្ធស្រដៀងគ្នានេះដែរ។ លោក Airlangga Hartarto រដ្ឋមន្ត្រីសម្របសម្រួលកិច្ចការសេដ្ឋកិច្ចឥណ្ឌូណេស៊ី បានបញ្ជាក់ថា កិច្ចចរចាពាណិជ្ជកម្មបានចាប់ផ្តើមឡើងវិញហើយ បន្ទាប់ពីការផ្អាកដំណើរការដោយសារការបិទទ្វាររដ្ឋាភិបាលអាមេរិក។
គួរបញ្ជាក់ថា ការអនុគ្រោះពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិកនេះ គឺជាជំហានដ៏ធំមួយក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចជាមួយអាស៊ីអាគ្នេយ៍ ហើយត្រូវបានគេរំពឹងថានឹងលើកទឹកចិត្តឱ្យមានការធ្វើពិពិធកម្មពាណិជ្ជកម្មកាន់តែខ្លាំងនៅទូទាំងតំបន់៕

