អ្នកស្លាប់ និងបាត់ខ្លួនក្នុងទឹកជំនន់នៅវៀតណាម បន្តកើនឡើង ខណៈមនុស្សជាង ១០ម៉ឺនគ្រួសារ រងផលប៉ះពាល់

រដ្ឋាភិបាលទីក្រុងហាណូយ បាននិយាយនៅថ្ងៃសុក្រ (៣១ តុលា) នេះថា ចំនួនអ្នកស្លាប់ដោយសារទឹកជំនន់ដ៏ខ្លាំងក្លានៅភាគកណ្តាលប្រទេសវៀតណាម បានកើនឡើងដល់ ១៣នាក់ហើយ ហើយមនុស្ស ១១នាក់ផ្សេងទៀត បន្តបាត់ខ្លួននៅឡើយ ខណៈបង្កផលប៉ះពាល់ដល់អ្នកស្រុកជាង ១០ម៉ឺនគ្រួសារ។

ទឹកជំនន់ដែលបង្កឡើងដោយកម្រិតទឹកភ្លៀងធ្លាក់ខ្លាំងក្នុងកម្រិតមិនធ្លាប់មានពីមុនមក បានជន់លិចតំបន់ដ៏ធំនៃភាគកណ្តាលវៀតណាម ក្នុងប៉ុន្មានថ្ងៃកន្លងមកនេះ ដោយរួមទាំងអតីតរាជធានី Hue និងទីក្រុងបុរាណ Hoi An ដែលត្រូវចុះបញ្ជីក្នុងអង្គការយូណេស្កូ បានរងគ្រោះខ្លាំងជាងគេក្នុងទឹកជំនន់នេះ។

រូបដែលផ្សព្វផ្សាយលើប្រព័ន្ធផ្សព្វផ្សាយរដ្ឋ បានបង្ហាញឱ្យឃើញ ផ្នែកភាគច្រើននៃទីក្រុងទាំងពីរ នៅតែស្ថិតក្រោមការជន់លិច ដោយផ្ទះសម្បែងមួយចំនួនលិចដល់ដំបូលផ្ទះ។ ទីភ្នាក់ងារគ្រោះមហន្តរាយរបស់រដ្ឋាភិបាល បាននិយាយក្នុងរបាយការណ៍មួយថា ទឹកជំនន់ក៏ជន់លិចលំនៅឋានអ្នកស្រុកជាង ១១៦.០០០ខ្នង និងដំណាំ ៥ពាន់ហិកតា ព្រមទាំងផ្លូវថ្នល់ និងផ្លូវដែករងការខូចខាត ដោយកាត់ផ្តាច់ចរាចរណ៍ និងថាមពលអគ្គិសនីក្នុងតំបន់មួយចំនួន។

យោងតាមរបាយការណ៍បានឱ្យដឹងថា ភ្លៀងធ្លាក់ខ្លាំងត្រូវបានព្យាករថានឹងបន្តនៅភាគកណ្តាលវៀតណាម ជាមួយនឹងភ្លៀងធ្លាក់ជារៀងរាល់ថ្ងៃលើសពី ៥០០មីលីម៉ែត្រ ក្នុងតំបន់មួយចំនួន ចាប់ពីព្រឹកថ្ងៃសុក្រនេះ រហូតដល់ចុងថ្ងៃសៅរ៍ស្អែក៕

ព័ត៌មានទាក់ទង